ព័ត៌មានសេដ្ឋកិច្ច

WB៖ ប្រព័ន្ធសាលារៀន ដំណើរការល្អចំនួន ៧ ស្ថិតនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ៊្វិក

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយ​ក្នុង​ថ្ងៃ​នេះ បានបង្ហាញថា ​ តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិកជាកន្លែងប្រមូលផ្តុំនូវ ប្រព័ន្ធអប់រំ​ចំនួន​ប្រាំពីរ ​ក្នុង​ចំណោមប្រព័ន្ធ​អប់​រំ​មាន​ដំណើរ​ការ​ខ្ពស់ចំនួនដប់ នៅទូទាំងពិភពលោក ដោយក្នុងនោះ​ប្រទេសចិន​ និងប្រទេសវៀតណាម បាន​បង្ហាញវឌ្ឍនភាព​ជា​ដុំកំភួន​ច្រើន ​​ក្នុងការ​បង្កើន​គុណភាព​បង្រៀននៅតាមសាលារៀននៅក្នុង​​ប្រទេសរៀងៗខ្លួន។

វឌ្ឍនភាពនេះ ​ជាសមិទ្ធផល​ធំធេង​មួយ​ ដែល​ផ្តល់​មេរៀនមានសារសំខាន់​ដល់​បណ្តាប្រទេសឯទៀត​ នៅ​ជុំវិញពិភពលោក។

យ៉ាងណាក៏ដោយ មួយ​ផ្នែក​ធំនៃតំបន់នេះនៅ​មាន​សិស្ស​រហូតដល់​ទៅ ​៦០​ភាគរយ ​ដែល​​កំពុង​រៀន​នៅ​តាមសាលាដែល​ដំណើរ​ការ​​ខ្វះគុណភាព ក្នុង​ការ​បំពាក់​ឱ្យ​ពួក​គេ​នូវ​ជំនាញ​ចាំបាច់​សម្រាប់​​ឈានទៅ​​សម្រេចជោគជ័យនា​អនាគត។

លោកស្រី វិចតូរៀ ក្វាក្វា អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ «ការ​ផ្តល់​ការអប់រំ​មានគុណភាពខ្ពស់​ដល់​កុមារ ទោះជាពួកគេកើតនៅ​ទីណាក៏ដោយ វាមិនមែន​គ្រាន់​តែជា​រឿង​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើនោះទេ។ វា​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋ​កិច្ច​រឹងមាំ ហើយ​វាជា​វិធី​ដ៏​ល្អបំផុត​សម្រាប់​បញ្ឈប់ ​និង​ទាញថយ​ក្រោយ​វិញ​នូវ ​វិសមភាព​ដែល​កំពុង​តែ​កើនឡើង»។ ​

មួយ​ភាគបួននៃ​កុមារគ្រប់អាយុចូលរៀន​នៅលើពិភពលោក – ចំនួន​ប្រហែល ៣៣១លាននាក់ – កំពុង​រស់​នៅ​ក្នុង​តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក។

នៅ​ក្នុង​ចំណោម​​មួយ​ភាគបួននេះ មាន​រហូត​ដល់​ទៅ​ជិត ​៤០​ភាគរយ ទៅ​រៀននៅក្នុង​ប្រព័ន្ធអប់រំ​ដែល​សិស្ស​ទទួល​បាន​ចំណេះ​ដឹង​​​ឈានមុខ​​ជាង​សិស្ស​ធម្មតា​​នៃ​ប្រព័ន្ធ​អប់​រំក្នុង​   បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​ដើម្បី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​ និង​ការ​អភិវឌ្ឍ (OECD) ទៅទៀត។

សាលារៀន​បែបនេះ​មិន​មែន​មាន​តែ​នៅ​ក្នុង​ប្រទេស​អ្នកមាន​ តួយ៉ាង​ប្រទេស​សិង្ហបុរី សាធារណរដ្ឋ​កូរ៉េ និង​ជប៉ុន នោះទេ ប៉ុន្តែក៏​មាននៅក្នុង​ប្រទេស​មាន​ចំណូល​មធ្យមដែរ ដូច​ជា​ប្រទេស​ចិន និងប្រទេស​វៀតណាម ជាដើម​។

ប៉ុន្តែ ​ប្រទេស​ជាច្រើននៅក្នុងតំបន់នេះមិនទទួលបានលទ្ធផលដែលគេប្រាថ្នាចង់បាននោះឡើយ។ ឧទាហរណ៍ នៅ​ប្រទេសឥណ្ឌូនេស៊ី ពិន្ទុធ្វើតេស្ត​បង្ហាញឱ្យឃើញថា សិស្សនៅក្នុងប្រទេសទាំងនោះរៀន​យឺត​ជាង​បី​ឆ្នាំ​​បើ​ប្រៀប​ទៅនឹង​​សិស្ស​ស្របាល​គ្នាដែល​រៀនចេះស្ទាត់ជំនាញ​​​នៅ​ក្នុង​ប្រទេស​ឯទៀត​ក្នុង​តំបន់​នេះ។ នៅ​ក្នុង​ប្រទេស ​តួយ៉ាង ​កម្ពុជា​ និង​​ទីម័រ ឡេស្តេ មួយ​ភាគបី ឬ​លើសនេះ​នៃ​សិស្ស​ថ្នាក់​ទី២ នៅ​តែ​មិន​អាច​អាន​ដាច់​សូម្បី​តែ​មួយ​ពាក្យ​ ​ក្នុង​ការ​ធ្វើ​តេស្ត​អំណាន។

ការ​រក​ឃើញ​ជាគន្លឹះ​មួយ​ទៀត​របស់​របាយ​ការណ៍នេះ​គឺ​នៅ​ត្រង់​ថា នៅ​ទូទាំង​តំបន់ ចំណូល​គ្រួសារ​មិន​បានកំណត់ថា​ ជា​កត្តា​កំណត់​ជោគជ័យនៃ​​ការសិក្សា​​អប់​រំ​របស់​កុមារ​ឡើយ។ ឧទាហរណ៍ នៅ​ប្រទេស​វៀតណាម ​និង​ប្រទេស​ចិន (នៅ​ទីក្រុង​ប៉េកាំង សៀងហៃ ខេត្តជៀងស៊ូ និងខេត្ត​​គ័ង​តុង) សិស្ស​មក​ពីគ្រួសារ​ក្រីក្រ ទោះ​ជា​មិន​ពូកែ​ជាងក៏ដោយ ក៏​​រៀន​ចេះ​បាន​ល្អក្នុង​មុខ​វិជ្ជា​​គណិតសាស្ត្រ ​និង​វិទ្យា​សាស្ត្រ ដូចគ្នា​និង​សិស្ស​អាយុ​ស្របាល​គ្នា​នៅ​ក្នុង​បណ្តាប្រទេស​សមាជិកនៃ​អង្គការ OECD ដែរ។

របាយ​ការណ៍នេះដាក់​ចេញ​នូវ​ជំហាន​ជាក់​ស្តែងមួយ​ចំនួន​​សម្រាប់​កែលម្អ​ការ​រៀន​នៅ​ក្នុង​ប្រព័ន្ធអប់​រំ​ដែល​កំពុង​មាន​ភាព​យឺត​យ៉ាវ នៅ​ក្នុង​តំបន់​និង​នៅ​ក្រៅ​តំបន់ ដោយ​ផ្តើម​ចេញ​ពី​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​បណ្តា​ស្ថាប័ន​ក្នុង​ប្រទេស​ដើរ​​ស្រប​គ្នា ដើម្បី​ឱ្យ​គោល​បំណង​​និង​ការ​ទទួល​ខុសត្រូវ​នៅ​ក្នុង​ប្រព័ន្ធអប់រំ​ មាន​សង្គតិភាព​ជាមួយ​គ្នា។

ក្រៅពី​នេះ របាយការណ៍​ក៏​បាន​ស្នើសុំ​ផង​ដែរ​សូម​ឱ្យ​មាន​ការ​ផ្តោត​ទៅលើ​វិស័យ​គន្លឹះ​ចំនួន​បួន គឺការ​ចំណាយ​សាធារណ:ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​សមធម៌ ការ​ត្រៀម​លក្ខណ:​សិស្ស​សម្រាប់​ការ​រៀន​សូត្រ ការ​ជ្រើសរើស​និង​ការ​ឧបត្ថម្ភគាំទ្រ​ដល់​គ្រូ និង​ការ​ប្រើ​ប្រាស់​ជា​លក្ខណ:​ប្រព័ន្ធ​នូវ​ការ​វាយ​តម្លៃ​​សម្រាប់​កែលម្អ​​ការ​បង្រៀន។

របាយការណ៍នេះរកឃើញថា ប្រព័ន្ធអប់រំ​ដែល​មាន​ដំណើរការ​ល្អ ​ចាយ​ថវិកា​ប្រកប​ដោយ​ប្រសិទ្ធ​ផល​ទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​សាលា​រៀន និង​ទៅលើ​គ្រូ មាន​នីតិវិធី​ជ្រើសរើស​បុគ្គលិក​សម្រាប់​ធ្វើ​យ៉ាង​ណា​ទាក់​ទាញ​ឱ្យ​បាន​បេក្ខ​ជន​ល្អបំផុត​យក​មក​បង្រៀន និង​មាន​​រចនា​សម្ព័ន្ធ​ប្រាក់​បៀវត្សរ៍​មួយ​ដែលផ្តល់​រង្វាន់​គ្រូ​បង្រៀន​ណា​ដែល​បំពេញ​កិច្ច​ការ​បាន​ល្អ​នៅ​ក្នុង​ថ្នាក់​រៀន។

លើស​ពីនេះ របាយការណ៍​រក​ឃើញដែរថា ប្រព័ន្ធសាលា​រៀននៅ​ទូទាំង​តំបន់​បាន​បង្កើន​​លទ្ធ​ភាព​ចូល​រៀន​កម្រិត​មត្តេយ្យ រួម​ទាំង​សម្រាប់​គ្រួសារ​ក្រីក្រ​ផង​ ហើយ​បានដាក់​បញ្ចូល​ការ​វាយ​តម្លៃ​ការ​រៀន​របស់​សិស្ស​ទៅ​ក្នុង​គោលនយោបាយ​អប់​រំ​របស់​គេ​ដែរ៕

មតិយោបល់