ព័ត៌មានសេដ្ឋកិច្ច

ឆ្នាំ ២០១៧ កម្ពុជា នាំទំនិញតម្លៃជាង ៣ពាន់លានដុល្លារ ទៅកាន់ទីផ្សារអាមេរិក

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាដៃគូ​ពាណិជ្ជកម្ម​ទិញ​ទំនិញធំបំផុតទីពីររបស់កម្ពុជា បានបង្ហាញពីការកើនឡើង​គួរឱ្យ​កត់សម្គាល់​នៅ​ឆ្នាំ២០១៧ គឺប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានដកស្រង់ បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា ​បាននាំ​ចេញ​មុខទំនិញ​នានាទៅលក់នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ មានតម្លៃទឹកប្រាក់ ៣០៦៤លាន​ដុល្លារ​អាមេរិក​ បាន​កើនឡើង​ ៨.៨៨ភាគរយ ពីចំនួនទឹកប្រាក់ ២៨១៤លានដុល្លារអាមេរិក នៅឆ្នាំ២០១៦។

ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិក ភាគច្រើនជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង ព្រម​ទាំង​ប្រភេទ​ទំនិញកាបូប​យួរសម្រាប់អ្នកដំណើរជាដើម។

ដោយឡែកការនាំចូលមុខ​ទំនិញ​នានា​របស់​កម្ពុជា ពីសហរដ្ឋ​អាមេរិក​វិញមានតម្លៃទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាមេរិក បានកើនឡើង ១១ភាគរយ ពីចំនួនទឹកប្រាក់​ ៣៦០លានដុល្លារអាមេរិក។

ចំពោះមុខទំនិញ​សំខាន់ៗដែលកម្ពុជានាំចូលពី​សហរដ្ឋអាមេរិក​មាន​ដូចជា៖​ គ្រឿង​អេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យ។

សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​ធំបំផុត​​លំដាប់ទី ២ ​សម្រាប់កម្ពុជា​បន្ទាប់​ពីទីផ្សារ​សហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិក​បានស្រូប​យក​ក្នុងរង្វង់​ពី​ ២០​ ទៅ៣០​ភាគរយ នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។

កាលពីឆ្នាំ្ម​មុន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការអនុគ្រោះពាណិជ្ជកម្មពន្ធទាំងស្រុងដល់ប្រទេសកម្ពុជា សម្រាប់​ប្រភេទ​កាបូបយូរអ្នកដំណើរ ចូលទៅកាន់ទីផ្សាររបស់ខ្លួន ដែលនេះគឺជា​ផ្នែកមួយជំរុញឱ្យការនាំ​ចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក មានសន្ទុះកើនឡើង។

សម្រាប់ប្រទេសកម្ពុជា បើតាមការបញ្ជាក់​ពីមន្ត្រីជាន់ខ្ពស់អាមេរិក បាន​លើកឡើង​នាពេល​កន្លង​មកថា​ សហរដ្ឋអាមេ​រិក​មិនមានបំណងចាត់វិធានការណាថ្មីនោះទេ ពោលគឺរក្សា​ស្ថាន​ភាពទាក់​ទងពាណិជ្ជកម្ម​ដដែល​ ព្រោះទំហំពាណិជ្ជកម្ម ដែលកម្ពុជាបាននាំចូលមកសហរដ្ឋអាមេរិក មានទឹកប្រាក់តែពី ២-៣​ពាន់លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ៕

 

មតិយោបល់