ព័ត៌មានសេដ្ឋកិច្ច

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបាន ៦២ពាន់លានរៀល ក្នុងត្រីមាសទី៤ ឆ្នាំ២០១៧

គិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៧កន្លងមកនេះ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលចំនួន ៦២ពាន់លានរៀល កើនឡើង ១៨ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញថា ចំណូលសរុបដែលកំពង់ផែក្រុងព្រះសីហនុទទួលបាន មានចំនួនប្រមាណ ៦២ពាន់លានរៀល ដោយក្នុងនោះប្រាក់ចំណេញសុទ្ធមាន ចំនួនសរុបប្រមាណ ១១ពាន់លានរៀល ដែលបានថយចុះបន្តិច បើធៀបនឹងឆ្នាំមុន។

ក្នុងរបាយការណ៍ដដែលបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ ២០១៧កន្លងមកនេះ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១សែនពាន់លានរៀល (១.២៨០.៥១០.០៣៨.០០០ រៀល) កើនឡើងប្រមាណ ១៨.២៤ភាគរយ និងមូលធនសរុប មានចំនួនជាង ៦៤សែនពាន់លានរៀល (៦៤៦.៦១០.៥៥៤.០០០ រៀល) កើនឡើងប្រមាណ ២០.៩៥ភាគរយ។

អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ បានឱ្យដឹងថា ការស្ទុះឡើងវិញ នៃការចរាចរណ៍ទំនិញ គឺដោយសារកំណើនចរាចរណ៍កុងតឺន័រនាំចូល និងនាំចេញនៅក្នុងអំឡុងពេលនេះ មានភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែរឹងមាំក្នុងកម្រិតព្យាករណ៍ ៧ភាគរយ ក្នុង ១ឆ្នាំ។

ឯកឧត្តមបានបន្ថែមថា ការបន្ថែមគ្រឿងម៉ាស៊ីនលើកដាក់កុងតឺន័រពីរបន្ថែមទៀត កាលពីដើមឆ្នាំនេះ ដែលបានបង្កើនសមត្ថភាពលើកដាក់ ទំនិញតាមកុងតឺន័រជិតពីរដង ក៏ជាមូលហេតុសំខាន់ចូលរួមដល់ កំណើនចរាចរទំនិញនៅឆ្នាំនេះផងដែរ ដែលកត្តានេះបានបង្កើនទំនុកចិត្តខ្លាំង សម្រាប់ក្រុមហ៊ុននាំចេញ និងក្រុមហ៊ុននាំចូល ។

យោងតាមលទ្ធផលនៅឆមាសទី១នេះ រំពឹងថា កំណើនទំនិញចរាចរកាត់កំពង់ផែ នឹងអាចកើនឡើង ពីរខ្ទង់ទៀតនៅឆ្នាំ ២០១៨នេះ ហើយការកើនឡើងនៃការចរាចរទំនិញឆ្លងកាត់ កំពង់ផែនេះ នឹងជួយបង្កើនប្រាក់ចំណេញកើនផងដែរ ដែលរំពឹងថា នឹងអាចចែកជាភាគលាភ ដល់ក្រុមវិនិយោគិនបានខ្ពស់ នៅក្នុងទីផ្សារមូលបត្រផងដែរ៕

មតិយោបល់