ព័ត៌មានសេដ្ឋកិច្ច

ត្រឹម ៥ឆ្នាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតលើការ​វិនិយោគ​ ៩៧០គម្រោង​ មានទុនវិនិយោគជាង ២៣ពាន់លានដុល្លារ

ក្នុងរយ:ពេល៥ឆ្នាំ ចាប់ពីឆ្នាំ​២០១៣-​២០១៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយ:គណ: កម្មាធិការវិនិយោគកម្ពុជា និង​គណ:​កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេច អនុញ្ញាតឱ្យក្រុមហ៊ុនមក​ពី​​ក្នុងស្រុក និងក្រៅប្រទេសធ្វើការវិនិយោគលើគម្រោងថ្មី និង គម្រោងពង្រីក​ផលិតកម្ម​សរុបចំនួន​៩៧០គម្រោង ដែលមានទុនវិនិយោគ២៣.​៤៨០លាន ដុល្លារអាម៉េរិក ពោល​គឺប្រមាណជាង​៤.០០០លានដុល្លារក្នុងមួយឆ្នាំ ហើយការវិនិយោគមានសក្តានុពល​បង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍ស្ដីពីសមិទ្ធ ផល​សំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយ:ពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជាតិ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងបណ្ដាគម្រោង​វិនិយោគទាំង៩៧០គម្រោង វិស័យ​ឧស្សាហកម្ម និងកម្មន្តសាល មាន៨១១គម្រោងបានបោះទុនវិនិយោគ ៧.៣១៦,៧០ លានដុល្លារ ៣១ភាគរយនៃទុនវិនិយោគសរុប វិស័យកសិកម្ម និងកសិឧស្សាហកម្ម មាន៧៨ គម្រោង បានទុនវិនិយោគ២.៧៥០,៤៧លានដុល្លារ ១២ភាគរយ​នៃ​ទុនវិនិយោគសរុប វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យ​ផ្សេងៗ មាន៤៤គម្រោង បោះ​ទុនវិនិយោគ ៨.​ ១៤៧.៩៥ លានដុល្លារ ៣៥ភាគរយនៃទុន​វិនិយោគសរុប និងវិស័យ​ទេសចរណ៍មាន ៣៧គម្រោង បាន បោះទុនវិនិយោគ ៥.២៦៤,៨៦លានដុល្លារ ២២​ភាគរយ នៃទុនវិនិយោគសរុប។

របាយការណ៍បានបន្ដថា ក្នុងរយ:ពេល៥ឆ្នាំនេះ រាជរដ្ឋាភិបាលបានឯកភាពឱ្យមាន ការបង្កើតតំបន់​សេដ្ឋ​កិច្ច​ពិសេសចំនួន២២ ដែលធ្វើឱ្យចំនួនតំបន់​សេដ្ឋកិច្ចពិសេស​សរុបបាន កើនដល់៤៧ ហើយតំបន់សេដ្ឋកិច្ចពិសេស​ដែលបានដំណើរ​ការមាន១៨ ដែលក្នុងនោះមាន រោងចក្រ៣៣០​ កំពុងមានសកម្មភាពផលិត​ដោយប្រើប្រាស់​កម្លាំង​ពលកម្ម ៩៦.៨០៩នាក់។

ជាការកត់​សម្គាល់នៅតាមបណ្ដាលតំបន់​សេដ្ឋកិច្ចពិសេស​ទាំងនោះ មានការបណ្ដាក់ទុនទៅ​លើ​គម្រោងវិនិយោគតាមមុខ​សញ្ញាផលិតកម្មថ្មីៗ​ជាច្រើនក្រៅពីផ្នែកឧស្សាហកម្មកាត់ដេរ មាន​ជាអាទិ៍ ការដំឡើងរថយន្ត ម៉ូតូ កង់ ការ​ផលិតគ្រឿងបង្គុំរថយន្តគ្រឿងបន្លាស់​បរិក្ខារពេទ្យ ម៉ូទ័រខ្នាតតូច ម៉ាស៊ីនក្រឡឹងគ្រប់​ប្រភេទ ឧបករណ៍អគ្គិសនី សម្ភារក្មេងលេង សម្ភារកីឡា​សម្ភារប្រើប្រាស់ក្នុងផ្ទះ និង​អាហារបំប៉ន៕

មតិយោបល់