Post News Media ព័ត៌មានសេដ្ឋកិច្ច ថៃ ចាប់អារម្ម...

ថៃ ចាប់អារម្មណ៍ វិស័យពាណិជ្ជកម្ម នៅខេត្តព្រះសីហនុ និងកំពត

កាលពីម្សិលមិញនេះ គណ:ប្រតិភូថៃដឹកនាំដោយលោក Seksan Ruangwohan នាយកប្រតិបត្តិ ផ្នែកវិនិយោគប្រព័ន្ធសេដ្ឋកិច្វប្រទេសថៃ ចូលជួបពិភាក្សាការងារ ស្តីពីពាណិជ្ជកម្ម ជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងសិក្សាអំពីសក្តានុពល នៃការធ្វើពាណិជ្ជកម្ម និងការស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគទុននៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងខេត្តកំពត។

លោក Seksan Ruangwohan បានបន្តថា គណ:ប្រតិភូថៃមកទស្សនកិច្ចខេត្តព្រះសីហនុមាន ២ផ្នែកគឺ៖ ក្រុម CDC ប្រទេសថៃ និងសភាធុរកិច្ចថៃ-កម្ពុជា ដែលមានក្រុមហ៊ុនចំនួន ៣០ ក្នុងគោលបំណងសិក្សា ឈ្វេងយល់ពីសក្តានុពលវិនិយោគ នៅខេត្តព្រះសីហនុ ហើយក្រុមហ៊ុនថៃ ចង់មកធ្វើការវិនិយោគ ផ្នែកចំណីសត្វ និងការចិញ្ចឹមសត្វនៅខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ គណ:ប្រតិភូថៃ ដែលបានមកទស្សនកិច្ចឈ្វេងយល់ការវិនិយោគ នៅខេត្តព្រះសីហនុ ដែលខេត្តជាបំពង់កសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មានកំពង់ផែទឹកជ្រៅ ដែលមានទំនិញ នាំចេញនាំចូលនិងមានកុងតឺន័រឆ្លងកាត់ ៧២ភាគរយ។

ឯកឧត្តម យន្ត មីន បន្តថា ខេត្តព្រះសីហនុ មានសក្តានុពលតំបន់ឆ្នេរ ម្យ៉ាងទៀត ឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរស្អាតនៅឆ្នាំ២០១១ ដោយមានកោះចំនួន ៣២ ជាប្រភពធនធានធម្មជាតិ ដ៏សម្បូរបែប នាំមកនូវទេសចរប្រមាណ ២លាននាក់នៅឆ្នាំ២០១៧ ពិសេសការវិនិយោគនៅខេត្ត ព្រះសីហនុមានការអភិវឌ្ឍ ល្បឿនលឿន។

ខេត្តព្រះសីហនុ មានកោះរ៉ុង និងប្រជុំកោះ​ជាច្រើន​ទៀត និង​មានផ្កាថ្មស្អាត ​អាស្រ័យដោយ​ខេត្តមានធនធាន​ធម្មជាតិ ក្លាយជាគោលដៅ​វិនិយោគ និងទេសចរយ៉ាង​សំខាន់ មានកំពង់ផែទឹកជ្រៅ ​ដែលមានកុងតឺន័រឆ្លង​កាត់ប្រមាណ ៧២ភាគរយ ខេត្តព្រះសីហនុមាន​សន្តិសុខ​ ​សុវត្ថិភាពល្អ សម្រាប់អ្នកវិនិយោគ និងទេសចរ៕

Loading...