ព័ត៌មានសេដ្ឋកិច្ច

កូរ៉េ ផ្តល់៣លាន$ ជួយអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធឺណេត

កូរ៉េខាងត្បូង នឹងជួយអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅ កម្ពុជា តាមអ៊ីនធឺណេត ដើម្បីពង្រឹងប្រសិទ្ធភាពទីផ្សារការងារឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានមានប្រសាសន៍ថា គម្រោងស្តីពីការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធឺណេតនេះ គឺភាគីកូរ៉េនឹងបំពាក់សម្ភារ បរិក្ខារ បច្ចេកទេស និង Software ព្រមទាំងផ្ទេរ ចំណេះដឹងបច្ចេកទេសផ្សេងៗដល់ទីភ្នាក់ងារជាតិ មុខរបរ និងការងារដើម្បីផ្តល់ភាពងាយ ស្រួលដល់អ្នកស្វែងរកការងារធ្វើដូចជាសិស្ស និស្សិតនិងយុវជនថែមទៀត។

គម្រោងនេះមានរយ:ពេល ៤ឆ្នាំ ដោយប្រើប្រាស់ថវិកាចំនួន ៣.១លានដុល្លារអាមេរិក ដែលអនុវត្តន៍ដោយទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃព្រះរាជាណាចក្រកម្ពុជា និងភ្នាក់ងារសេវាព័ត៌មានការងារកូរ៉េនៃសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា គម្រោងនេះអនុវត្តន៍ជា ៣ដំណាក់កាល គឺដំណាក់កាលទី១អនុវត្តន៍នៅឆ្នាំ ២០១៨នេះ ផ្តោតទៅលើការសិក្សាទៅវិញទៅមក អំពីប្រព័ន្ធផ្តល់សេវាការងារសាធារណ:នៅប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េដោយចំណាយថវិកាចំនួន ២សែនដុល្លារអាមេរិក។

ដំណាក់កាលទី ២ចាប់អនុវត្តន៍ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២០ ដោយភាគីកូរ៉េ នឹងជួយបំពាក់សម្ភារបរិក្ខារបច្ចេកទេស និងSoftware ដើម្បីបង្កើតប្រព័ន្ធសេវាការងារ និង ព័ត៌មានទីផ្សារការងារតាមអ៊ីនធឺណេតដោយចំណាយថវិកាចំនួន ២.៧លានដុល្លារអាមេរិក និងដំណាក់កាលទី៣ អនុវត្តន៍នៅឆ្នាំ២០២១ គឺភាគីកូរ៉េជួយបណ្តុះបណ្តាល លើការងារ បច្ចេកទេសការតាមដាន និងវាយតម្លៃទៅលើគម្រោងនេះដោយចំណាយ ថវិកាចំនួន ២សែនដុល្លារអាម៉េរិក។

បច្ចុប្បន្ននេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារស្វែងរកការងារជូនដល់ប្រជាពលរដ្ឋ តាមរយ:ការចុះឈ្មោះតាមអ៊ីនធឺណេត បើកវេទិកាការងារនានានិងបើកសិក្ខា សាលាផ្សេងៗ ដើម្បីផ្តល់ប្រឹក្សាយោបល់អាជីពការងារជាដើម។

តាមរបាយការណ៍បានឱ្យដឹងថា ឆ្នាំ ២០១៧កន្លងទៅនេះ ទីភ្នាក់ងារជាតិមុខរបរ និង ការងារបានជួយរកការងារជូនប្រជាពលរដ្ឋសរុបជាង ៣៤០០នាក់ បញ្ជូនអ្នកស្វែងរកការងារ ធ្វើទៅឱ្យនិយោជកត្រូវការកម្លាំងពលកម្មមានជាង ១៦០០០នាក់ បានចុះឈ្មោះអ្នកស្វែងរក ការងារសរុបជិត ១ម៉ឺននាក់ និងបានប្រមូលដំណឹងជ្រើសរើសពីគ្រប់ប្រភព ជាង ៨៥០០០ ការងារ៕

មតិយោបល់