ព័ត៌មានសេដ្ឋកិច្ច

ចិន គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា

ប្រតិភូខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគលើការផលិតខ្សែអគ្គិសនី និងរៀបចំប្រព័ន្ធទឹកស្អាត នៅក្នុងខេត្តកែប និងខេត្តកំពត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជា។

គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ឆឹន អ៊ូ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។

នៅក្នុងឱកាសនោះ ឯកឧត្តម ឆឹន អ៊ូ បានស្នើក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងវិនិយោគនេះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងខេត្តក្វាងស៊ី និងកម្ពុជា។

ឯកឧត្តម ឆឹន អ៊ូ បានជម្រាប ឯកឧត្តមរដ្ឋមន្ត្រីថា នៅកម្ពុជាមានក្រុមហ៊ុនមកពីខេត្តក្វាងស៊ីជាច្រើន កំពុងធ្វើប្រតិបត្តិការអាជីវកម្ម រាប់តាំងពីវិស័យកសិកម្ម សំណង់ និងប្រព័ន្ធផ្សព្វផ្សាយដូចជា ទូរទស្សន៍ NiceTV ជាដើម ហើយនៅថ្ងៃខាងមុខ ឯកឧត្តម នឹងខិតខំកៀវគរវិនិយោគិនខេត្តក្វាងស៊ី ឲ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលផ្តួចផ្តើមដោយ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគរបស់ខេត្តក្វាងស៊ី និងបានសន្យាជួយសម្រួលគម្រោងនេះ ឲ្យលេចរូបរាងឡើងនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើ ឯកឧត្តមអភិបាលខេត្ត និងវិនិយោគិនខេត្តក្វាងស៊ី ពិចារណាវិនិយោគលើការសាងសង់ឡសម្ងួតទិន្នផលកសិកម្ម និងកែច្នៃកសិផលមួយចំនួនដូចជា ស្រូវ ស្វាយ ពោត និងដំឡូងមី ដើម្បីនាំចេញទៅកាន់ប្រទេសទីបី។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឆឹន អ៊ូ ដែលកន្លងមកតែងបានជួយសម្របសម្រួលប្រតិភូកម្ពុជា ក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ាន ចាប់តាំងពីឆ្នាំ២០០៤ ដែលបានជួយឲ្យក្រុមហ៊ុនកម្ពុជាភាគច្រើន កាន់តែមានភាពម្ចាស់ការ ក្នុងការស្វែងរកដៃគូអាជីវកម្ម និងពង្រីកទីផ្សារថ្មីៗជាបន្តបន្ទាប់៕

មតិយោបល់