ព័ត៌មានសេដ្ឋកិច្ច

Grab និង អង្គការ UNDP ចាប់ដៃគូគ្នា ជួយកាត់បន្ថយការបំពុលបរិស្ថាន នៅកម្ពុជា

Grab ដែលជាក្រុមហ៊ុន ផ្តល់ជូនសេវាកម្មធ្វើដំណើរទៅតាមតម្រូវការ ​និងការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ឈានមុខគេនៅតំបន់អាស៊ីគ្នេយ៍ ហើយនិងអង្គការ UNDP បានប្រកាសនៅថ្ងៃនេះ នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ដែលមានគោលបំណង លើកកម្ពស់ស្តង់ដារ រស់នៅរបស់ប្រជាជនក្នុងទីក្រុង ដោយចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុល នៅក្នុងបរិយាកាស និងការកកស្ទះចរាចរណ៍តាមទីក្រុង។

ក្នុងការចុះហត្ថលេខាអនុស្សរណ:យោគយល់នេះ ដៃគូទាំងពីរ បានធ្វើការព្រមព្រៀង ដើម្បីសហការគ្នាលើចំណុចសំខាន់ៗ ដូចជា៖

១.កាត់បន្ថយការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាស ដោយការលើកកម្ពស់ និងប្រើប្រាស់នូវរថយន្តថ្មី ដែលដំណើរការដោយជីវឥន្ធន:

២.គាំទ្រដល់ ការអភិវឌ្ឍន៍សមត្ថភាព របស់ស្ថាប័ន ក្នុងការគ្រប់គ្រង ព្រមទាំងកាត់បន្ថយចំណាយ ទាក់ទងនឹងការធ្វើចរាចរ តាមរយ:ការប្រមូល និងវិភាគទិន្នន័យ និងស្ថិតិចរាចរណ៍

៣.គឺការអភិវឌ្ឍន៍ វិធានការដឹកជញ្ជូនតាមទីក្រុង ប្រកបដោយនិរន្តរភាព ដោយការសិក្សាស្រាវជ្រាវ និង ចែករំលែកចំណេះដឹង ហើយនឹង

៤.ពង្រឹងសុវត្ថិភាពចរាចរណ៍ និង ការការពារអាយុជីវិត តាមរយ:ការប្រើប្រាស់ ទិន្នន័យចរាចរណ៍ ។​

លោក Wee Tang Yee នាយកប្រចាំការនៅប្រទេសកម្ពុជារបស់ Grab បាន មានប្រសាសន៍ថា “បេសកកម្មរបស់ ក្រុមហ៊ុន Grab គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ តាមរយ:ការបង្កើតនូវបច្ចេកវិទ្យាថ្មីៗរបស់យើង” ។

“ក្នុងនាមជាក្រុមហ៊ុនមូលដ្ឋានក្នុងស្រុកមួយ យើងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍រយ:ពេលវែង ​របស់ប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ យើងព្យាយាមបន្តធ្វើការ ជាមួយដៃគូក្នុងស្រុក និងភាគីពាក់ព័ន្ធដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមាន​ នៅក្នុងស្រុក និងនៅទូទាំងអាស៊ាន។ យើងជឿជាក់ថាការចាប់ដៃគូជាមួយអង្គការ UNDP នឹងជួយ ពង្រីកមហិច្ឆតារបស់យើង ដើម្បីធ្វើឱ្យទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍ កាន់តែមានសោភ័ណភាពនិង គួរឲ្យរស់នៅជាងមុន តាមរយ:ការគ្រប់គ្រងចរាចរណ៍ដែលមានប្រសិទ្ធភាពជាងមុន»។

ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយ UNDP ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តថ្មីដែល ដំណើរការដោយជីវឥន្ធន: ក្រុមហ៊ុន Grab នឹងគាំទ្រ​ដល់អង្គការដែលពាក់ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា សម្រាប់ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ចំពោះបរិស្ថាន ព្រមទាំងចរាចរណ៍ដោយការប្រមូល និងវិភាគទិន្នន័យដែលទទួលបាន។

លោក Nick Beresford បាននិយាយថា “ការចាប់ដៃគូជាមួយក្រុមហ៊ុន Grab នេះ គឺជា ជំហានដ៏សំខាន់មួយសម្រាប់យើង ដើម្បីផ្ដល់នូវសេវាកម្មតាក់ស៊ី និង​ ទិន្នន័យដែលទទួលបានពីកម្មវិធី ដើម្បីដោះស្រាយបញ្ហា ការបំពុលបរិស្ថាន និង បញ្ហាចរាចរណ៍។ យើងមានក្តីរំភើប ចំពោះការចាប់ដៃគូនេះ ហើយសង្ឃឹមថាការធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Grab​ នេះ នឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាប្រកបដោយនិរន្តរភាព “។

ជាទូទៅសេវាកម្មតាក់ស៊ីរបស់ក្រុមហ៊ុន Grab បានជួយកាត់បន្ថយចំនួនរថយន្តប្រហែល ១៦០០០ គ្រឿង ដែលចរាចរលើដងផ្លូវ​នៅតាមបណ្តាទីក្រុងនានា ដែលត្រូវបាន ផ្ដល់សេវាកម្មទាំងនេះ ហើយបានជួយកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនប្រមាណ ៣.២លានគីឡូក្រាម នៅទូទាំងតំបន់ក្នុងកំឡុងឆ្នាំ ២០១២-២០១៦៕

មតិយោបល់