ព័ត៌មានសេដ្ឋកិច្ច

រ៉ឺម៉កកង់បីប្រភេទថ្មី Ape ហក់ចូលទីផ្សារ នៅកម្ពុជា

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញការស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការនូវ រ៉ឺម៉កកង់បីប្រភេទថ្មីមួយទៀតឈ្មោះ Ape ដែលនឹងចូលរួមចំណែកបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាការដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា។

រ៉ឺម៉កកង់បីប្រភេទថ្មីឈ្មោះ Ape ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីពេលថ្មីៗនេះ ដោយក្រុមហ៊ុនអ៊ីតាលានម៉ូតូ (Italian Motors)។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បានបង្ហាញចំណាប់អារម្មណ៍ថា តាមរយ:មធ្យោបាយនេះ វាពិតជាមានសារសំខាន់ណាស់ ទៅដល់ការចូលរួមចំណែកបម្រើឱ្យភាពរីកចម្រើននៃវិស័យទេសចរណ៍ តាមរយ:ការកសាង​​កម្ពុជាស្អាត​ និង​បៃតង​ដែលនឹង​ធ្វើសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។

ជាក់ស្តែងកាលពីអំឡុងចូលឆ្នាំថ្មី​កន្លងមកនេះ ទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តជាង ៥លាននាក់​ ទៅកាន់គោលដៅទេសចរណ៍នានា​ ហើយក្រសួងក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ អភិវឌ្ឍនូវគោលដៅទេសចរណ៍ទាំងអស់ ឱ្យកាន់តែល្អប្រសើរផងដែរ។

ពាក់ព័ន្ធនឹង រ៉ឺម៉កកង់បី Ape ថ្មីនេះ លោក​ វុង ពិលី នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីតាលានម៉ូតូ បានលើកឡើងថា រ៉ឺម៉កកង់បី Ape របស់ Piaggio ដែលចូលរួមចំណែកដឹកជញ្ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ នៅក្នុងទីក្រុងពេលនេះ គឺធ្វើដំណើរ​ដោយ​ប្រើប្រាស់កម្មវិធី Apps តាមទូរស័ព្ទដៃដូចជា Grab, PassApps, WeGo, Tos Tos, CamGo, 711Go Taxi, Exnet និង Apps ជាច្រើនផ្សេងៗទៀត។

លោកបានបញ្ជាក់ទៀតថា ជាមួយកម្មវិធី Apps តាមទូរស័ព្ទដៃនេះ វាពិតជាមានភាពងាយស្រួលណាស់ ហើយវាអាចសន្សំពេលវេលាបានទៀតផង ដោយឲ្យគេមកយកដល់កន្លែងដែលយើងនៅតែម្តង ហើយវាអាចជូនយើងទៅកន្លែងណា ដែលយើងចង់ទៅបានយ៉ាងងាយស្រួល​ ដោយគ្រាន់តែចុច ប៉ូតុងមួយប៉ុណ្ណោះ។

លោកបានបញ្ជាក់ទៀតថា វាពិតជាងាយស្រួលជាង ការធ្វើដំណើរនៅបណ្តាប្រទេស​មួយចំនួនទៅទៀត ដោយ​ប្រជាជនគេត្រូវដើរថ្មើរជើង ទៅស្ថានីយ៍រថភ្លើង និង​ដើរពីស្ថានីយ៍រថភ្លើងទៅកន្លែង ដែលពួកគេចង់ទៅ៕

មតិយោបល់