ព័ត៌មានសេដ្ឋកិច្ច

វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បើកសម្ពោធជាផ្លូវការ

អគារវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ព្រមទាំងអគារបណ្ណាល័យ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជា ផ្លួវការក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តជាតិហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា អគារថ្មីនេះគឺជាសមិទ្ធផលដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រក្នុងបរិបទ ដែលកម្ពុជា បានបង្កើតជាលើកដំបូងនូវវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ចំណុះឱ្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមបានបន្ថែមថា ស្ថាប័ននេះគឺជាស្ថាប័នសំខាន់ក្នុងការតតាំងលើ សមរភូមិអន្តរជាតិដណ្តើមនូវភាពស្របច្បាប់ និងភាពថ្លៃថ្នូរសម្រាប់ប្រទេសជាតិដែលងើបពីសង្គ្រាម និងដណ្តើមនូវសេរីភាព និងភាពថ្លៃថ្នូរជូនដល់ប្រជាជនកម្ពុជា ដែលរស់រានមានជីវិតរួចផុតពីរបបប្រល័យពូជសាសន៍ ដោយជន្នះនូវការដាក់គំនាបសេដ្ឋកិច្ចការដាក់ឱ្យឯកោផ្នែកនយោបាយពី បណ្តាប្រទេសនានា។

ឯកឧត្តមបានបន្ដទៀតថា នេះគឺជាសមរភូមិការទូតដ៏សែនលំបាក សម្រាប់ស្ថាប័នមួយដែលបាត់បង់ស្ទើរតែទាំងស្រុងនូវ ធនធានមនុស្សបញ្ញវ័ន្ត និងឥស្សរជនដែលមានបទពិសោធន៍ផ្ទាល់ក្នុងវិស័យនេះ។

ទន្ទឹមនេះ ការបង្កើត និងចាប់ផ្តើមដំណើរការនៃវិទ្យាស្ថានជាតិការទូត និងទំនាក់ ទំនងអន្តរជាតិ វាប្រៀបបានដូចជា «សុបិនដែលក្លាយជាការពិត»។

ការបើកវិទ្យាស្ថាននេះ គឺមានអត្ថន័យជ្រាលជ្រៅ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងវិស័យការទូតកម្ពុជា ដើម្បីឈានទៅរកការកសាងស្ថាប័នមួយ ដែលមានលក្ខណ:វិជ្ជាជីវ:ខ្ពស់ និងមានលក្ខណ:ជាប្រព័ន្ធ។

ជាមួយគ្នានេះដែរ វិទ្យាស្ថាននឹងបណ្តុះបណ្តាលមន្ត្រីយើងនូវចំណេះដឹងទូទៅទូលំទូលាយ និងសមត្ថភាពពហុជំនាញទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ កុងស៊ុល ភាសាបរទេស និងការយល់ដឹងដ៏ច្បាស់លាស់អំពីភារកិច្ច និងបេសកកម្ម ជាក់លាក់ក្នុងនាមជាតំណាង កម្ពុជានៅក្រៅប្រទេស ក្នុងបរិបទនៃការប្រកួតប្រជែងការទូត សម័យទំនើបដោយឈរលើគោលការណ៍ ស្មើមុខ ស្មើសិទ្ធិនៅលើឆាកអន្តរជាតិ។

លើសពីនេះទៀត វិទ្យាស្ថានក៏មានតួនាទីរៀបចំផែនការបណ្តុះបណ្តាលអ្នកស្រាវជ្រាវ និងវិភាគយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការអនុវត្តទិសដៅនេះ និងជំរុញឱ្យ វិទ្យាស្ថានក្លាយជាស្ថាប័នស្រាវជ្រាវ និងវិភាគយុទ្ធសាស្ត្រនាំមុខគេនៅប្រទេសកម្ពុជាលើ វិស័យការទូតនិងទំនាក់ទំនងអន្តរជាតិផងដែរ។

ជាចុងក្រោយ ឯកឧត្តមបញ្ជាក់ថា ការចូលរួមចំណែក និងគាំទ្រនេះ នឹងពង្រឹងជួរអ្នកការទូតរបស់កម្ពុជាឱ្យ មានវិជ្ជាជីវ:ច្បាស់លាស់ពិតប្រាកដ និងបំពេញមុខងារជាតំណាងដ៏ស័ក្តិសម និងការពារផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋយើងលើឆាកអន្តរជាតិ ព្រមទាំងដើម្បីបំពេញឱ្យបាននូវ តួនាទីជាអ្នកការទូតពហុវិស័យ ឬអ្នកការទូតនៃសតវត្សរ៍ទី២១ ដោយផ្តល់សារ:សំខាន់ ដល់សកម្មភាពសេដ្ឋកិច្ច វប្បធម៌ និងទេសេចរណ៍ និងការបំពេញតួនាទីឱ្យកាន់តែ សំខាន់ឡើងនៅក្នុងបណ្តាវេទិកា ពហុភាគីក្នុងតំបន់ និងពិភពលោក៕

មតិយោបល់