ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ស្នើ កូរ៉េ កសាងស្ពានមិត្តភាពកូរ៉េ-កម្ពុជា

កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក Oh Nak Young ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ហើយក្នុងជំនួបនេះ សម្តេចតេជោ បានស្នើសុំប្រទេសកូរ៉េ ជួយកសាងស្ពានមិត្តភាពកូរ៉េ-កម្ពុជា នៅកម្ពុជា ព្រោះកន្លងមកគឺមានស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលបានកសាងរួចហើយ។

លោកអគ្គរដ្ឋទូតបានបញ្ជាក់ថា ពេលនេះរដ្ឋាភិបាលកូរ៉េកំពុងយកសំណើ សម្តេចតេជោ ទៅសិក្សាលើគម្រោងសាងសង់ស្ពានមិត្តភាព ដែលនឹងត្រូវសាងសង់ឲ្យបានល្អបំផុត។

លោក Oh Nak Young ក៏បានជម្រាបជូន សម្តេចតេជោ ផងដែរថា បេសកកម្មរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រីកនិងពង្រឹងទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីឲ្យកាន់តែល្អ និងដើម្បីជំរុញអ្នកវិនិយោគទុនកូរ៉េ ឲ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើង។

លោកក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៨ នេះ គឺរដ្ឋាភិបាលកូរ៉នឹងជំរុញឲ្យមានទំនាក់ទំនងរវាងប្រជាជនកូរ៉េ និងប្រជាជនកម្ពុជាឲ្យកាន់តែមានទំនាក់ទំនងល្អនឹងគ្នា រួមជាមួយទំនាក់ទំនងនិងសហប្រតិបត្តិការលើវិស័យវប្បធម៍ និងសន្តិភាពផងដែរ។

លោក Oh Nak Young ក៏បានជម្រាបជូន សម្តេចតេជោ បន្ថែមទៀត អំពីនយោបាយឆ្ពោះទៅកាន់ទិសខាងត្បូង របស់កូរ៉េនោះគឺសុទ្ធសឹងតែជាគោលនយោបាយដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងល្អជាមួយប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ ជាដើម ដែលត្រូវពង្រីកពីកម្រិតរដ្ឋមន្រ្តីការបរទេសឲ្យទៅជាកម្រិតរដ្ឋាភិបាល។

នៅចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើសួរសុខទុក្ខជូនដល់ លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង និងជូនពរឱ្យលោក Oh Nak Young បំពេញបេសកកម្មនៅកម្ពុជាទទួលបានជោគជ័យ ហើយសម្តេចតេជោក៏បានផ្តាំផ្ញើ សូមឲ្យលោកអគ្គរដ្ឋទូតថ្មីជួយផ្សព្វផ្សាយគៀងគរ និងជំរុញទេសចរណ៍ និងអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ឲ្យកាន់តែច្រើន៕

មតិយោបល់