ព័ត៌មានសុខភាព

ឈឺចុងសុដន់ពេលបំបៅដោះកូនលើកដំបូង គួរអនុវត្ត៤យ៉ាងនេះ

បញ្ហាឈឺចាប់ចុងដុន់ តែងតែកើតមានចំពោះអ្នកម្តាយថ្មោងថ្មីភាគច្រើន ដែលបណ្តោមកពីទារកមិនទាន់ចេះជញ្ជក់ ការផលិតទឹកដោះច្រើនពេក និងចុងសុដន់មានសភាពស្ងួតប្រេះ ជាដើម។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា បញ្ហាឈឺចាប់ចុងសុដន់ អាចកើតអាចកាត់បន្ថយបាន ដោយមិនចាំបាច់ទៅរកថ្នាំឯណាឆ្ងាយនោះទេ។

១.ទឹកដោះខ្លួនឯង
ដំណោះស្រាយដ៏ល្អក្នុងការបំបាត់អាការឈឺចាប់ចុងសុដន់ គឺទឹកដោះខ្លួនឯង។ ទឹកដោះម្តាយពោរពេញទៅដោយថ្នាំអង់ទីប៊ីយោទិក ដែលអាចជួយសម្រាលដល់ស្នាមប្រេះ ហើយធ្វើឲ្យចុងសុដន់មានសំណើមផងដែរ។

អ្នកគ្រាន់តែច្របាច់ទឹកដោះបន្តិចដាក់លើបាតដៃ ហើយម៉ាស្សាលើចុងសុដន់ថ្នមៗ។ តែកុំភ្លេចទុកឲ្យស្ងួតសិនមុនពេលយកអាវគ្របពីលើ។ ក្នុងមួយថ្ងៃ អ្នកត្រូវអនុវត្តឲ្យបានច្រើនដង ទើបបញ្ហាឆាប់ជាធូរស្រាល។

២.ម៉ាស្សាដោយប្រើប្រេង
ការម៉ាស្សាដោយប្រើប្រេងដូង ឬប្រេងអូលីវ នឹងធ្វើឲ្យស្បែកចុងសុដន់មានសំណើម និងកាត់បន្ថយភាពស្ងួត។ ការធ្វើបែបនេះនឹងជួយកាត់បន្ថយការឈឺចាប់ភ្លាមៗ សម្រាប់ស្ត្រីដែលមានការឈឺចាប់ខ្លាំង។

យកប្រេងមួយស្លាបព្រាបាយទៅកម្ដៅឲ្យក្តៅឧណ្ឌៗ ហើយយកមកម៉ាស្សានៅលើចុងសុដន់ឲ្យសព្វល្អ។ អ្នកត្រូវព្យាយាមធ្វើបែបនេះរៀងរាល់ក្រោយពេលបំបៅដោះកូន។

៣.ទឹកក្តៅឧណ្ឌៗ
ការដាក់កម្ដៅនៅលើចុងសុដន់ក៏អាចកាត់បន្ថយការឈឺចាប់ និងធ្វើឲ្យសរសៃឈាមធូរស្រាលផងដែរ។ វាក៏អាចជួយបោសសម្អាតទឹកដោះដែលលើស ដែលជាមូលហេតុធ្វើឲ្យអ្នកមានការឈឺចាប់ចុងសុដន់។

ក្នុងការអនុវត្តអ្នកត្រូវយកទឹកក្តៅឧណ្ឌៗចាក់ចូលទៅក្នុងកូនចានមួយ រួចប្រើក្រណាត់ស្អាតជ្រលក់ចូល។ បន្ទាប់មកយកក្រណាត់នេះមកគ្របលើចុងសុដន់ ប៉ុន្តែអ្នកត្រូវឧស្សាហ៍ធ្វើឲ្យបានច្រើនដងក្នុងមួយថ្ងៃ។

៤.ទឹកកក
ទឹកកក អាចជួយបន្ធូរបន្ថយភាពតានតឹងនៃសរសៃឈាមវែន និងកាត់បន្ថយការឈឺចាប់ចុងសុដន់។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកាត់បន្ថយការឡើងក្រហម ឬហើមដែលបណ្តោលឲ្យមានការឈឺចាប់ដល់ចុងសុដន់ផងដែរ។

ដើម្បីកាត់បន្ថយការឈឺចាប់ អ្នកគួរតែយកកូនកន្សែងមករុំទឹកកកមួយដុំ ហើយដាក់ស្អំនៅលើចុងសុដន់ ការឈឺចាប់នឹងកែសម្រួលបានភ្លាម៕

ប្រភព៖ boldsky

មតិយោបល់