ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍មានជាប់បំណុល ត្រូវសងទាំងអស់ត្រឹមថ្ងៃ ៣០ មេសា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាស ឱ្យប្រធានក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ ដែលនៅមានបំណុលជំពាក់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ទូរគមនាគមន៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា ត្រូវសងបំណុលទាំងអស់ យ៉ាងយូរ ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ជាកំហិត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា បើផុតកាលកំណត់នេះ ក្រសួងនឹងចាត់វិធានការតឹងរឹង ជាបន្ដបន្ទាប់ ដោយពុំមានការលើកលែងឡើយ។

ទន្ទឹមនេះ ក្រសួងនឹងប្រកាសជាសាធារណ:តាម សារព័ត៌មាន វិទ្យុ ឬទូរទស្សន៍ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលខកខានមិនបានអនុវត្ដន៍តាមការកំណត់ ដោយដាក់ចំឈ្មោះក្រុមហ៊ុន ឈ្មោះអភិបាលក្រុមហ៊ុន, ម្ចាស់ក្រុមហ៊ុន និងចំនួនទឹកប្រាក់ ដែលបានជំពាក់។

ក្រៅពីនេះទៀត ក្រសួងនឹងបន្ដចាត់វិធានការតាមផ្លូវច្បាប់ដូចជា បង្កកគណនីនៅ ធនាគារពាណិជ្ជ, បិទហ្រ្វេកង់ស៍, ហាមឃាត់ការនាំចេញ-នាំចូល, ហាមឃាត់ការចូលរួម ក្នុងដំណើរលទ្ធកម្មសាធារណ:, ព្យួរ ឬដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ អាជ្ញាប័ណ្ណហ្រ្វេកង់ស៍វិទ្យុ, កិច្ចព្រមព្រៀង ឬលិខិតគតិយុត្ដពាក់ព័ន្ធផ្សេងៗ សម្រាប់ធ្វើអាជីវកម្ម និងចុងក្រោយរៀបចំ សំណុំរឿងដាក់បណ្ដឹង ទៅតុលាការ។

លើសពីនេះទៀត ចំនួនអ្នកប្រើប្រាស់ ទូរស័ព្ទដៃទាំងចល័ត និងអចល័តក្នុងប្រទេសកម្ពុជា មានចំនួនជិត ២០លានគ្រឿង ដោយក្នុងនោះ ទូរស័ព្ទចល័តមានជាង ១៩លានគ្រឿង និង អចល័តមានជាង២៣ម៉ឺនគ្រឿង ដែលចំនួនបានផ្ដល់ចំណូលយ៉ាងច្រើន ដល់សេដ្ឋកិច្ចជាតិ។

យោងតាមរបាការណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរមនាគមន៍ បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន ៩ ដែលបានចុះបញ្ជីផ្គត់ផ្គង់ សេវាទូរស័ព្ទចល័ត នៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមានក្រុមហ៊ុន Smart Axiata Co ltd, Cam GSM Co Ltd, Metfone, Cellcard, និងTelecom Cambodia ជាដើម៕

មតិយោបល់