ព័ត៌មានសុខភាព

ធ្លាប់តែញ៉ាំ! តែមិនដឹងថាសណ្តែកបណ្តុះ មានគុណប្រយោជន៍ខ្លាំងយ៉ាងនេះសោះ

សណ្តែកបណ្តុះ គឺជាបន្លែមួយប្រភេទដែលគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារជាច្រើនមុខ មិនថា សម្លរទឹក ឬសម្លរគោកនោះឡើយ។ ក៏ប៉ុន្តែ តើអ្នកដឹងទេ សណ្តែកបណ្តុះមានគុណប្រយោជន៍អ្វីខ្លះ? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា សណ្តែកបណ្តុះមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ដែលអាចប្រឆាំងនឹងជំងឺមហារីក ពន្យាភាពចាស់ បណ្តេញជាតិពុលចេញពីរាងកាយ។ល។

ក្រៅពីនេះ សណ្តែកបណ្តុះ មានជាតិស្ករ និងជាតិខ្លាញ់តិច ក៏ប៉ុន្តែប្រូតេអ៊ីន អាស៊ីតអាមីណូ វីតាមីន(A, C) និងសារធតុក្លរ៉ូភីល (chlorophyll) មានកម្រិតខ្ពស់ណាស់។ ខាងក្រោមនេះ គឺជាតម្លៃនៃអាហារូបត្ថម្ភរបស់សណ្តែកបណ្តុះ ដែលអ្នកគួរតែញ៉ាំឲ្យបាច្រើន៖

អាស៊ីតអាមីណូ
ក្នុងអំឡុងពេលដំណើរការបណ្តុះ បរិមាណប្រូតេអ៊ីននៅក្នុងគ្រាប់សណ្តែកត្រូវបានបម្លែងទៅជាអាស៊ីតអាមីណូ ដោយអង់ហ្ស៊ីម។ អស៊ីតអាមីណូ នៅក្នុងសណ្តែកបណ្តុះកើនឡើងដល់ទៅ ៧ដង បើប្រៀបធៀបទៅនឹងសណ្តែកបៃតងដទៃទៀត។ មិនតែប៉ុណ្ណោះអាស៊ីតអាមីណូ អាចជួយបំពេញតម្រូវការសាច់ដុំ និងលើកកម្ពស់ដល់ការស្រូបយកប្រូតេអ៊ីន។

សារធាតុក្លរ៉ូភីល
សារធាតុក្លរ៉ូភីល នៅក្នុងសណ្តែកបណ្តុះ មានកម្រិតខ្ពស់ជាងសណ្តែងបៃតង។ ក្លរ៉ូភីល នេះហើយជាអ្នកបំបែកសារធាតុ nitrosamines ដែលបង្កឲ្យមានជំងឺមហារីកពោះវៀនធំ។

បើតាមការសិក្សាថ្មីៗនេះបានបង្ហាញថា សារធាតុក្លរ៉ូភីល អាចរំលាយសារធាតុពុលដែលមាននៅក្នុងផ្សែបារី និងការពារស្រទាប់នៃក្រពះ។ ហេតុនេះ អ្នកជក់បារីគួរតែបរិភោគសណ្តែកបណ្តុះឲ្យបានច្រើន។

អាស៊ីត Oxalic
កុំយល់ច្រឡំថាជាតិអាស៊ីត ទាំងអស់សុទ្ធតែបង្កឲ្យមានផលប៉ះដល់សុខភាព តាមពិតអាស៊ីតក៏មានល្អ និងអាក្រក់ដែរ។ ដូចជាជាតិអាស៊ីត Oxalic នៅក្នុងសណ្តែកបណ្តុះ អាចជួយឲ្យរាងកាយស្រូបយកសាររ៉ែសំខាន់ជាច្រើន។

តើពេលណាដែលអ្នកគួរតែញ៉ាំសណ្តែកបណ្តុះ?
ការសិក្សាបានបង្ហាញថា នៅពេលសណ្តែកបណ្តុះដុះប្រហែលជា ២សង់ទីម៉ែត្រ (ធម្មតាមមានអាយុ ៣-៤ថ្ងៃ) មានផ្ទុកវីតាមីន C ខ្ពស់បំផុត។ អំឡុងពេលនេះ សណ្តែកបណ្តុះចំនួន ១០០ក្រាម មានវីតាមីន C ប្រហែលជា ៣៦មីលីក្រាម។

បរិមាណនៃវីតាមីន C នឹងថយចុះបណ្តើរៗ នៅពេលវាលូតលាស់កាន់តែវែងប្រហែលជា ១០សង់ទីម៉ែត្រ គឺក្នុងសណ្តែកបណ្តុះទម្ងន់១០០ក្រាម មានវីតាមីនC ត្រឹមតែ៨មីលីក្រាមប៉ុណ្ណោះ។

តើគួរបរិភោគយ៉ាងដូចម្តេចដើម្បីកុំឲ្យសណ្តែកបណ្តុះបាត់បង់តម្លៃអាហារូបត្ថម្ភ?
នៅពេលបរិភោគអ្នកគួរតែស្រុះទឹកក្តៅដែលមានសីតុណ្ហភាពចាប់ពី ៦០ ទៅ ៧០ អង្សាសេ ដើម្បីកុំឲ្យបាត់បង់វីតាមីន និងសារធាតុក្លរ៉ូភីល។ ប្រសិនបើអ្នកឆា មិនត្រូវប្រើប្រេង និងអំបិលឡើយ ក៏ប៉ុន្តែអាចបន្ថែមទឹកខ្មេះប៉ោមបន្តិច ដើម្បីកុំឲ្យបាត់បង់វីតាមីន C និង B នៅក្នុងសណ្តែកបណ្តុះ៕

មតិយោបល់