ព័ត៌មានសេដ្ឋកិច្ច

បុណ្យទន្លេលើកទី៤ ប្រារព្ធឡើងក្រោមប្រធានបទទន្លេនៃសន្តិភាព មិត្តភាពនិងនិរន្តរភាពទេសចរណ៍

ពិធីបុណ្យទន្លេលើកទី៤ ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តកណ្ដាល ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាព ទេសចរណ៍» បន្ទាប់ពី ពិធីបុណ្យនេះត្រូវបានធ្វើឡើងជាលើកទី១ នៅឆ្នាំ២០១៥ នៅខេត្តក្រចេះ លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម និងលើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែងនោះ។

ទឹកទន្លេ ជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងបណ្ដុះបណ្ដាល និងពូនជ្រុំនូវអរិយធម៌ តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្ដោយទន្លេ បន្តពូជពង្ស និងរស់នៅដោយបណ្ដុំគ្នាពីជំនាន់មួយទៅជំនាន់មួយ។

ទន្លេអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅរ ហើយកាន់តែជាចំណងធម្មជាតិ នៃការជួយយកអាសារគ្នាទៀតផង។

ទន្លេ បានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍ រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នា ដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជា មនុស្សក្នុងគ្រួសារតែមួយ។

រាជរដ្ឋាភិបាលបានកំណត់ ប្រារព្ធពីធីបុណ្យទន្លេដែលនឹងក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នៃខេត្តជាប់ដង ទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាព សេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិត ផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា(River-Cruise) សហគមន៍ទេសចរណ៍តាមដងទន្លេ។

ជាមួយគ្នានេះដែរ ការប្រារព្ធពិធីបុណ្យទន្លេនឹងក្លាយ ជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែកក្នុងការផ្ដល់ចំណូល បង្កើនការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ ពលរដ្ឋក្នុងសហគមន៍។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកណ្ដាលជាសេនាធិការ បាននិងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ និងរៀបចំពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល រយ:ពេល ៣ថ្ងៃ បើតាមទីតាំងភូមិសាស្ត្រ ទីរួមខេត្តកណ្ដាលនេះ គឺនៅជិតរាជធានីភ្នំពេញ ដូច្នេះនឹងមានភ្ញៀវទេសចរចូលរួមកម្សាន្តប្រមាណ ១លាន៥សែននាក់។

គួរជម្រាបដែរ ខេត្តកណ្តាល មានរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ជាច្រើន ដែលសុទ្ធតែទាក់ទាញដូចជា រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ កៀនស្វាយ បាសិត ចម្ការស្នេហ៍ ស្អាងភ្នំជាដើម៕

មតិយោបល់