Post News Media ព័ត៌មានសេដ្ឋកិច្ច ត្រឹមឆ្នាំ ២០...

ត្រឹមឆ្នាំ ២០១៧ សាធារណរដ្ឋកូរ៉េ បោះទុនវិនិយោគនៅកម្ពុជាជាង ៤.៧ពាន់លានដុល្លារ

គិតមកត្រឹមឆ្នាំ ២០១៧ កម្ពុជា​បាន​ស្វាគមន៍​គម្រោង​វិនិយោគ​របស់សាធារណរដ្ឋ​កូរ៉េចំនួន ២០៨គម្រោង ក្នុង​ទុនវិនិយោគ​​​សរុបប្រមាណ ៤.៧​ ពាន់​លាន​ដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា។

ជាការ​កត់​សម្គាល់​ គម្រោងវិនិយោគរបស់សាធារណរដ្ឋ​កូរ៉េ មានការកើនឡើងជាលំដាប់ ជាពិសេសនៅឆ្នាំ២០១៧ អ្នក​វិនិយោគ​សាធារណរដ្ឋ​កូរ៉េបានបោះ​ទុនវិនិយោគ​​​ដល់ទៅ ២០២​លានដុល្លារអាមេរិក ច្រើន​ជាងពេលណាៗ​ទាំង​អស់​ ក្នុងរយ:ពេល​ប្រាំឆ្នាំចុងក្រោយនេះ និងឈរនៅលំដាប់ទី ៥ ក្នុងចំណោមទុនវិនិយោគ​បរទេសមកកម្ពុជា ដែលទំហំវិនិយោគនេះ​ បានបង្ហាញអំពី​ភាពកាន់តែ​ជឿជាក់ទៅលើ​បរិយាកាសវិនិយោគ​នៅ​កម្ពុជា​ ពីសំណាក់​អ្នកវិនិយោគ​សាធារណរដ្ឋ​កូរ៉េ។

កាលពីពេលថ្មីៗនេះ ឯកឧត្ដម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ព្រមទាំង​ឯកឧត្ដម Yun Kang-hyeon អនុរដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋកូរ៉េទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បា​នដឹកនាំ​កិច្ច​ប្រជុំ​លើកទី ​២ នៃ​គណ:កម្មាធិការ​សេដ្ឋកិច្ច​ចម្រុះកម្ពុជា-កូរ៉េ ដោយមាន​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ និង​តំណាង​ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ភាគីកម្ពុជា និង​​ភាគីសាធារណរដ្ឋ​កូរ៉េ។

ក្នុងឱកាសកិច្ចប្រជុំលើកទី២នេះ ការពិភាក្សាបានផ្តោតលើការពិនិត្យរួមគ្នាលើ វឌ្ឍនភាពនៃការអនុវត្តការងារដែលភាគីទាំងពីរបានឯកភាពគ្នា នាកិច្ចប្រជុំលើកទី១កន្លងមក និងពិភាក្សាបន្ថែមលើប្រធានបទ សំខាន់ៗ រួមមាន៖ ១)​ ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ, ២)កិច្ច​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​កម្ពុជា-កូរ៉េ ក្នុង​ក្របខ័ណ្ឌនៃ​គោលនយោបាយ​ភាគខាងត្បូង​ថ្មី (New Southern Policy) ដែលត្រូវបាន​ប្រកាស​ដោយឯកឧត្តម​ប្រធានាធិបតី ម៉ូន ចេអ៊ីន (Moon Jae-in)កាល​ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​គោលបំណង​លើកកម្ពស់​ទំនាក់​ទំនងរវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ឱ្យកាន់​តែមានភាព​ជិតស្និទ​បន្ថែម​ទៀត, ៣) ពាណិជ្ជកម្ម និង​ វិនិយោគ, ៤) កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ៥) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពហុភាគី ក្នុង​ក្របខ័ណ្ឌ​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ/អាស៊ានបូក៣/កិច្ច​ប្រជុំកំពូល​អាស៊ីបូព៌ា, ៦) កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ, ៧) កិច្ចសហប្រតិបត្តិការស្តីពី e-government និង​ ៨) កិច្ចព្រមព្រៀងស្ដីពី​ការចៀសវាង​ការយក​ពន្ធ​ត្រួតគ្នា​។

​ជាមួយគ្នានេះផងដែរ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះការដាក់ចេញនូវគោលនយោបាយភាគខាងត្បូងថ្មីរបស់សាធារណរដ្ឋ​កូរ៉េ ហើយសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយថ្មីនេះនឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចក្នុងតំបន់ និងទ្វេភាគី ជាពិសេសការជំរុញ និងទាក់ទាញអ្នកវិនិយោគសាធារណរដ្ឋ​កូរ៉េកាន់តែច្រើនមកកម្ពុជា៕

Loading...