ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ត្រូវការឈាមជាង ៧.៦ម៉ឺនប្លោក ក្នុងឆ្នាំ ២០១៧ នឹងកើនជាង ២០%ជារៀងរាល់ឆ្នាំ

ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានប្រកាសថា មជ្ឈមណ្ឌលជាតិបានកំណត់ផែនការរួចរាល់ហើយ ចាប់ពីឆ្នាំ ២០១៨នេះតទៅ ដែលកំណើនអត្រានៃសេចក្ដីត្រូវការឈាម នឹងមានចាប់ពីអត្រាប្រមាណ ២០ភាគរយជារៀងរាល់ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមាន ប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំបន្ដបន្ទាប់ខាងមុខតទៅ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នឹងដាក់ផែនការកំណត់បានថា អាត្រានៃកំណើនសេចក្តីត្រូវការឈាម គឺមានប្រមាណ ២០ភាគរយជារៀងរាល់ឆ្នាំ។

នៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ អ្នកជំងឺត្រូវការឈាម សម្រាប់សង្គ្រោះជីវិត គឺពី ១៥០ ដល់ ២០០ប្លោកជារៀងរាល់ថ្ងៃ ដោយមិនទាន់បញ្ចូលតម្រូវការនៅតាមមន្ទីរពេទ្យខេត្តផ្សេង។

លោកបន្តថា តម្រូវការឈាម អាចកើនឡើងក្នុងមួយឆ្នាំ ១.៥ម៉ឺនប្លោក ខណ:ដែលប្រជាពលរដ្ឋកម្ពុជា ១៥លាននាក់ មានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម តែ ១ភាគរយប៉ុណ្ណោះ។

ក្នុងឆ្នាំ ២០១៦នេះ ការប្រើប្រាស់ឈាមគ្រប់ប្រភេទ មានប្រមាណ ៦ម៉ឺន៥ពាន់ប្លោក ហើយគ្រាន់តែជាឆ្លើយតបទៅនឹងការព្យាបាលក្នុងករណីបន្ទាន់ៗ សំខាន់ៗ ហើយនាពេលអនាគត វិស័យសុខាភិបាល នឹងកាន់តែមានការរីកចម្រើន ឈាមទាំងអស់នេះ មិនទាន់គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទនៅឡើយទេ។

បច្ចុប្បន្ននេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមមានអំណោយឈាមដោយស្ម័គ្រចិត្ត នៅក្នុងរង្វង់ ៣០ភាគរយ ដូច្នេះបេសកកម្មដ៏សំខាន់របស់មជ្ឈមណ្ឌលជាតិ ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័នរដ្ឋ ឯកជន និងវិស័យនានាជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាបង្កើន ទំហំនៃអ្នកស្ម័គ្រចិត្តផ្ដល់ឈាមដោយស្ម័គ្រចិត្តបានកាន់តែច្រើនផងដែរ។

លោកវេជ្ជបណ្ឌិតបានលើកឡើងថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាមមានផែនការរបស់ខ្លួន ក្នុងការបង្កើនចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ដោយធ្វើកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយ:ក្លឹបនៃក្តីស្រឡាញ់ ដែលបានចូលរួមបង្កើតឱ្យមានព្រឹត្តិការណ៍ផ្សេងៗ សម្រាប់ចុះទៅទទួល អំណោយឈាមពេញមួយឆ្នាំ នៅតាមអង្គភាពនានា។

តម្រូវការឈាមនៅក្នុងឆ្នាំ ២០១៧ កន្លងមកនេះ គឺមាន ប្រមាណជាង ៧៦,០០០ប្លោក ដែលត្រូវការសម្រាប់ប្រើប្រាស់នៅទូទាំងប្រទេស ហើយក្នុងចំណោមឈាមទាំងអស់នេះ គឺមានការកើនឡើងច្រើនជាងឆ្នាំ ២០១៦ ប្រមាណ១៧ភាគរយ។

ក្នុងកាល:ទេស: ដែលកម្ពុជាមិនទាន់មានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមច្រើន មជ្ឈមណ្ឌលជាតិបានឆ្លើយតបទៅអ្វីដែលជាសេចក្តីត្រូវការឈាម របស់អ្នកជំងឺ ប៉ុន្តែបងប្អូនអ្នកជំងឺប្រមាណជា ៧០ភាគរយ ដែលត្រូវជួយបរិច្ចាគឈាម គ្រប់ពេលនៃសេចក្តីត្រូវការ។

សូមបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ ២០១៨នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានចុះប្រមូលប្លោកឈាមបានចំនួន ១៥លើក ពីតាមបណ្តាស្ថាប័ន អង្គភាពផ្សេងៗ ដោយជាមធ្យមចាប់ ពី ៥០ ទៅ ១០០ប្លោក៕

មតិយោបល់