ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ស្នើឥណ្ឌា តភ្ជាប់ផ្លូវអាស៊ានពី ឥណ្ឌា ថៃ មីយ៉ាន់ម៉ា មកដល់កម្ពុជា និងឡាវ

កាលពីពេលថ្មីៗនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតឲ្យលោកជំទាវ Manika Jain  អគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាដែលទើបនឹងតែងតាំងថ្មី ទទួលជួបសម្ដែងការគួរសម ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា និងឥណ្ឌា។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើដល់ឥណ្ឌាដូចខាងក្រោម:

១. តភ្ជាប់ផ្លូវ Highway ឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា មកដល់កម្ពុជានិងឡាវ ដើម្បីតភ្ជាប់ ឥណ្ឌា ជាមួយកម្ពុជា។
២.បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម ឲ្យសមនឹងសក្ដានុពលរវាងប្រទេសទាំងពីរ និងជម្រុញឲ្យមានការវិនិយោគឲ្យកាន់តែច្រើនឡើងថែមទៀត រវាងកម្ពុជា-ឥណ្ឌា។
៣.ស្នើឲ្យមានការហោះហើរត្រង់ឥណ្ឌា-កម្ពុជា ដើម្បីជម្រុញឲ្យមានអ្នកទេសចរ កាន់តែច្រើនទស្សនាប្រទេសទាំងពីរ។
៤.ស្នើឲ្យមានការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ជាពិសេសយុវជនរវាងប្រទេសទាំងពីរ ឲ្យកាន់តែស្គាល់គ្នាបន្ថែមទៀត។

គួរជម្រាបថា កម្ពុជា និងឥណ្ឌា បានចុះហត្ថលេខារួចរាល់ហើយ លើគម្រោងហោះហើរត្រង់រវាងគ្នានេះ និងជម្រុញឲ្យចាប់ផ្តើមប្រតិបត្តិការជើងហោះហើរត្រង់ នៅឆ្នាំ ២០១៨នេះ ខណ:បច្ចុប្បន្នពុំទាន់មានក្រុមហ៊ុនណា ចាប់ផ្តើមប្រតិបត្តិការនៅឡើយទេ រង់ចាំការសិក្សាលើបច្ចេកទេសបន្ថែម។

ជើងហោះហើរនេះ នឹងប្រតិបត្តិការរវាង ក្រុងភ្នំពេញ/សៀមរាប នឹង NewDelhi/ទីក្រុងមួយចំនួនទៀតនៃប្រទេសឥណ្ឌា ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប អាចជាគោលដៅចម្បងមុនគេ ក្នុងការចាប់ផ្តើមប្រតិបត្តិការជើងហោះហើរនេះ ដោយសារភ្ញៀវទេសចរណ៍ឥណ្ឌាភាគច្រើន ចាប់អារម្មណ៍លើ ទេសចរណ៍អាពាហ៍ពិពាហ៍ សម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា។

តំបន់សៀមរាបអង្គរ ជាគោលដៅចម្បងសម្រាប់ទេសចរណ៍អាពាហ៍ពិពាហ៍​ ហើយភ្ញៀវទេសចរអាច តភ្ជាប់ទៅកាន់ខេត្តព្រះសីហនុ សម្រាប់រាត្រីក្រេបច័ន្ទទឹកឃ្មុំ។

ប្រទេសឥណ្ឌា ជាប្រទេសដ៏ធំមួយ មានប្រជាជនប្រមាណ ១៣០០លាននាក់ ដែលជាសក្តានុពលទេសចរណ៍ដ៏ធំមួយ ត្រូវបានព្យាករណ៍ថា នៅឆ្នាំ​ ២០២០ នឹងមានភ្ញៀវទេសចរឥណ្ឌាចេញក្រៅប្រមាណ ៥០លាននាក់៕

មតិយោបល់