ព័ត៌មានសេដ្ឋកិច្ច

ប្រធាន ADB៖ ការធានានូវវិបុលភាព នាពេលអនាគត នៃមហាអនុតំបន់ទន្លេមេគង្គ

ប្រទេស​ក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានសម្រេច​នូវ​វឌ្ឍនភាព​គួរ​ឱ្យភ្ញាក់ផ្អើល​ក្នុង​មួយរយ:ពេលភាគបួនទសវត្សរ៍កន្លងមកនេះ។

កម្មវិធី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ ដែលជាផ្នែកមួយ​នៃ​កម្មវិធី​មហាអនុតំបន់ទន្លេមេគង្គ បានរួមចំណែកយ៉ាងច្រើន ដល់ការផ្លាស់ប្ដូរ​នេះ។

ចាប់តាំងពីត្រូវ​បានបង្កើតឡើង​ក្នុងឆ្នាំ ១៩៩២ ក្នុងនាមជា​មធ្យោបាយ​ ដើម្បីជួយលើកកម្ពស់ទំនាក់ទំនង​សេដ្ឋកិច្ច និង​លើកកម្ពស់កិច្ច​សហប្រតិបត្តិការថ្នាក់​តំបន់ រវាងប្រទេស​ជាសមាជិក​ទាំង​ប្រាំមួយ គឺ​កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម កម្មវិធីនេះ​បានបង្កើតនូវ​វេទិកាមួយ សម្រាប់​ជំរុញលើកកម្ពស់​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយបានកៀរគរ​ថវិកា​ជិត ២១ ពាន់លានដុល្លារ សម្រាប់​គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវ​បាន​ចាត់ទុកជាអាទិភាព​ខ្ពស់។

ការវិនិយោគ​ដោយផ្ទាល់ពីបរទេស មក​ក្នុង​អនុតំបន់នេះ​បានកើនឡើង ១០ដង ហើយពាណិជ្ជកម្ម​រវាង​ប្រទេស​នានា​ក្នុងតំបន់នេះ បាន​កើនឡើង​ពី ៥ពាន់លានដុល្លាររហូត​ដល់ជាង​ ៤១៤ពាន់លានដុល្លារ។

​ប្រទេស​ GMS ក៏​ស្ថិត​នៅចំ​ផ្លូវប្រសព្វគ្នា រវាង​អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ផងដែរ មានន័យថា ប្រទេស​ទាំងនេះ​អាចទទួល​បានប្រយោជន៍ពី​កំណើន ដែលកំពុង​មានសន្ទុះកើនឡើង​ខ្លាំងនៅអាស៊ីខាងត្បូង។

​​ភាព​ប្រកួតប្រជែង​នៃអនុតំបន់នេះ កំពុងមានសន្ទុះកើន​ឡើង​ តាមរយ:ការបន្ត​ខិតខំប្រឹងប្រែង​សម្រួល​លំហូរការដឹកជញ្ជូន​ និងលំហូរពាណិជ្ជកម្ម​ ការបង្កើនការនាំចេញកសិផល និងការ​លើកកម្ពស់​មហាអនុតំបន់ទន្លេមេគង្គឱ្យ​ក្លាយជា​ទិសដៅទេសចរណ៍តែមួយ បន្ទាប់ពី​អនុតំបន់នេះបានទទួល​ចំនួនភ្ញៀវ​ទេសចរណ៍​ ៦០ លាននាក់ក្នុងឆ្នាំ ២០១៦ ជាចំនួនដែលមិនធ្លាប់​មានកន្លងមក។

សម្លឹងទៅមុខ អាទិភាព​សំខាន់ គឺត្រូវ​បន្តកាត់​បន្ថយការិយាធិបតេយ្យ និងលុបបំបាត់ឧបសគ្គ​សេសសល់ ដែល​ធ្វើ​ឱ្យរាំងស្ទះដល់ការដឹកជញ្ជូន​ និងការធ្វើពាណិជ្ជកម្ម។

ប្រទេស GMS បានកំណត់នូវ​គម្រោង​ថ្មី ចំនួន ២២៧ គម្រោង ដែលមានតម្លៃ ៦៦ ពាន់លានដុល្លារ ក្រោមក្របខ័ណ្ឌវិនិយោគ​ថ្នាក់តំបន់ GMS ២០១៨-២០២២។ គម្រោងទាំងនេះនឹង​ពង្រីកវិបុលភាព​សេដ្ឋកិច្ចបន្ថែមទៀត តាមរយ:ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ និង​ថាមពលឆ្លងដែន។

ក្នុងនាមជាលេខា​ធិការដ្ឋាននៃកម្មវិធីនេះ ចាប់តាំងពី​ពេលដែល​កម្មវិធីនេះ​ត្រូវ​បានបង្កើត​ដំបូង​មក ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្ដល់​ថវិកា ៧ ពាន់លានដុល្លារ ក្នុងរយ:ពេល ៥ ឆ្នាំបន្ទាប់ទៀត សម្រាប់គម្រោងជា​ច្រើន ​​ដែលគាំទ្រដល់ការដឹកជញ្ជូន ទេសចរណ៍ ថាមពល ការកាត់បន្ថយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សង្វាក់​តម្លៃ កសិ-ពាណិជ្ជកម្ម និងការ​អភិវឌ្ឍទីក្រុង។ ថវិកានេះ ជា​ថវិកាបន្ថែមពីលើ​ថវិកា ៨ ពាន់លានដុល្លារ ដែល ADB ផ្ដល់ជាហិរញ្ញប្បទាន​កន្លងមកសម្រាប់កម្មវិធីនេះ។

GMS នឹងទទួលបានប្រយោជន៍​ពីការពង្រឹងភាព​ជាដៃគូ​ជាមួយនឹងវេទិកា​សហប្រតិបត្តិការ​ថ្នាក់តំបន់ និង​ថ្នាក់សកលដទៃទៀត ដែលនឹងនាំមកនូវ​កាលានុវត្តភាព​ថ្មីៗ សម្រាប់​ការអភិវឌ្ឍនាពេល​អនាគត។

ភាពជាដៃគូជាមួយវិស័យឯកជន ក៏​រឹតតែមានសារ:សំខាន់ថែមទៀត ហើយយើងទាំងអស់គ្នា​រីករាយ ដែល​សង្កេតឃើញថា ភាពជាដៃគូនេះ ត្រូវ​បានពង្រឹងបន្ថែមតាមរយ:ក្រុម​ប្រឹក្សា​ធុរកិច្ច GMS គំនិត​ផ្ដួចផ្ដើមធុរកិច្ចមេគង្គ និង​វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) វេទិកា​ទេសចរណ៍​ និងកសិកម្ម GMS និង​សន្និសីទ​វិស័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានពាណិជ្ជកម្ម ដែល​ទើបត្រូវ​បាន​រៀបចំឡើងកាល​ពីពេលថ្មីៗនេះ៕

មតិយោបល់