ព័ត៌មានសេដ្ឋកិច្ច

កាណូតសាធារណៈ ទទួលអ្នកដំណើរលើកដំបូងជិត ៣ពាន់នាក់

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅថ្មីៗនេះ នាវាដឹកអ្នកដំណើរតាមផ្លូវទឹកពី ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ បានទទួលដឹកអ្នកដំណើរចំនួនសរុប ២៨២៦នាក់។

កាណូតសាធារណ:ល្បឿនលឿន ចាប់ផ្តើមដំណើរការពីថ្ងៃនេះហើយ ដែលមានសមត្ថភាពដឹកអ្នករហូតដល់ ២០០០នាក់ នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ចាប់ពីម៉ោង ៦ព្រឹក ដល់ ៨យប់។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​អាចធ្វើដំណើរ​តាម​កាណូត​ដឹក​អ្នក​ដំណើរ​នេះ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៦ ខែ មេសា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។

កាណូតនេះ អាចដឹកអ្នកដំណើរបាន ៩៩នាក់ ក្នុង១គ្រឿង រត់តាមទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ដោយបើកបរក្នុងល្បឿន ៣០ ទៅ ៤០គីឡូម៉ែត្រ/ម៉ោង។

កាណូតល្បឿនលឿន រត់ពី ព្រែកព្នៅ ទៅ តាខ្មៅ មានចម្ងាយសរុបប្រមាណ ២៥គីឡូម៉ែត្រ ចំណាយថេរ:វេលាធ្វើដំណើរប្រមាណ ៣៤នាទី ដែលគ្រោងដាក់ឱ្យដំណើរការមុនចូលឆ្នាំខ្មែរ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។

ដោយសារប្រទេសកម្ពុជា សម្បូរផ្លូវទឹកខ្វាត់ខ្វែង ដូចជាទន្លេមេគង្គ ទន្លេសាប បាសាក់ សេសាន -ល- ដូច្នេះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវតែប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ហើយការប្រើប្រាស់កាណូតសាធារណ:នេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងកាត់បន្ថយចំណាយនានា ដែលបង្កដោយការកកស្ទះចរាចរណ៍។

ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មិនមែនត្រឹមតែដឹកអ្នកដំណើរនោះទេ គឺដឹកកសិផលទាំងអស់មកពីខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង -ល- មកកំពង់ផែភ្នំពេញ ដើម្បីឡើងកប៉ាល់ធំៗដឹកទៅបរទេស។

គួរជម្រាបដែរថា ការប្រើប្រាស់កាណូតសាធារណ: នឹងជួយកាត់បន្ថយការចំណាយបានច្រើន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសគឺ អ្នកដំណើរអាចលម្ហែ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ៕

 

មតិយោបល់