Post News Media ព័ត៌មានសេដ្ឋកិច្ច មនុស្សចាស់ នៅ...

មនុស្សចាស់ នៅកម្ពុជា នឹងកើនឡើង ២លាននាក់ នៅឆ្នាំ ២០៣០

ក្រសួងផែនការ បានធ្វើការប៉ាន់ស្មានថា ចំនួនមនុស្ស​ចាស់ក្នុង​ប្រទេសកម្ពុជា នឹងកើនឡើង​ស្ទើរតែទ្វេដង​ នៅឆ្នាំ ២០៣០ ​ប្រមាណ ​១.៩៩លាននាក់ ខណ:ប្រជាពលរដ្ឋសរុបកើនដល់ ១៨លាននាក់​។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

កាលពីឆ្នាំ ២០១៥ គឺមានមនុស្សចាស់ជាង ១.១១លាននាក់ ក្នុងចំណោមប្រជាជនសរុប ១៥.៣លាននាក់។

នេះ គឺជាសារមួយដ៏មាន​សារ:សំខាន់ ដែលតម្រូវឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់​ថ្នាក់ត្រូវគិតគូរយកចិត្ត​ទុក​ដាក់ អំពីយន្តការដើម្បីគាំពារ​ផ្តល់នូវភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្តជូន​ដល់ជនចាស់ជរា​ទាំងអស់​នោះ​ ចៀសវាង​ទុកពួកគាត់​ឱ្យនៅឯការ​តែម្នាក់ឯង​គ្មានទីស្នាក់អាស្រ័យ។

រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ ឯកសារគោលនយោបាយជាតិ​ស្តីពីមនុស្សចាស់​២០១៧-២០៣០​ ដែលជាឯកសារដ៏​មានសារ:សំខាន់ សំដៅ​ជួយកសាងសំណាញ់​សុវត្ថិភាពមួយ និងអភិវឌ្ឍន៍​នូវប្រព័ន្ធគាំពារ​សង្គមដល់​មនុស្សចាស់ នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា​ ប្រកបដោយសង្គតិ​ភាពទៅនឹង​ស្ថានភាព​វិវឌ្ឍន៍​នៃសង្គមជាតិ និងបំណងប្រាថ្នា​របស់ប្រជាពលរដ្ឋកម្ពុជា។

ការបង្កើត​នូវគោលនយោបាយ​ជាតិ ស្តីពីមនុស្សវ័យចាស់នេះ​ គឺជាកិច្ចខិតខំប្រឹងប្រែងបន្ថែម​សម្រាប់លើកកម្ពស់​គុណភាពជីវិត​របស់​មនុស្ស​ចាស់ ការយកចិត្តទុកដាក់ធានាសុខុមាលភាពមនុស្សចាស់​ក្នុងសង្គម ដើម្បីធ្វើឱ្យសង្គមខ្មែរ​ជាសង្គមប្រកប​ដោយ​បរិយាប័ន្ន។

ទន្ទឹមនឹងនេះ ក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានសមាគមមនុស្ស​ចាស់នៅ​តាមបណ្តា​សង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​រាជធានី​ភ្នំពេញ​ គឺសេនាធិការដ៏សំខាន់​ក្នុងការងារនេះ។

មន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញដៃគូអភិវឌ្ឍន៍ អង្គការសង្គម​ស៊ីវិល​ វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រីវ័យក្មេង ក៏ត្រូវយកចិត្តទុកដាក់​គាំពារ ថែរក្សា ផ្តល់​តម្លៃ​ទំនុក​បម្រុងនិងលើកទឹកចិត្តចំពោះមនុស្សចាស់ ​តាមគ្រប់មធ្យោបាយ ដើម្បីភាពសុខដុមរមនារ​វាងមនុស្ស​ចាស់ និងសង្គម មនុស្សក្មេង ក៏ដូចជារក្សាបាននូវប្រពៃណី​ដ៏ល្អផូរផង់របស់បុព្វបុរសយើង ដែលមាន​វប្បធម៌​នៃការគោរព ឱនលំទោនពីមនុស្សក្មេងទៅ​កាន់មនុស្សចាស់ និងចាត់ទុកមនុស្សចាស់ជាឧបការីជន​ ពីមួយ​ជំនាន់​ទៅមួយជំនាន់៕

Loading...