Post News Media ព័ត៌មានសុខភាព ៥០ភាគរយនៃមនុស...

៥០ភាគរយនៃមនុស្សស្រី យ៉ាងហោចណាស់ឆ្លងមេរោគផ្លូវបង្ហូរនោមម្តងក្នុងមួយជីវិត

ការឆ្លងមេរោគលើផ្លូវបង្ហូរនោម កើតឡើងដោយសារតែបាក់តេរី រីករាលដាលចូលទៅក្នុងប្លោកនោម ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ និងគ្រប់ភេទ ប៉ុន្តែស្ត្រីមានអត្រាខ្ពស់ជាងបុរស។

ប្រហែលជា ៥០ភាគរយនៃស្ត្រីទទួលរងនូវការឆ្លងមេរោគនេះយ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគេ។ នេះដោយសារតែបំពង់បង្ហូរនោមនៅជិតស្និតជាមួយទ្វារមាស និងនៅក្បែររន្ធគូថ ដែលជាប្រភពនៃការបង្កជំងឺជាច្រើន។

តើមនុស្សបែបណាងាយនឹងឆ្លងមេរោគលើផ្លូវបង្ហូរនោម?
ស្ត្រីមានផ្ទៃពោះ អ្នកកើតជំងឺទឹកនោមផ្អែម អ្នកដែលមានបញ្ហាតម្រងនោម មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ… សុទ្ធតែប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគលើផ្លូវបង្ហូរនោម។

តើសញ្ញាអ្វីខ្លះ ដែលបង្ហាញថាអ្នកឆ្លងមេរោគលើផ្លូវបង្ហូរនោម?
រោគសញ្ញាដំបូងនៃការឆ្លងមេរោគលើផ្លូវបង្ហូរនោម គឺការនោមញឹក មានអារម្មណ៍ក្តៅនៅពេលនោម មានការឈឺចាប់ក្នុងពោះផ្នែកខាងក្រោម និងឈឺចាប់នៅពេលបញ្ចេញនោម។

ប្រសិនបើអ្នកមិនបានព្យាបាលទេ ការរលាកមានសភាពកាន់តែកាន់តែធ្ងន់ធ្ងរឡើង ហើយមេរោគនឹងរីករាលដាលទៅដល់តម្រងនោម។ មិនយូរមិនឆាប់ មុខងារនៃតម្រងនោមនឹងចុះខ្សោយ និងកើតជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។

តើធ្វើដូចម្តេចទៅទើបអាចព្យាបាលជំងឺឆ្លងមេរោគលើផ្លូវបង្ហូរនោមបានទៅ?
រឿងដំបូងអ្នកដែលត្រូវធ្វើ គឺស្វែងរកជំនួយពីផ្នែកវេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវ ដើម្បីកំណត់ជំងឺ និងធ្វើការព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងក្លាយទៅជាជំងឺរ៉ាំរ៉ៃ។

តើធ្វើដូចម្តេចដើម្បីការពារការឆ្លងមេរោគលើផ្លូវបង្ហូរនោម?
ក្រុមអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ Miami School of Medicine បានរកឃើញថា ដំណោះស្រាយសាមញ្ញបំផុត ដើម្បីបង្ការការឆ្លងមេរោគលើបំពង់បង្ហូរនោម គឺការទទួលទានទឹកឲ្យបានច្រើន។

លោកវេជ្ជបណ្ឌិត Thomas M. Hobson បាននិយាយថា ការទទួលទានទឹកគឺជាមធ្យាបាយដ៏ងាយស្រួល និងមានសុវត្ថិភាពបំផុតក្នុងការទប់ស្កាត់ជំងឺ។ ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលទទួលទានទឹកច្រើនមានការថយចុះហានិភ័យនៃជំងឺឆ្លងមេរោគលើផ្លូវបង្ហូរនោមរហូតដល់ទៅ ៤៨ភាគរយ ។

ការទទួលទានទឹកច្រើនអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគលើផ្លូវបង្ហូរនោម ដោយសារតែវាអាចជួយបង្កើនការនោមញឹកដើម្បីកម្ចាត់បាក់តេរីចេញពីប្លោកនោម និងកាត់បន្ថយដង់ស៊ីតេដែលបណ្តោលឲ្យឆ្លងមេរោគលើផ្លូវបង្ហូរនោម។

ដូចគ្នានេះផងដែរ ក្រៅពីការទទួលទានទឹកឲ្យបានច្រើន អ្នកគួរតែព្យាយាមធ្វើអនាម័យតំបន់ឯកជនជាប្រចាំផងដែរ៕

ប្រភព៖ soha

Loading...