ព័ត៌មានសេដ្ឋកិច្ច

អាជីវករក្នុងឧស្សាហកម្មហាឡាល់ ប្រជែងគ្នាចង់បានស្លាកសញ្ញាហាឡាល់កម្ពុជា

ដោយមើលឃើញពីវិសាលភាពឧស្សសាហកម្មហាឡាល់កំពុងមានទីផ្សារ ក្រុមហ៊ុន សហគ្រាសអ្នកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ កំពុងប្រជែងគ្នាក្នុងការចង់បានស្លាកសញ្ញាហាឡាល់កម្ពុជា បានជួបជុំអ្នកជំនួញសហគ្រិនទីផ្សារហាឡាល់កម្ពុជាតំណាងក្រុមហ៊ុន ប្រមាណ ៩សហគ្រាស ហើយគណ:ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរៀបចំទទួលផ្ដល់បទបង្ហាញ និងគោលបំណងពីការវិនិយោគរបស់ឧស្សាហកម្មហាឡាល់កម្ពុជា ដើម្បីឈ្វេងយល់ពីគោលការណ៍រួមរបស់ហាឡាល់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក លាង ឡេង អគ្គនាយកសហគ្រាសលាងឡេង ដែលផលិតផ្គត់ផ្គង់ ទឹកស៊ីអីវ ទឹកត្រីដ៏ធំនៅកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានឧស្សាហកម្មស្ដង់ដារហាឡាល់ គឺជាចំណុចពិសេសចាំបាច់បំផុតដល់ សហគ្រាសរបស់លោក ក្នុងនាមជាអ្នកផលិតផ្គត់ ផ្គង់ផ្នែកគ្រឿងទេស ដែលជាអាហារចាំបាច់ដល់អតិថិជន ទាំងមិនមែនមុស្លិម និងមុស្លិម។

លោកបានបន្ដថា ឧស្សាហកម្មហាឡាល់ មានលក្ខណ:ពិសេស ហើយអាចចាត់ទុក ថាប្លែកបន្តិច សម្រាប់រូបលោក ប៉ុន្តែវាជារឿងដែលសំខាន់ ហើយមានសារប្រយោជន៍ដល់សុខភាពសាធារណ:ជាចម្បង ដែលការប្រើប្រាស់កាន់តែមានច្រើនឡើង ជាពិសេសវានឹងផ្តល់នូវ ទំនុកចិត្តទាំងអ្នកចែកចាយបន្ត និងអ្នកប្រើប្រាស់ជាដើម។

ឯកឧត្ដម សុះ កម្រ៉ី ប្រធានឯកទេសផលិតផលហាឡាល់កម្ពុជាបានបញ្ជាក់ថា ហាឡាល់ ជាគោលការណ៍ចម្បងគេបង្អស់របស់អ្នកកាន់សាសនាឥស្លាម ត្រូវតែអនុវត្តន៍ទាំងក្នុងអាហារូបត្ថម្ភ ក្នុងសង្គមគ្រួសារប្រើប្រាស់ និងសកម្មភាពផ្សេងៗ គឺទាមទារឱ្យអនុលោម តាមក្បួនធម៌វិន័យមួយ ដើម្បីសុខភាព សុវត្ថិភាព និងសុខសន្តិភាព ដើរទន្ទឹមគ្នា។

ឯកឧត្ដមបន្តថា អនាម័យម្ហូបអាហារ គឺពុំមែនតែស្តង់ដារហាឡាល់មួយទេដែលមាន អនាម័យល្អ គឺមានស្តង់ដារបញ្ជាក់គុណភាពម្ហូបអាហារ និងផលិតផលជាច្រើនលើសកលលោក ដែលសុទ្ធតែមានគោលការណ៍អនុវត្តន៍នូវលក្ខខណ្ឌអនាម័យស្រដៀងៗគ្នា។

ប៉ុន្តែដោយឡែក នៅក្នុងស្តង់ដារហាឡាល់ មានលក្ខណ:ពិសេសជាច្រើនផ្នែកផ្សេងទៀត ដែលស្តង់ដារផ្សេងៗ ភាគច្រើនអត់សូវកំណត់ជាលក្ខខណ្ឌដូចជាសារធាតុឈាម សារធាតុគ្រឿងស្រាវឹង និងសារធាតុសាច់ជ្រូកជាដើម ដែលសារធាតុនេះ គឺជាចំណុចសំខាន់ ហើយស្តង់ដារហាឡាល បានតម្រង់ជាគោលដៅសំខាន់ជាងគេ និងត្រួតពិនិត្យតាមលក្ខណ:វិទ្យាសាស្រ្ត ហាឡាល់ដ៏ត្រឹមត្រូវ អនុលោមតាមគោលការណ៍ឥស្លាម។

ជាចុងក្រោយ ឯកឧត្ដមក៏បានធ្វើការប្រកាសជាសារធារណ: ដល់បណ្តាក្រុមហ៊ុន សហគ្រាស អ្នកផលិត និងវេចខ្ចប់ ផលិតផលគ្រប់បែបយ៉ាង និងសត្តឃាតដ្ឋានទាំងអស់ ដែលមានបំណង ដើម្បីពង្រីកទីផ្សារ និងការចែកចាយ របស់ខ្លួនកាន់តែមានវិសាលភាព សូមអញ្ជើញរុះរាន់មក ដាក់ពាក្យស្នើសុំហាឡាល់ ដែលយើង មានលេខាធិការដ្ឋានហាឡាល់ នៅឯក្រសួងពាណិជ្ជកម្មនៅចាំទទួល និងផ្តល់ជូនពាក្យស្នើសុំ បន្ទាប់មកបញ្ជូនមកក្រុមឯកទេស ដើម្បីចុះអនុវត្តន៍ពិនិត្យជាក់ស្តែង៕

មតិយោបល់