Post News Media ព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុនចិនជ...

ក្រុមហ៊ុនចិនជាង ១០០ នឹងមកទស្សនកិច្ចស្វែងយល់ពី ឱកាសវិនិយោគនៅកម្ពុជា

កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណ:ប្រតិភូអញ្ជើញទៅត្រួតពិនិត្យសកម្មភាពការងារ របស់មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង ប្រទេសចិន។

ក្នុងពេលនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Gong Shaolin ប្រធានសហព័ន្ឋសមាគមឧស្សាហកម្មខេត្តក្វាងទុង និងសមាជិកឆ្នើមមួយចំនួន ហើយលោក Gong Shaolin ជម្រាប ឯកឧត្ដមរដ្ឋមន្ត្រីថា សមាជិករបស់សហព័ន្ធ មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យ E-Commerce វិស័យទេសចរណ៍ និងកសិកម្ម ជាពិសេសចង់នាំយកអង្ករកម្ពុជា ទៅដាក់លក់នៅក្នុងសណ្ឋាគារនានា នៅប្រទេសចិន។

លោក Gong Shaolin ក៏មានបំណងដឹកនាំគណ:ប្រតិភូវិនិយោគចិនប្រមាណ ១០០ក្រុមហ៊ុន មកទស្សនកិច្ចស្វែងយល់ពីការធ្វើធុរកិច្ចនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រជាខ្លាំង ដែលក្រុមហ៊ុនចិនមានបំណងវិនិយោគលើវិស័យ E-Commerce នៅកម្ពុជា ព្រោះថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងខិតខំជំរុញវិស័យនេះជាខ្លាំង។

ជាមួយគ្នានោះឯកឧត្តម បានជម្រាបភាគីចិនថា កម្ពុជាមានកសិផលជាច្រើន ដូចជា ផ្លែមៀន ស្វាយ ក្រូចឆ្មារ ស្វាយចន្ទី ដំឡូងមី ពោត កៅស៊ូ -ល- ដែលផលិតផលទាំងនេះ ត្រូវការទីផ្សារ និងរោងចក្រកែច្នៃ ដើម្បីនាំចូលមកប្រទេសចិន។

ក្រៅពីនេះ វិស័យទេសចរណ៍កម្ពុជា ក៏ពោរពេញទៅដោយសក្តានុពលផងដែរ ដោយក្នុងឆ្នាំ២០១៧ ភ្ញៀវទេសចរ បានមកកំសាន្តនៅកម្ពុជាសរុបចំនួនប្រមាណ ៦ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនប្រមាណ ១លាននាក់។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធសមាគមឧស្សាហកម្មខេត្តក្វាងទុង មកកាន់ប្រទេសកម្ពុជា ហើយនឹងជួយសម្របសម្រួលឲ្យប្រតិភូចិន បានជួបពិក្សាការងារជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។

គួរបញ្ជាក់ថា ខេត្តក្វាងទុង ជាខេត្តមួយស្ថិតនៅភាគខាងត្បូងប្រទេសចិន ជាតំបន់សេដ្ឋកិច្ចដ៏ធំ របស់ប្រទេសចិន ដែលទំហំពាណិជ្ជកម្មសរុប (នាំចេញ និងនាំចូល) របស់ខេត្តក្វាងទុង មានចំនួនប្រហាក់ ប្រហែល ១/៤ នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសចិន៕

Loading...