ព័ត៌មានសុខភាព

រោគសញ្ញានៃជំងឺមហារីកលំពែង ដែលមនុស្សមួយភាគធំមិនអើពើ

មហារីកលំពែង គឺជាជំងឺមួយប្រភេទដ៏មានគ្រោះថ្នាក់បំផុត ព្រោះវាមិនងាយនឹងរកឃើញរោគសញ្ញានោះទេ រហូតទាល់តែឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។

ការស្ទង់មតិមួយដែលធ្វើឡើងដោយមូលនិធិជំងឺមហារីកលំពែង ចក្រភពអង់គ្លេស បានរកឃើញថា មនុស្សពេញវ័យ ៣៥ភាគរយមិនដឹងពីរោគសញ្ញានៃជំងឺមហារីកលំពែងនោះទេ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងចំពោះមនុស្សពេញវ័យចំនួន ៤០០០នាក់ ហើយតួលេខជាផ្លូវការបង្ហាញថា តិចជាង ៧ភាគរយនៃអ្នកដែលមានជំងឺមហារីកលំពែងរស់នៅបានតែ៥ប៉ុណ្ណោះ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ។

លោក Alex Ford នាយកប្រតិបត្តិនៃសមាគមន៍ជំងឺមហារីកលំពែងចក្រភពអង់គ្លេស បាននិយាយថា «យើងទាំងអស់គ្នាចាំបាច់ត្រូវដឹងពីរោគសញ្ញានៃជំងឺមហារីកលំពែង និងផលវិបាកនៃជំងឺនេះ ព្រោះមាន ៩៣ភាគរយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកលំពែងអាចរស់បានតែ៥ឆ្នាំទៀតប៉ុណ្ណោះ»។

មូលហេតុដោយសារតែអ្នកជំងឺ ៨០ភាគរយ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅដំណាក់កាលចុងក្រោយ ហើយការព្យាបាលមិនសូវមានប្រសិទ្ធភាពនោះទេ។

ប្រសិនបើមនុស្សមិនយល់ដឹងពីរោគសញ្ញានៃជំងឺនេះបានច្បាស់លាស់ទេនោះ អាចនាំឲ្យជំងឺវិវត្តទៅជាធ្ងន់ធ្ងរពិបាកក្នុងការព្យាបាល ហើយមានសង្ឈឹមរស់តិចបំផុត។ ក៏ប៉ុន្តែប្រសិនបើអ្នកដឹងពីរោគសញ្ញាដំបូងរបស់វា គឺអាចធ្វើការព្យាបាលបានទាន់ពេលវេលា។

រោគសញ្ញានៃជំងឺមហារីកលំពែង
រោគសញ្ញានៃជំងឺមហារីកលំពែងជាទូទៅ គឺមានការឈឺចាប់នៅតំបន់ពោះផ្នែកខាងលើ ហើយអាចរីករាលដាលមកដល់ទៅខាងក្រោយ។ ការឈឺចាប់នេះអាចបណ្តោលមកពីការរលាកនៅពេលដំបូង ហើយជាធម្មតាវាកាន់តែអាក្រក់ទៅៗនៅពេលដែលអ្នកចូលគេង ឬក្រោយពេលញ៉ាំបាយ។

រោគសញ្ញាសំខាន់ៗផ្សេងទៀតដែលត្រូវដឹង គឺការស្រកទម្ងន់ភ្លាមៗ ខាន់លឿង ភ្នែកពណ៌លឿង និងភ្នែកស។ អ្នកជំងឺមួយចំនួនក៏អាចមានលាមកពណ៌ស្រាល ទឹកនោមលឿង ឬពណ៌ទឹកក្រូច។

ជាពិសេស រោគសញ្ញានៃជំងឺមហារីកលំពែងអាចកើតមានដូចជា៖

  • ចង្អោរ ឬក្អួត
  • គ្រុនក្តៅ ឬញាក់
  • ក្តៀនលាមក
  • ចលនាពោះវៀនមានការផ្លាស់ប្តូរ
  • សញ្ញាជាំឈាមលេចឡើងមកលើផ្ទៃស្បែក
  • អស់កម្លាំងរ៉ាំរ៉ៃ

ប្រសិនបើអ្នកឃើញរោញសញ្ញាទាំងនេះ គួរតែស្វែងរកជំនួយពីគ្រូពេទ្យឲ្យបានឆាប់។ ជាធម្មតាអ្នកអាចទទួលរងនូវរោគសញ្ញាមិនសូវធ្ងន់ ឬអាចច្រឡំជាមួយនឹងជំងឺដទៃ ប៉ុន្តែដើម្បីកាន់តែច្បាស់ត្រូវតែធ្វើការពិនិត្យ។ បើយោងតាមអ្នកឯកទេសជំងឺមហារីកលំពែងចក្រភពអង់គ្លេស Dianne Dobson បាននិយាយថា ទោះបីជាមូលហេតុនៃជំងឺមហារីកលំពែងមិនមានភាពប្រាដកប្រជាក៏ដោយ តែកត្តាហានិភ័យសម្រាប់ការកើនឡើងនៃជំងឺនេះរួមមាន៖ អាយុ ការជក់បារី លើសទម្ងន់ ប្រវត្តិគ្រួសារ និងជំងឺទឹកនោមផ្អែម៕

ប្រភព៖ soha

មតិយោបល់