ព័ត៌មានសេដ្ឋកិច្ច

គិតត្រឹមឆ្នាំ ២០១៧ ជប៉ុន ចូលមកបោះទុនវិនិយោគសរុបប្រមាណ ១.៦ពាន់លានដុល្លារ

គិតមកត្រឹមឆ្នាំ២០១៧ តាមរយ:ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណ:សម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៣០គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ ១.៦ពាន់លានដុល្លារអាមេរិក ក្នុងវិស័យ​មួយចំនួន រួមមាន ធនាគារ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ល។

ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ មានគម្រោងវិនិយោគជប៉ុនចំនួន ៩ ក្នុងទុនវិនិយោគសរុបប្រមាណ ៦៣​លានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងវិនិយោគចំនួន​ ៨ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមាន​ទុនវិនិយោគប្រមាណ ៥៩លានដុល្លារអាមេរិក។

បន្ថែមលើគម្រោង​​វិនិយោគ​ដែលមានបច្ចុប្បន្ន កម្ពុជា​រំពឹងថា​ នៅក្នុងឆ្នាំ២០១៨នេះ គម្រោង​វិនិយោគជប៉ុននឹង​កើនឡើងបន្ថែម​ទៀត ទន្ទឹមនឹង​ការ​បើកឱ្យ​ដំណើរការនូវ​ផ្សារទំនើបអ៊ីអន សាខាទី២។

កាលពីពេលថ្មីៗនេះ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូឈិ (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានធ្វើកិច្ចប្រជុំមួយពិភាក្សាផ្តោតលើបញ្ហា និងស្វែងយល់អំពីកិច្ចការមួយចំនួន ទាក់​ទងទៅនឹងបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា ហើយឯកឧត្តម ក៏​បាន​លើកទឹកចិត្តឱ្យអ្នកវិនិយោគជប៉ុនលើកឡើងពីក្ដីកង្វល់ និងសំណូមពរនានាពាក់​ព័ន្ធ​នឹង​កិច្ចការ​វិនិយោគ ដែល​អាចផ្តល់លទ្ធភាព​ឱ្យភាគីកម្ពុជាដោះស្រាយបញ្ហាទាំងនោះចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវេលាជូនអ្នកវិនិយោគ។

ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព​វិនិយោគរបស់​អ្នក​វិនិយោគជប៉ុនក្នុងវិស័យឧស្សាហកម្មកម្មន្តសាលមិនមែនវាយនភណ្ឌ ដូចជា ការផ្គុំដំឡើងសម្ភារ:បរិក្ខារអេឡិចត្រូនិក​និងអគ្គិសនី ការផលិតគ្រឿង​បន្លាស់រថយន្ត និងការផ្គុំដំឡើងមធ្យោបាយដឹកជញ្ជូនជាដើម ដែលបាននិងកំពុងដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការចូលរួមចំណែកគាំទ្រដល់ការពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្ម, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា, ការអភិវឌ្ឍធនធានមនុស្ស, និងជាពិសេសការចូលរួមអនុវត្តឱ្យសម្រេចបានតាមគោល​ដៅ​នៃគោល​នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥៕

មតិយោបល់