ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា-ថៃ ជម្រុញការងារបើកច្រកព្រំដែន ចំនួន ៣កន្លែងឲ្យបានឆាប់

ប្រមុខការទូតកម្ពុជា និងឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញា រួមគ្នាក្នុងការខិតខំជំរុញការងារបើកច្រកព្រំដែន រវាងប្រទេសទាំងពីរចំនួនបីកន្លែង បន្ថែមទៀត ស្របតាមអ្វីដែលថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរបានព្រមព្រៀងគ្នា កន្លងមក។

កាលពីម្សិលមិញនេះ ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជា និងថៃនឹងបន្ដ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែនរវាងប្រទេសទាំងពីរ ធ្វើយ៉ាងណាពន្លឿន ការងារនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

ឯកឧត្តមបានលើកឡើងថា នៅពេលដែលច្រកព្រំដែននេះ ដំណើរការបានឆាប់ នឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រត្តិបត្តិការផ្នែកទេសចរណ៍ ពាណិជ្ជកម្ម រវាងកម្ពុជា-ថៃ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត និងផ្តល់ប្រយោជន៍ដល់ប្រជាជន និងប្រទេស ទាំងពីរ។

ជាមួយគ្នានេះដែរ ប្រមុខការទូតកម្ពុជា និងឯកអគ្គរាជទូតថៃប្រចាំកម្ពុជាក៏បាន ជំរុញផងដែរ លើទំនាក់ទំនងកិច្ចសហប្រត្តិបត្តិការការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេស ទាំងពីរធ្វើយ៉ាងណាឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពស្មើគ្នា។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពក្នុងកិច្ច ប្រជុំគណ:រដ្ឋមន្រ្តីចម្រុះរវាងកម្ពុជា-ថៃ សម្រាប់ការបើកច្រកព្រំដែនចំនួនបីរួមមាន៖ច្រក ព្រំដែនអានសេះ ស្ថិតក្នុងខេតព្រះវិហារ, ច្រកថ្មដា ស្ថិតខេត្តពោធិ៍សាត់ និងច្រកជប់ គគីរស្ថិតនៅខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា៕

មតិយោបល់