Post News Media ព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុនចំនួ...

ក្រុមហ៊ុនចំនួន ៤ បោះទុនជិត ៦០លានដុល្លារ វិនិយោគក្នុងខេត្តកណ្តាល កំពង់ស្ពឺ កំពង់ធំ

យោងតាមគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងកាលពីម្សិលមិញនេះថា ក្រុមហ៊ុនចំនួន ៤ ទទួលបាន«វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជិត ៦០លានដុល្លារអាមេរិក វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តចំនួន ៣ រួមមានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនទាំង ៤ ដូចខាងក្រោម៖

១)«BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD.» គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម និងជីកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦៦កន្លែង។

២)«S.C FOOD PRODUCTS CO., LTD» គម្រោងបង្កើតរោងចក្រផលិតស្ករគ្រាប់ និងនំគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១៤កន្លែង។

៣)«WINCROWN (CAMBODIA) INDUSTRIAL CO., LTD.» គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧៥កន្លែង។

៤)«BAOFENG INTERNATIONAL AGRICULTURAL DEVELOPMENT CO., LTD.» គម្រោងបង្កើតរោងម៉ាស៊ីនកិនស្រូវ និងកែឆ្នៃអង្ករ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាសន្ទុក ឃុំកកោះ និងភូមិស្តុកស្តម្ភ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤៣.៣១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០៣កន្លែង។

គួរជម្រាបដែរថា ក្រុមហ៊ុនទាំង ៤ ខាងលើ អាចនឹងបង្កើតការងារប្រមាណជិត ៣៥០០កន្លែង៕

 

Loading...