ព័ត៌មានសេដ្ឋកិច្ច

កំណើននៃការប្រើប្រាស់ប្រាក់រៀល ធ្វើឲ្យប្រាក់បញ្ញើជាប្រាក់រៀល កើនឡើងក្នុងអត្រា ១៨%

ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា បន្ទាប់ពីកម្ពុជាមានកំណើននៃការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន បានធ្វើឱ្យរូបិយវត្ថុក្នុងការចរាចរ និងប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងក្នុងអត្រា ១៨ភាគរយ និង ២៧ភាគរយរៀងគ្នា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ និងការចាយវាយប្រាក់រៀលកាន់តែច្រើន នឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនដល់ប្រទេសជាតិ ហើយជួយពង្រឹងអត្ថសញ្ញាណជាតិ បង្កើនទុនបម្រុងទុនរបស់កម្ពុជា ជួយពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្តុ ពង្រឹងប្រសិទ្ធភាពគោលនយោ​បាយអត្រាប្តូរប្រាក់ បង្កើនចំណូលពីការ បោះពុម្ពក្រដាសប្រាក់ និងពង្រឹងអធិបតេយ្យភាពរូបិយវត្ថុជាដើម។

រាជរដ្ឋាភិបាលក៏ដូចជាធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រាក់រៀល និងលើកកម្ពស់ប្រាក់រៀលតាមរយ:ការដាក់ចេញវិធានការមួយចំនួន ដែលជំរុញឱ្យមានកំណើន នៃការប្រើប្រាស់ប្រាក់រៀល កាន់តែមានការកើនឡើង។

​កន្លងមកកម្ពុជាក៏ទទួលស្គាល់ប្រាក់ដុល្លារ កន្លងមក ព្រោះតែវាមានតួនាទីសំខាន់នៃដំណាក់កាលដំបូងដែលកម្ពុជាចាប់ផ្តើមអភិវឌ្ឍន៍ និងការបើកទូលាយសេដ្ឋកិច្ច។

ប៉ុន្ដែ ទោះបីយ៉ាងណានៅពេលដែលទំហំសេដ្ឋកិច្ចកម្ពុជា កាន់តែធំ ដុល្លាររូបនីយកម្មបានក៏ងាយបង្ករងគ្រោះដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

​ឯកឧត្តមបានអះអាងថា បច្ចុប្បន្ននេះ បញ្ហាដុល្លារូបនីយកម្មនៅតែជាបញ្ហាប្រឈមក្នុងធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ហើយកន្លងមករាជរដ្ឋាភិបាលក៏ដូចជាធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្ដបន្ទាប់ ដែលមានការចូលរួមពី វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ បានធ្វើឱ្យកំណើននៃការប្រើប្រាស់ប្រាក់រៀល បានកើនឡើងគួរឱ្យកត់សម្គាល់៕

មតិយោបល់