ព័ត៌មានសេដ្ឋកិច្ច

គម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច នៅកម្ពុជា នឹងធ្វើឡើងក្នុងខេត្តចំនួន ១២

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ អង្គការហេហ្វឺអន្តរជាតិប្រចាំប្រទេសកម្ពុជា ដែលធ្វើការលើវិស័យកសិកម្មបាន បានជួយដល់កសិករចំនួន ១២ខេត្ត ដែលបានទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច អាចជួយឱ្យពួកគាត់ចាកផុតពីបន្ទាត់ ក្រីក្រ និងអំពើហិង្សាក្នុងជម្លោះសេដ្ឋកិច្ចគ្រួសារ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

ក្នុងពិធីសម្ពោធជាផ្លូវការនៃ «គម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច» លោកស្រី កែវ គៀង នាយិកាអង្គការហេហ្វឺអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដែលគាំទ្រដល់គម្រោងនេះ បានបញ្ជាក់ថា គម្រោងនេះ បានគាំទ្រដល់កសិករនៅក្នុង ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ និងកំពង់ស្ពឺ។

គម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច ដែលផ្តល់ថវិកាដោយអង្គការ ហេហ្វឺអន្តរជាតិនេះ មានទឹកប្រាក់ជាង ៤.៧លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍រយ:ពេល ៤២ខែ គិតចាប់ពីខែមករា ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារចំនួន ៣៥.០០០គ្រួសារ ប្រកបដោយនិរន្តរភាព និងភាពធន់ទ្រាំ តាមរយ:ការចិញ្ចឹមមាន់ ដាំបន្លែ និងខ្សែចង្វាក់ផលិតកម្មកសិកម្មផ្សេង ទៀត ដែលទ្រទ្រង់ដល់អាហារូបត្ថម្ភ និងកែលម្អបរិស្ថាន តាមរយ:ការអនុវត្តកសិកម្មវៃឆ្លាត។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា តម្រូវការសាច់សត្វ កម្ពុជាមាននិន្នាការកើនឡើងខ្ពស់ ស្របពេលប្រាក់ ចំណូលប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរអន្ដរជាតិ កើនឡើង តាមការប៉ាន់ប្រមាណ នៅកម្ពុជាមានតម្រូវការសាច់សត្វ ប្រមាណពី ២៩ ទៅ ៣០ម៉ឺនតោន នៅក្នុង១ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០៕

មតិយោបល់