Post News Media ព័ត៌មានសុខភាព គុណសម្បត្តិអស...

គុណសម្បត្តិអស្ចារ្យ៧ចំណុច ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះខ្វះបន្លែមួយប្រភេទនេះមិនបាន

សណ្តែកបណ្តុះ គឺជាបន្លែមួយប្រភេទដែលមានប្រជាប្រិយខ្លាំងបំផុតនៅតំបន់អាស៊ីបូព៌ា ហើយវាត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីនសំខាន់ៗជាច្រើនដែលរាងកាយត្រូវការជាចាំបាច់ និងជាប្រភពផ្តល់ថាមពលដ៏អស្ចារ្យផងដែរ។ ក៏ប៉ុន្តែតើអ្នកដឹងទេថា សណ្តែកបណ្តុះមានអត្ថប្រយោជន៍ខ្លាំងកម្រិតណាសសម្រាប់ស្ត្រីមានផ្ទៃពោះ? សណ្តែកបណ្តុះ គឺជាអាហារបំប៉នដ៏ល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាមានផ្ទុកវីតាមីន E ច្រើនបំផុត ដែលអាចជួយការពារឲ្យអ្នកម្តាយ និងកូនមានសុខភាពល្អ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗ៧ចំណុច ដែលបានមកពីការទទួទានសណ្តែកបណ្តុះជាប្រចាំ៖

១.បង្កើនភាពស៊ាំនៃរាងកាយ
វីតាមីន E ខ្ពស់ដែលមាននៅក្នុងសណ្តែកបណ្តុះ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់រាងកាយមនុស្សគ្រប់រូប ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាសុខភាពផ្សេងៗ។

២.កាត់បន្ថយហានិភ័យនៃការរលូតកូន
ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅលោកខាងលិច បានបង្ហាញថា ជាយូរមកហើយកម្រិតវីតាមីន E ខ្ពស់នៅក្នុងសណ្តែកបណ្តុះអាចកាត់បន្ថយហានិភ័យនៃបញ្ហារលូតកូនបាន។

៣.ជួយគ្រប់គ្រងភាពតានតឹងអំឡុងពេលមានផ្ទៃពោះ
អត្ថប្រយោជន៍មួយទៀតដែលទទួលបានពីសណ្តែកបណ្តុះ គឺអាចជួយឲ្យរាងកាយគេចផុតពីបញ្ហាស្តេ្រស ដោយសារតែវីតាមីន E និងមីក្រូសារជាតិដទៃទៀតដែលមាននៅក្នុងបន្លែមួយនេះ។

៤.កែលម្អប្រព័ន្ធរំលាយអាហាររបស់អ្នកម្តាយ
ប្រសិនបើអ្នកកំពុងតែជួបបញ្ហាប្រព័ន្ធរំលាយអាហារមិនសូវស្រួល គួរតែព្យាយាមទទួលទានសណ្តែកបណ្តុះឲ្យបានច្រើន ព្រោះវាមានផ្ទុកជាតិសរសៃខ្ពស់ ដែលអាចជួយកែលម្អប្រព័ន្ធរំលាអាហារឲ្យមានសុខភាពល្អឡើងវិញ។

៥.ការពារភាពមិនប្រក្រតីនៃទារក
អ្នកវិទ្យាសាស្ត្របានរកឃើញថា កត្តាដ៏គួរឲ្យព្រួបារម្ភខ្លាំងបំផុតដែលកើតមានចំពោះទារក គឺកង្វះជាតិអាស៊ីតហ្វូលិក។ ក៏ប៉ុន្តែសណ្តែកបណ្តុះមានផ្ទុកអាស៊ីតហ្វុលិកច្រើន ដែលអាចជួយទប់ស្តាត់បញ្ហាពិការភាពចំពោះទារកនៅក្នុងស្បូន។

៦.ថែរក្សាស្បែករបស់ស្ត្រីមានផ្ទៃពោះឲ្យមានសុខភាពល្អ
ជាធម្មតាស្ត្រីមានផ្ទៃពោះ តែងតែជួបបញ្ហាស្បែកគ្មានជាតិសំណើម ដោយសារតែខ្វះសារធាតុចិញ្ចឹម។ ក៏ប៉ុន្តែសណ្តែកបណ្តុះមានផ្ទុកវីតាមីនE ដែលអាចជួយរក្សាស្បែកឲ្យមានសុខភាពល្អ និងបង្កើតកោសិកាស្បែកថ្មីឡើងវិញ។

៧.ផ្តល់សារធាតុចិញ្ចឹមបង្កើតឆ្អឹង
សណ្តែកបណ្តុះមានផ្ទុកអ័រម៉ូន estrogen ដែលអាចជួយបង្កើនដង់ស៊ីតេនៃឆ្អឹង បង្កើតឆ្អឹង ក៏ដូចជាទប់ស្តាត់បញ្ហាពុកឆ្អឹងផងដែរ។ ដូច្នេះ វាជាបន្លែដ៏ល្អបំផុតសម្រាប់រាងកាយមនុស្សទូទៅ ជាពិសេសការវិវត្តរបស់ទារក។

នេះហើយជាមូលហេតុដែលក្រុមអ្នកជំនាញបានណែនាំឲ្យមនុស្សគ្រប់គ្នាបន្ថែមសណ្តែកបណ្តុះនៅក្នុងរបបអាហារជាប្រចាំ ជាពិសេសស្ត្រីមានផ្ទៃពោះតែម្តង៕

ប្រភព៖ soha

Loading...