ព័ត៌មានសេដ្ឋកិច្ច

ទេសចរ ៧០០០នាក់ ទៅទស្សនាបាតុភូតព្រះអាទិត្យ រះចំកណ្តាលកំពូលប្រាង្គប្រាសាទអង្គរវត្ត

បើតាមកាលវេលាជាក់ស្ដែង នៅចន្លោះពីថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០១៨នេះ គឺមានបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (Equinox) កើតឡើងនៅចន្លោះរវាងពីម៉ោង ៥-៧ព្រឹក។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងទេសចរណ៍។

បើតាមការជូនដំណឹងរបស់ក្រសួងទេសចរណ៍ឱ្យភ្ញៀវទេសចរ នាំគ្នាចូលរួមទស្សនា បាតុភូត ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះ គឺមានក្នុងរយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៥ ដល់ម៉ោង៧ព្រឹក។

ប៉ុន្តែសម្រាប់ ថ្ងៃទី២០ និង២១ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនបានឃើញព្រះអាទិត្យរះ ល្អនោះទេដោយសារអាកាសធាតុមានភ្លៀងធ្លាក់។ ប៉ុន្តែសម្រាប់ថ្ងៃទី២២ ខែមីនានេះ ទាំងប្រជាពលរដ្ឋ ខ្មែរ និងភ្ញៀវទេសចរអន្តរជាតិ បានទស្សនាថ្ងៃរះចំពីលើកំពូល កណ្តាលប្រាសាទអង្គរវត្តបានយ៉ាង ស្រស់ស្អាត។ ទន្ទឹមនេះ ការមកទស្សនាព្រះអាទិត្យរះ ចំពីលើកំពូលប្រាសាទ អង្គរវត្តនេះ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំផងដែរ។

សូមបញ្ជាក់ថា ព្រះអាទិត្យរះចំពីលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្តជា ព្រឹត្តិការណ៍ ដែលតែងកើតមាន ឡើងជាទៀងទាត់ក្នុងមួយឆ្នាំពីរដងនៅពេលដែលយប់ និងថ្ងៃមានរយ: ពេលស្មើគ្នាគឺនៅថ្ងៃទី២០-២២ ខែមីនា និងថ្ងៃទី២១-២២ ឬ២៣ខែកញ្ញា។

កន្លងមករៀងរាល់ ពេលនៃព្រឹត្តិការណ៍នេះភ្ញៀវទេសចរជាច្រើន តែងតែរូតរះក្រោកពីព្រលឹមធ្វើដំណើរ មកប្រាសាទអង្គរវត្ត ដើម្បីត្រៀមមើលទិដ្ឋភាពថ្ងៃរះដំបូងដ៏អស្ចារ្យ ដែលចំប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ដែលជាទិដ្ឋភាពដ៏កម្រនឹង ជួបប្រទះប្រចាំឆ្នាំ៕

មតិយោបល់