ព័ត៌មានសេដ្ឋកិច្ច

ADB ផ្តល់ថវិកា ៧ពាន់លានដុល្លារ គំាទ្រកម្មវិធី GMS ចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២

ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao បានសម្ដែង​នូវការអបអរ​សាទរ​ចំពោះ​ប្រទេស​ជា​សមាជិក​ទាំង​ប្រាំមួយ ក្នុងកិច្ចប្រជុំកំពូល​នៃ​មហាអនុតំបន់ទន្លេមេគង្គ ក្នុង​ឱកាស​ខួប​ ២៥ ឆ្នាំនៃ​កិច្ច​សហប្រតិបត្តិការ​ថ្នាក់តំបន់ប្រកបដោយជោគជ័យ។

លោកបានគូសបញ្ជាក់សាជាថ្មីពីការ​បន្ត​ផ្ដល់ការគាំទ្រ​​របស់​ ADB ដល់កម្មវិធីនេះ ក្នុង​ថវិកា ៧ពាន់លានដុល្លារ ក្នុង​រយ:ពេល ៥ឆ្នាំទៀត    ដើម្បី​ជួយ​​ឱ្យ​អនុតំបន់នេះ​សម្រេច​នូវ​កំណើនបរិយាបន្ន និង​ការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋប្រជាមានិតចិន លោក Thongloun Sisoulith នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ លោក U Henry Van Thio អនុប្រធានាធិបតីមីយ៉ាន់ម៉ា និង​លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ។​

ក្នុងសុន្ទរកថា​ទៅកាន់​កិច្ចប្រជុំកំពូលនៃមហាអនុតំបន់​ទន្លេមេគង្គ និងកិច្ចប្រជុំ​កំពូលធុរកិច្ច​នៅ​មហាអនុតំបន់​ទន្លេមេគង្គ លោក​ Nakao បានមានប្រសាសន៍ថា «បច្ចុប្បន្ននេះ ​ប្រទេសក្នុង​មហាអនុតំបន់ទន្លេមេគង្គ គឺជា​ប្រទេស​ដែលមានសេដ្ឋកិច្ចរីកចម្រើន​ឆាប់​រហ័សជាងគេនៅអាស៊ី និងក្នុងពិភពលោក»។

ADB នឹងបន្ត​សម្របសម្រួល​កម្មវិធី GMS នេះ​ ឈរលើមូលដ្ឋាន​នៃ​ការជឿទុក​ចិត្តគ្នាទៅវិញ​ទៅមក និង​ អក្សរ C បី ដែលតំណាង​ឱ្យ​ការតភ្ជាប់​ទំនាក់ទំនង (connectivity) ភាពប្រកួត​ប្រជែង​ ​(competitiveness) និងសហគមន៍ (community)។

កម្មវិធី GMS បាន​គាំទ្រដល់គម្រោង​ជាច្រើន​ ដែលមានតម្លៃ​ស្មើនឹង ២១ពាន់លានដុល្លារ ចាប់តាំង​ពី​កម្មវិធីនេះ ត្រូវ​បានបង្កើតឡើង​ក្នុងឆ្នាំ ១៩៩២ មក ក្នុងវិស័យផ្សេងៗ ដូចជា​ គមនាគមន៍ ទេសចរណ៍ សុខាភិបាល ការអភិវឌ្ឍទីក្រុង បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ​និងថាមពល។

ផ្អែកទៅតាមផែនការសកម្មភាព​ទីក្រុងហាណូយ និងក្របខ័ណ្ឌវិនិយោគថ្នាក់​តំបន់ ដែលត្រូវ​បាន​អនុម័ត​ក្នុងកិច្ចប្រជុំ​កំពូល​ GMS នៅថ្ងៃនេះ កម្មវិធីនេះ នឹង​ផ្ដល់ការគាំទ្រ​ដល់​គម្រោងចំនួន ២២៧ ដែលមានតម្លៃ ៦៦ ពាន់លានដុល្លារ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ដែល​ក្នុងនោះ ADB នឹង​ផ្ដល់ហិរញ្ញប្បទាន​ប្រមាណ​ ៧ ពាន់លានដុល្លារ។

ផែនការ​នេះ ​អំពាវនាវ​ឱ្យមានការពង្រីក​​ច្រករបៀង​សេដ្ឋកិច្ច ដើម្បី​ជំរុញ​ការ​តភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​នានា ព្រមទាំងទំនាក់ទំនង​រវាង​តំបន់ជនបទ និង​តំបន់ប្រជុំជន ដើម្បីធានា​ឱ្យមានការបែង​ចែក​អត្ថប្រយោជន៍ ដែលបានកំណើនសេដ្ឋកិច្ច ឱ្យ​កាន់តែមានសមធម៌បន្ថែមទៀត៕

មតិយោបល់