ព័ត៌មានសុខភាព

ទម្លាប់ច្រំដែលៗ៤យ៉ាង អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាព តែគ្រប់គ្នាគិតថាធម្មតា

ទម្លាប់ គឺជាទង្វើដែលយើងគ្រប់គ្នាតែងតែធ្វើជារៀងរាល់ថ្ងៃច្រំដែលៗ ហើយពិបាកនឹងកែប្រែណាស់ លុះត្រាតែមានការតាំងចិត្តខ្ពស់។ ទម្លាប់ទាំងអស់មិនមែនសុទ្ធតែល្អដូចអ្វីដែលយើងគិតនោះទេ ជួនកាលវាក៏អាចនាំទុក្ខទោសដល់រាងកាយផងដែរ ប៉ុន្តែមនុស្សភាគច្រើនធ្វើដោយមិនដឹងខ្លួនឡើយ។ ខាងក្រោមនេះ គឺជាទម្លាប់៤ចំណុចដែលបង្កឲ្យប៉ះពាល់ដល់សុខភាព តែគ្រប់គ្នាតែងធ្វើរាល់ថ្ងៃ៖

១.ទទួលទានទឹកដែលច្រកក្នុងដបប្លាស្ទិច
ស្ទើរតែដបប្លាស្ទិចដែលមានតម្លៃថោក ត្រូវបានផលិតចេញពីជ័រមានផ្ទុកសារធាតុគីមីពុលម្យ៉ាង ដែលគេហៅថា bisphenol-A។ សារធាតុគីមីសប្បនិម្មិតនេះ អាចប៉ះពាល់ដល់ការជួយសជុលកោសិកា ការលូតលាស់ កម្រិតថាមពល និងការបន្តពូជ។

កម្រិតនៃសារធាតុគីមីពុល bisphenol-A ដែលត្រូវបានបញ្ចេញ គឺអាស្រ័យទៅលើសីតុណ្ហភាពនៃទឹក ប្រសិនបើទឹកកាន់តែក្តៅសារធាតុគីមីចេញកាន់តែច្រើន។ ដូច្នេះ អ្នកគួរតែទម្លាប់ប្រើដបកែវ ដែកអ៊ីណុក ឬដបជ័រដែលមានគុណភាពខ្ពស់។

២.អាហារខ្ចប់ដោយប្រើក្រដាស់
ចំណីអាហារមួយចំនួនគេពេញនិយមទ្រាប់ដោយប្រើក្រដាសអនាម័យ ឬក្រដាសជូតមាត់។ ក៏ប៉ុន្តែក្រដាសប្រភេទនេះអាចមានផ្ទុកសារធាតុ fluorin ដែលបង្កឲ្យមានផលប៉ះពាល់ដល់ទារក ឬការរីកលូតលាស់របស់ពួកគេនៅក្នុងស្បូន។

មជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិកហៅកាត់ថា (CDC) បានរាយការណ៍ថា ការប្រើប្រាស់ក្រដាសដើម្បីទ្រាប់កាន់ចំណីអាហារអាចបណ្តោលឲ្យមានផលវិបាកដូចជា៖ ប៉ះពាល់ដល់ការបង្កកំណើត បង្អាក់ការលូតលាស់របស់ទារក ឥរយាបទនិងការរៀនសូត្រមិនល្អ អ័រម៉ូនធម្មជាតិមានការប្រែប្រួល កូឡេស្តេរ៉ុលឡើងខ្ពស់ និងកើតជំងឺមហារីក។ បរិមាណនៃសារធាតុ fluorine កើនឡើងអាស្រ័យទៅលើសីតុណ្ហភាពនៃអាហារ ប្រភេទអាហារសម្បូរខ្លាញ់ និងទ្រាប់អាហាររយ:ពេលយូរ។

៣.ទទួលទានអាហារថ្ងៃត្រង់នៅនឹងមុខកុំព្យូទ័រ
ប្រហែលជាអ្នកគិតថា ការទទួលទានអាហារនៅកន្លែងធ្វើការពិតជាអនាម័យ តែតាមពិតវាពោរពេញទៅដោយបាក់តេរីច្រើនជាងបង្គន់ដល់ទៅ ៤០០ដង។ ព្រោះនៅលើក្តារចុច (Keyboard) តែមួយប៉ុណ្ណោះមានផ្ទុកបាក់តេរី ៧០ភាគរយ។ លើសពីនេះទៅទៀត ការញ៉ាំអាហារនៅមុខនឹងកុំព្យូទ័រ បង្កើនពេលវេលាអង្គុយកាន់តែយូរ និងមានហានិភ័យនៃជំងឺបេះដូង។

ប្រសិនបើអ្នកចង់ញ៉ាំអាហារបែបនេះ គួរតែឧស្សាហ៍សម្អាតកុំព្យូទ័រឲ្យបានទៀងទាត់ តែយកល្អនៅពេលទទួលទានអ្នកគួរតែទៅផ្ទះបាយ ឬអាហារដ្ឋានផ្សេងៗ។

៤.អង្គុយគងទាក់ខ្លា
មនុស្សភាគច្រើនតែងតែមានទម្លាប់អង្គុយបែបនេះ ជាពិសេសមនុស្សស្រីតែម្តង។ ការអង្គុយបែបនេះ បានដាក់សម្ពាធខ្លាំងទៅលើសរសៃឈាម ហើយអាចប្រឈមនឹងហានិភ័យនៃជំងឺគាំងបេះដូង ឬជំងឺខ្សោយបេះដូង។

មិនតែប៉ុណ្ណោះទម្លាប់បែបនេះក៏អាចដាក់សម្ពាធទៅលើសន្លាក់ត្រគាក និងអាចនាំឲ្យមានការកកឈាម នៅពេលសរសៃឈាមរបស់អ្នកត្រូវគៀបសង្កត់យូរមិនអាចរើរួចឡើយ។ លោកវេជ្ជបណ្ឌិតបានណែនាំថា អ្នកមិនគួរអង្គុយគងទាក់ខ្លា លើសពី ១០ ទៅ ១៥នាទីឡើយ៕

ប្រភព៖ brightside

មតិយោបល់