ព័ត៌មានសុខភាព

អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង៦យ៉ាងនៃគ្រាប់ឈូក ដែលអ្នកពុំគួរមើលរំលង

គ្រាប់ឈូក គឺជាប្រភពដ៏ល្អបំផុតនៃសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ សំខាន់ៗដែលរាងកាយត្រូវការជាចាំបាច់។ គ្រាប់ឈូកទម្ងន់ ១០០ក្រាម អាចផ្គត់ផ្គង់ម៉ង់ហ្គាណែស ០,៦២១មីលីក្រាម ផូស្វ័រ ១៦៨មីលីក្រាម វីតាមីនB1 ០,១៧១មីលីក្រាម ម៉ាញ៉េស្យូម ៥៦មីលីក្រាម កាបូអ៊ីដ្រាត ១៧,២៨មីលីក្រាម និងវីតាមីន B6 ០,១៧មីលីក្រាម។

តម្លៃអាហារូបត្ថម្ភទាំងអស់នេះហើយដែលធ្វើឲ្យគ្រាប់ឈូកក្លាយទៅជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព ក៏ដូចជាព្យាបាលជំងឺមួយចំនួនបានផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការទទួលទានគ្រាប់ឈូក៖

ប្រឆាំងនឹងភាពចាស់
នៅក្នុងគ្រាប់ឈូកមានផ្ទុកអង់ស៊ីម ជាច្រើនដែលមានសមត្ថភាពក្នុងការជួសជុល និងរៀបចំប្រូតេអ៊ីនដែលខូចខាតឡើងវិញ។ ហេតុនេះហើយទើបគ្រាប់ឈូកត្រូវបានគេប្រើសម្រាប់ផ្សំនៅក្នុងផលិតផលគ្រឿងសម្អាងមួយចំនួន ដើម្បីបង្កើនអានុភាពប្រឆាំងនឹងភាពចាស់។

ផ្តល់ថាមពលភ្លាមៗ
គ្រាប់ឈូក គឺជាប្រភពដ៏សម្បូរបែបនៃប្រូតេអ៊ីន ម៉ាញ៉េស្យូម ប៉ូតាស្យូម និងផូស្វ័រ។ ដូច្នេះ ប្រសិនបើអ្នកកំពុងតែស្វែងរកអាហារសម្រន់ដែលមានសុខភាពល្អ ហើយផ្តល់ថាមពលភ្លាមៗ គ្រាប់ឈូក គឺជាជម្រើសដំបូងគេង។

គេងលក់ស្រួល
គ្រាប់ធញ្ញាជាតិមួយប្រភេទនេះ ក៏អាចជួយកាត់បន្ថយភាពតាននឹង និងត្រូវបានគេចាត់ទុកជាថ្នាំងងុយគេងផងដែរ។ ចំពោះមនុស្សដែលពិបាកក្នុងការគេង ឬគេងមិនសូវបានគ្រប់គ្រាប់គួរតែឧស្សាហ៍ទទួលទានគ្រាប់ឈូកឲ្យបានច្រើនដង។ ការញ៉ាំគ្រាប់ឈូកទាំងមូល ឬបន្ថែមទៅក្នុងរបបអាហារ ត្រូវបានណែនាំដោយក្រុមអ្នកជំនាញផ្នែកសុខភាព។

កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
គ្រាប់ឈូក មានផ្ទុកកាឡូរីទាប និងជាតិសរសៃខ្ពស់ ដូច្នេះវាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយជាតិស្ករក្នុងឈាមបាន។ ជាពិសេសគ្រាប់ឈូកត្រូវបានគេចាត់ទុកជាអាហារសម្រន់ដល់ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាអាចរក្សាសុខភាពរបស់ពួកគេ និងគាំទ្រដល់ការព្យាបាលយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត ការញ៉ាំគ្រាប់ឈូកក៏អាចជួយការពារហានិភ័យប្រឈមនឹងជំងឺទឹកនោមផ្អែមផងដែរ។

កែលម្អចំណង់អាហារ
ប្រសិនបើអ្នកគ្មានចំណង់ញ៉ាំអាហារ មានអារម្មណ៍ធុញទ្រាន់ ឬចង់ឡើងទម្ងន់ គួរតែព្យាយាមញ៉ាំគ្រាប់ឈូក។ សមាសធាតុជាច្រើននៅក្នុងគ្រាប់ឈូក អាចជួយធ្វើឲ្យអ្នកមានចំណង់អាហារឡើងវិញ ព្រមទាំងឆាប់មានសាច់ឈាមដូចបំណង។

កាត់បន្ថយសម្ពាធឈាម និងល្អសម្រាប់បេះដូង
មនុស្សជាច្រើនតែងតែឆ្កឹះបណ្តូលពណ៌ខៀវៗនៅក្នុងគ្រាប់ឈូកចេញ ព្រោះវាមានរសជាតិល្វីង។ ក៏ប៉ុន្តែជាតិល្វីងនេះហើយ មានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពបេះដូង និងសម្ពាធឈាម។ លើសពីនេះទៅទៀត គ្រាប់ឈូកមានផ្ទុកបរិមានសូដ្យូមទាប និងម៉ាញ៉ាស្យូមខ្ពស់ ដែលល្អបំផុតសម្រាប់សុខភាព៕

ប្រភព៖ soha

មតិយោបល់