ព័ត៌មានសុខភាព

គួរតមខ្ទឹមស បើអ្នកស្ថិតក្នុងស្ថានភាព៣ចំណុចនេះ!

គ្រប់អាហារទាំងអស់ក៏មានផលល្អ និងផលអាក្រកផងដែរប្រសិនបើការទទួលមិនបានត្រឹមត្រូវ។ ដូចជា ខ្ទឹមស ថ្វីបើជាគ្រឿងទេសដ៏ពេញនិយមបំផុតសម្រាប់មនុស្សគ្រប់ក្រុមគ្រួសារ ហើយផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពពិតមែន។ ប៉ុន្តែអ្នកជំនាញបានព្រមានមិនឲ្យអ្នកជំងឺមួយចំនួនទទួលទានខ្ទឹមសទាំងឆៅឡើយ ព្រោះវាអាចបណ្តោលឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។ ខាងក្រោមនេះ គឺជាប្រភេទនៃអ្នកជំងឺមួយចំនួនគួរតែជៀសវាងទទួលទានខ្ទឹមស៖

អ្នកជំងឺរាករូស
នៅពេលដែលអ្នកកើតជំងឺរាករូស បាក់តេរីជាច្រើននឹងរីកលូតលាស់នៅក្នុងពោះវៀន។ ដូច្នេះអ្នកពុំគួរបរិភោគខ្ទឹមសទាំងឆៅនោះទេ ព្រោះវាអាចធ្វើឲ្យពោះវៀនរងរបួស រាំងស្ទះដល់ដំណើរការរំលាយអាហារ ឈឺពោះ និងត្រូវចំណាយពេលច្រើនដើម្បីធ្វើការរំលាយ។

អ្នកមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ
អ្នកត្រូវដឹងថា ការបរិភោគខ្ទឹមសកាន់តែច្រើន ធ្វើឲ្យឧស្ម័នហ្គាសក្នុងក្រពះពោះវៀនកើនឡើងខ្លាំង ហើយស៊ីឈាមថែមទៀត។ ខ្ទឹមស មានជាតិហិរ ក្តៅ ឧស្ម័នពុល … ដែលមិនអំណោយផលដល់អ្នកមានរាងកាយទន់ខ្សោយ ឬសម្ពាធឈាមទាបនោះទេ។ យកល្អ ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាពកាន់តែធ្ងន់ធ្ងរ អ្នកដែលរាងកាយទន់ខ្សោយគួរតែតមខ្ទឹមសបណ្តោះអាសន្នសិន។

អ្នកមានបញ្ហាថ្លើម
ខ្ទឹមសមានសមាសធាតុមួយចំនួន ដែលអាចជំរុញឲ្យមានការរលាកក្រពះពោះវៀន រារាំងដល់ការបញ្ចេញឧស្ម័នពុល និងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ ការទទួលទានខ្ទឹមសច្រើន អាចបណ្តោលរលាកក្រពះ និងរលាកថ្លើមបានយ៉ាងងាយ។ លើសពីនេះទៅទៀតសមាសធាតុនៃខ្ទឹមស អាចកាត់បន្ថយកោសិកាឈាមក្រហម ដែលនាំឲ្យរាងកាយមានភាពស្លេកស្លាំង និងរាំងស្ទះដល់ការព្យាបាលនៃជំងឺថ្លើម៕

ប្រភព៖ soha

មតិយោបល់