Post News Media ព័ត៌មានសេដ្ឋកិច្ច ឆ្នាំ២០១៨នេះ ...

ឆ្នាំ២០១៨នេះ កម្ពុជាត្រូវការនាំចូល អំបិល មកពីក្រៅប្រទេស ដោយសារកត្តាអាកាសធាតុ

ប្រធានសមាគមផលិតអំបិលកម្ពុជា បានលើកឡើងថា សមាគមកំពុងរៀបចំ ផែនការរួចហើយ ក្នុងការស្នើសុំគោលការណ៍ពី រាជរដ្ឋាភិបាល ក្នុងការនាំចូលអំបិលមកពីក្រៅប្រទេស ដើម្បីយកមកផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងបំពេញការខ្វះខាតអំបិល សម្រាប់បរិភោគរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក ប៊ុន បារាំង ប្រធានសមាគមផលិតអំបិលកម្ពុជា បានឱ្យដឹងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះថា ការធ្វើផែនការស្នើសុំគោលការណ៍នាំចូលអំបិលពីរាជរដ្ឋាភិបាល នឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០១៨នេះ ហើយតម្រូវការអំបិលក្នុងប្រទេសកម្ពុជា សម្រាប់បរិភោគក្នុងមួយឆ្នាំៗ មានប្រមាណ១០០.០០០តោន។

លោកបានលើកឡើងថា បច្ចុប្បន្ននេះ ការផលិតអំបិល ក្នុងប្រទេសមិនមានផលអំបិលលក់ទេ ដោយសារអាកាសធាតុភ្លៀងខ្លាំងពេក។

​សូមរម្លឹកថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ ការផលិតអំបិលក្នុងខេត្តកំពត និងខេត្តកែបដែលមានស្រែអំបិលផលិតអំបិលបានតែចំនួន ៣៣.០០០តោន ហើយកម្ពុជា នៅខ្វះអំបិលចំនួន ៦៧.០០០តោនទៀត។

ដោយឡែកក្នុងឆ្នាំ២០១៦ ការផលិតអំបិលគឺ បានលើសផែនការ ហើយផលិតផលអំបិលឆ្នាំ២០១៦ ក៏បានសល់ សម្រាប់យកមកផ្គត់ផ្គង់ នៅឆ្នាំ២០១៧កន្លង មកនេះផងដែរ។

ចំណែកឆ្នាំ២០១៨នេះ គឺកម្ពុជាមិនអាចផលិត អំបិលបានទេដោយសារ អាកាសធាតុមិនល្អ និងមានភ្លៀងធ្លាក់ច្រើនពេក។

​ប្រធានសមាគមផលិតអំបិលកម្ពុជា បានបន្ដទៀតថា «ឥឡូវនេះយើងមិនទាន់ធ្វើការនាំចូល អំបិលពីប្រទេសណានៅឡើយទេ គឺយើងកំពុងតែសិក្សាអំពីអំបិល តើប្រទេសណាមានគុណភាពល្អជាងគេ អាចនាំចូលមកបាន ហើយមិនប៉ះពាល់សុខភាពប្រជាជនយើងបានទេ គឺយើង ធ្វើយ៉ាងណានាំចូលអំបិលដែលមានគុណភាពល្អ»។

លោកបានបន្ថែមថា ចំណែកប្រទេស ជិតខាងដូចជាប្រទេសវៀតណាមគឺយើងមិនអាចនាំចូលមកកម្ពុជាបានទេ ដោយសារប្រទេស វៀតណាមខ្វះខាតអំបិលដូចកម្ពុជាដែរ។

​លោកបានអះអាងថា «យើងកំពុងតែទៅសិក្សាអំបិលនៅប្រទេសចិន និងឥណ្ឌា ឬប្រទេស ណាដែលមានគុណភាពល្អដើម្បីធ្វើការនាំចូលមកបំពេញតម្រូវការក្នុង ប្រទេសកម្ពុជា»។

ចំពោះតម្លៃនៃការនាំចូលអំបិលជាធម្មតាគឺមានតម្លៃខ្ពស់ជាងតម្លៃអំបិលក្នុងស្រុកហើយ ពីព្រោះ គេគិតពីការដឹកជញ្ជូន កម្លាំងពលកម្ម ពីកម្មករលើកដាក់ គិតពីពន្ធផ្សេងៗ គឺគិតតម្លៃលក់កើនជាងតម្លៃអំបិលផលិតក្នុងប្រទេសកម្ពុជា។

ការនាំចូលអំបិលគឺធ្វើទៅ តាមការខ្វះអំបិលក្នុង ប្រទេសកម្ពុជាតែប៉ុណ្ណោះគឺមិនឱ្យលើស និងមិនឱ្យខ្វះគឺតម្រូវការ គ្រប់គ្រាន់សម្រាប់ក្នុង ប្រទេសកម្ពុជា ហើយខណ: ដែលអំបិលប្រទេសកម្ពុជាផលិតអំបិល បានគ្រប់គ្រាន់ ហើយ គឺយើងមិនមានការនាំចូលទេ។

​សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨នេះ ដោយសារអាកាសធាតុក្នុងឆ្នាំ នេះមានភ្លៀងធ្លាក់ខ្លាំង ក្នុងរដូវប្រាំងធ្វើឱ្យផ្ទៃដីស្រែ អំបិលជាង ៤.៥០០ហិកតា នៅខេត្តកំពត និងខេត្តកែប ផលិតអំបិលអត់បានទាល់តែសោះ។

សម្រាប់អំបិលដែលលក់លើទីផ្សារបច្ចុប្បន្ន នេះជាអំបិលលេខ១ ដោយក្នុងមួយបាវទម្ងន់ ៥០គីឡូក្រាម មានតម្លៃ ១៧៦០០រៀល អំបិលលេខ២ មួយបាវទម្ងន់៥០គីឡូក្រាម តម្លៃ១៥០០០រៀល និងអំបិលលេខ៣ ក្នុងមួយបាវទម្ងន់ ៥០គីឡូក្រាម តម្លៃ ៤៦០០រៀល៕

Loading...