Post News Media ព័ត៌មានសេដ្ឋកិច្ច ចិន បង្ហាញបំណ...

ចិន បង្ហាញបំណងបើករោងចក្រផលិតស័ង្កសី និងផលិតផលលោហ: នៅកម្ពុជា

កាលពីពេលថ្មីៗនេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួប លោក Yang Xihui ប្រធានក្រុមហ៊ុន Yunnan Xiangyunfeilong Resources Recycling Co,Ltd ដើម្បីពិភាក្សាការងារ ពីគោលបំណងរបស់ប្រធានក្រុមហ៊ុន ចង់នាំចូលវត្ថុធាតុដើម ប្រភេទកំហាប់រ៉ែសំណ មកផលិត ជាស័ង្កសី និងរបស់ប្រើប្រាស់ជាលោហ:ផ្សេងៗ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្វាគមន៍ ដោយបានលើកឡើងពីគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួលការទាក់ទាញវិនិយោគពីក្រៅប្រទេស។

ចំពោះគម្រោងការនាំចូលប្រភេទកំហាប់រ៉ែសំណ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស្នើឲ្យលោក ប្រធានក្រុមហ៊ុន ធ្វើបញ្ជីបញ្ជាក់ឲ្យបានច្បាស់លាស់ពី សារធាតុទាំងឡាយនៅក្នុងកំហាប់រ៉ែទាំងនោះ តើវាជាប្រភេទសារធាតុ គីមីហាមឃាត់ រឺយ៉ាងណា? ហើយក្រោយពីចម្រាញ់ហើយ តើនៅសល់កាកសំណល់ ប្រភេទណា មានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពដែរឬទេ?

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានស្នើដល់លោកប្រធានក្រុមហ៊ុន ផ្តល់គំរូផលិតផល ក៏ដូចជាវត្ថុធាតុដើម ដែលក្រុមហ៊ុន បាននាំចូលពីក្រៅប្រទេស ដូចជាប្រទេសអូស្ត្រាលីជាដើម មកផលិតក្នុងខេត្ត យូណាន ប្រទេសចិន រយ:ពេល ២០ឆ្នាំមកនេះ។

ក្នុងនោះក្រសួង នឹងផ្តល់បញ្ជីជូនលោកប្រធានក្រុមហ៊ុន ទាក់ទង និងសារធាតុគីមីហាមឃាត់ នៅកម្ពុជាផងដែរ។

លោក Yang Xihui ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណ ហើយពេលត្រឡប់ទៅវិញ នឹងធ្វើបញ្ជីលំអិត និងលក្ខខ័ណ្ឌប្រកបនានា នៃសារធាតុរ៉ែ ជាវត្ថុធាតុដើម និងគំរូផលិតផលសម្រាប់ដាក់ជូនដល់មន្ត្រីជំនាញកម្ពុជា ពិនិត្យវាយតម្លៃ មុននឹងធ្វើការផលិត នៅកម្ពុជា៕

Loading...