Post News Media ព័ត៌មានសេដ្ឋកិច្ច ក្រុមហ៊ុន VF ...

ក្រុមហ៊ុន VF របស់អាមេរិកសន្យា បង្កើនការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា

អ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន VF របស់អាមេរិក សន្យាបង្កើនការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជាបន្ថែមទៀត ខណ:ដែលកន្លងមកក្នុងមួយឆ្នាំៗ ក្រុមហ៊ុនយក្សមួយនេះបានបញ្ជាទិញក្នុងទំហំទឹកប្រាក់ពី ៣៥០ ទៅ៤០០លានដុល្លារអាមេរិក។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:បានមាន ប្រសាសន៍ថា ក្រុមហ៊ុនអាមេរិក វីអែស បានសន្យាបន្តទិញទំនិញពីកម្ពុជាដោយសារតែ ទំនិញកម្ពុជាមានគុណភាព និងគោរពលក្ខខណ្ឌការងារ បម្រើដល់កម្មករ និយោជិតដែលធ្វើការងារក្នុងវិស័យនេះ។

លោក Bradford Van Voorhees អ្នកគ្រប់គ្រងជាន់ខ្ពស់ ទទួលបន្ទុកផ្នែកប្រភពទំនិញជាសកល នៃសាជីវកម្មវីអែស បានសម្តែងនូវការកោតសរសើរ និង ពេញចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តន៍ ជាពិសេសការ ខិតខំបង្កឱ្យមានបរិយាកាសយ៉ាងល្អនៅក្នុងទំនាក់ទំនងវិជ្ជាជីវ: ការបន្តកែលម្អលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងការផ្តល់កិច្ចគាំពារទាំងសុខុមាលភាព សុខភាព និងសុវត្ថិភាព ដែលទាំងនេះស្របទៅនឹងគោលការណ៍ស្នូល នៃសាជីវកម្មវីអែស។

សូមបញ្ជាក់ថា ក្រុមហ៊ុន VF ជាសារជីវកម្មដ៏ធំមួយរបស់សហរដ្ឋអាមេរិក ដែលបានទិញទំនិញពី កម្ពុជាដោយមានដៃគូពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុននេះ មាន ២៨រោងចក្រជាអ្នកផ្គត់ផ្គង់ទំនិញ វាយនភណ្ឌនិងស្បែកជើងដែលផ្តល់ការងារដល់កម្មករ និយោជិតខ្មែរ ប្រមាណ ៥៥០០០នាក់ មានទំហំនៃតម្លៃនាំចេញប្រមាណពី ៣៥០លាន ទៅ ៤០០លានដុល្លារ ក្នុងមួយឆ្នាំ៕

Loading...