សិក្សា និងអប់រំ

ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ

មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះប្លែកៗគ្នាស្របទៅតាមជំនឿ ទំនៀមទម្លាប់និងប្រពៃណី របស់គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំ រហូតមក យើងបានប្រទះឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍ បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។

ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ

មានតំណាលថា នៅដើមនៃភទ្ទកប្ប មានសេដ្ឋីម្នាក់មានបុត្រម្នាក់ឈ្មោះ ធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស រៀនចេះចប់ត្រៃវាទតាំងពីអាយុបាន៧ឆ្នាំ។ សេដ្ឋីបិតាបានសាងប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំនៅឆ្នេរទន្លេដែលជាទីនៅបក្សីទាំងឡាយ ធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សីទាំងពួងផង ហើយបានជាអាចារ្យសម្តែងមង្គលផ្សេងៗដល់មនុស្សទាំងពួងផង។ គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និងកុបិលមហាព្រហ្មមួយអង្គទៀតដែលជាអ្នក សម្តែងមង្គលដល់មនុស្សទាំងពួង។

ពេលនោះកុបិលមហាព្រហ្ម បានជ្រាបពត៌មានដ៏ចុះមកសួរបញ្ហានឹងធម្មបាលកុមារ« ៣ ខ »ដោយសន្យាទុកថា បើដោះប្រស្នាបាននឹងកាត់ក្បាលបូជាធម្មបាលកុមារ តែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន៧ថ្ងៃដើម្បីគិតប្រស្នា។ លុះកន្លងទៅ៦ថ្ងៃហើយក៏នៅតែគិតមិន ឃើញដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយ។ ដូច្នោះគួរតែរត់ទៅលាក់ខ្លួនពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ដើមត្នោតនោះមានសត្វឥន្រ្តីឈ្មោលធ្វើសំបុកអាស្រ័យនៅ វាលាយប់ឥន្រ្តីញីសួរឥន្រ្តីឈ្មោលថា ព្រឹកនេះយើងបានអាហារពីណាស៊ី? ឥន្រ្តីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារដែលត្រួវកុបិលមហាព្រហ្មសម្លាប់ព្រោះដោះប្រស្នាមិនរួច។ ឥន្រ្តីញីសួរថាប្រស្នានោះដូចម្តេច? ឥន្រ្តីឈ្មោលឆ្លើយថា វាលាព្រឹកសិរីសួស្តីនៅទីណា? ត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ខមួយទៀត ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា នៅទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ខមួយទៀតថា វាលាល្ងាចសិរីស្ថិតនៅទីណា? ត្រូវឆ្លើយថា នៅជើងហេតុនេះទើប មនុស្សទាំងឡាយ ត្រូវយកទឹកលាងជើង។ ធម្មបាលកុមារបានឮដូច្នោះ ក៏ត្រឡប់ទៅប្រសាទវិញ។

ព្រឹកឡើងកុបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារឆ្លើយវិញដោះស្រាយតាមដែលបានឮមក កបិលមហាព្រហ្មហៅទេពធីតាទាំង៧នាក់ដែលជា បាទបរិចារិកាព្រះឥន្រ្ទ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសភ្លៀងក៏រាំង បើចោលក្នុងមហាសមុទ្រទឹកក៏រីងស្ងួតហួតអស់ ដូច្នោះ សូមឲ្យកូនទាំ ៧នាក់យកពានមកទទួលក្បាល ថាហើយក៏កាត់ក្បាលហុចទៅឲ្យនាងទុង្សាជាកូនច្បង នាងទង្សាទើបយកពានទៅទទួលក្បាលបិតាហើយហែប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទី ហើយក៏អញ្ចើញទៅប្រតិស្ឋានទុកក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី ភ្នំកៃលាស បូជាគ្រឿងទិព្វផ្សងៗ ព្រះវិស្សកម្មទេវបុត្រក៏និមិត្តរោងទិព្វដ៏ហើយដោយកែង៧ប្រការ ឈ្មោះថា « ភគវតីសភា» ឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់ ១ ឆ្នាំជាសង្ក្រាន្ត នាងទេពធីតាទាំង៧ ក៏ផ្លាស់វេនគ្នា មកអញ្ចើញក្បាលកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុ រាល់ៗឆ្នាំហើយត្រឡប់ទៅស្ថានទេវលោកវិញ៕

ដកស្រង់ពីឯកសារបុណ្យចូលឆ្នាំខ្មែរចងក្រងដោយ ភិក្ខុវណ្ណគុត្តោ ស្វាត សាលៀម​

មតិយោបល់