Post News Media ព័ត៌មានសុខភាព ស្រីៗគួរដឹង! ...

ស្រីៗគួរដឹង! វិធីបង្ការអាការក្អក និងផ្តាសាយ អំឡុងពេលមានផ្ទៃពោះ

ភាគច្រើនអាការក្អក និងផ្តាសាយ តែងតែកើតមាននៅក្នុងរដូវរងា មិនប្រកាន់មនុស្សក្មេងចាស់ ប្រុសឬក៏ស្រីឡើយ។ ជំងឺនេះ ងាយនឹងបាត់ទៅវិញប្រសិនបើអ្នកធ្វើការព្យាបាលបានត្រឹមត្រូវ ក៏ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះវិញមិនមែនចេះតែធ្វើការព្យាបាលតាមចិត្តនោះទេ ព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជម្រើសល្អមានតែមួយគត់ គឺការការពារមុនពេលជំងឺឆ្លងចូលមកក្នុងខ្លួន ទើបមានសុវត្ថិភាព។ ខាងក្រោមនេះ គឺជាវិធីបង្ការជំងឺក្អក និងផ្តាសាយក្នុងពេលមានផ្ទៃពោះ ដែលស្រីៗគ្រប់រូបគួរតែដឹង៖

១.ទទួលវ៉ាក់សាំងបង្ការ
អ្នកអាចទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយក្នុងអំឡុងពេលមានផ្ទៃពោះដំណាក់កាលណាក៏បាន សូម្បីតែត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ។ ព្រោះការចាក់ថ្នាំបង្ការនេះមិនមានផលប៉ះពាល់ណាមួយដល់ទារកក្នុងផ្ទៃពោះឡើយ ខ្លាចតែការព្យាបាលទេទើបគ្រោះថ្នាក់។

២.បង្កើនការទទួលទានសារធាតុរាវ
ការទទួលទានសារធាតុរាវបានគ្រប់គ្រាន់អាចជួយបណ្តេញជាតិពុលចេញពីរាងកាយ ការពារអាការក្អក និងជំងឺផ្តាសាយបាន។ សារធាតុរាវមិនសំដៅទៅលើទឹកតែមួយមុខនោះទេ សូម្បីតែទឹកផ្លែឈើ ឬទឹកតែ ក៏មានប្រសិទ្ធភាពដូចគ្នា។ ក៏ប៉ុន្តែកុំទទួលទានកាហ្វេ ព្រោះជាតិកាហ្វេអ៊ីនអាចបង្កឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

៣.ទទួលទានផ្លែឈើស្រស់
សូមបន្ថែមផ្លែឈើដែលសម្បូរវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងរបបអាហារជាប្រចាំ ដើម្បីជួយប្រព័ន្ធភាពស៊ាំឲ្យដំណើរការកាន់តែល្អជាងមុន។ ជាពិសេសផ្លែឈើដែលសម្បូរវីតាមីន C គឺប្រសើរបំផុតសម្រាប់ការការពារអាការក្អក និងផ្តាសាយ។

៤.នៅឲ្យឆ្ងាយពីអ្នកជំងឺផ្តាសាយ និងក្អក
ប្រសិនបើមានអ្នកណាម្នាក់មានជំងឺផ្តាសាយ ឬក្អក សូមចេញឲ្យឆ្ងាយពីពួកគេបន្តិច បើពុំដូច្នោះទេអ្នកច្បាស់ជាឆ្លងមេរោគនៅពេលពួកគេក្អក ឬកណ្តោស ជាមិនខានឡើយ។ លើសពីនេះទៅទៀត អ្នកមិនត្រូវចែករំលែករបស់ប្រើប្រាស់អ្វីមួយជាមួយនឹងអ្នកទាំងឲ្យសោះ ដូចជាកាស ទូរស័ព្ទ ឬកន្សែងជាដើម។

៥.អនាម័យកន្លែងរស់នៅឲ្យបានស្អាត
បាក់តេរី និងវីរុស អាចរីករាលដាលគ្រប់ទីកន្លែងនៅជុំវិញអ្នក ជាពិសេសនៅពេលបរិស្ថានមិនស្អាត។ ត្រូវចាំថា ធូលី និងជាតិសំណើមអាចបណ្តោលឲ្យមានបញ្ហាក្អក ឬផ្តាសាយ ប្រសិនបើអ្នកសម្អាតវាមិនបានស្អាត។ ដូច្នេះហើយ មិនថាកន្លែងលាងចាន បន្ទប់គេង ឬបន្ទប់ទទួលភ្ញៀវនោះទេ ត្រូវតែឧស្សាហ៍សម្អាតឲ្យស្អាតជានិច្ច៕

ប្រភព៖ boldsky

Loading...