Post News Media ព័ត៌មានសេដ្ឋកិច្ច អគារមន្ទីរពិស...

អគារមន្ទីរពិសោធន៍ខ្នាតតូច សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅខេត្តស្វាយរៀង

ដើម្បីសម្រួលដល់ការវិភាគទំនិញម្ហូបអាហារ នៅតាមច្រកត្រួតពិនិត្យព្រំដែន និងទីផ្សារ សំដៅការពារសុខមាលភាពប្រជាជន និងផលប្រយោជន៍សេដ្ឋកិច្ច តាមរយ:កិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ អគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ខ្នាតតូចទី២ នៅសាខាកាំកុងត្រូលខេត្តស្វាយរៀង។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា មន្ទីរពិសោធន៍ខ្នាតតូចនេះ នឹងជួយពង្រឹងប្រសិទ្ធភាពការងារមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ក្នុងការត្រួតពិនិត្យទំនិញ ជាពិសេសធានាបានូវភាពអនុលោមតាមកម្មវិធីអភិក្រមគ្រប់គ្រងហានិភ័យ ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីកាំកុងត្រូលទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចឈានទៅបានលទ្ធផលការងារជាច្រើនដូចជា៖ ការរឹបអូសទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលចរាចរនៅលើទីផ្សារ ការទប់ស្កាត់ និងកម្ទេចទំនិញពុំមានភាពអនុលោមផ្នែកគុណភាព និងសុវត្ថិភាព នៅតាមច្រកនាំចេញ-នាំចូល។ល។

គួររំលឹកដែរថា តាមរយ:ការដាក់ឱ្យអនុវត្តន៍នូវថវិកាកម្មវិធី ដែលជាផ្នែកនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានកាំកុងត្រូល និងក្រសួងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលលើគម្រោងកសាងមន្ទីរពិសោធន៍ខ្នាតតូចចំនួនបី ក្នុងឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។

នៅក្នុងឆ្នាំ២០១៧ អគ្គនាយកដ្ឋានកាំកុងត្រូល បានកសាងបញ្ចប់អាគារបីថែមទៀត នៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ។

ចំណែកនៅក្នុងឆ្នាំ ២០១៨នេះ អគ្គនាយកដ្ឋាន នឹងបន្តកសាងអាគារចំនួនបីទៀត នៅកំពង់ផែអន្តរជាតិភ្នំពេញ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ (ច្រកប៉ុស្តិ៍បឹងត្រកួន)៕

Loading...