Post News Media ព័ត៌មានសុខភាព ទម្លាប់ប្រចាំ...

ទម្លាប់ប្រចាំថ្ងៃ ៤យ៉ាងធ្វើឲ្យអ្នកកើតជំងឺឬសដូងបាត

ឬសដូងបាត គឺជាដុំសាច់ដែលកើតឡើងនៅត្រង់តំបន់រន្ធគូថ ហើយជំងឺនេះមានពីរប្រភេទ គឺឬសដូងបាតនៅផ្នែកក្នុង និងឬសដូងបាតនៅផ្នែកខាងក្រៅ។ ឬសដូងបាតផ្នែកខាងក្រៅ គឺគ្រាន់តែអ្នកយកដៃស្ទាបនឹងប៉ះដុំសាច់ពកៗនៅជុំវិញរន្ធគូថ ប៉ុន្តែឬសដូងបាតខាងក្នុងវិញទាល់តែអ្នកប្រឹងបន្ទោរបង់ទើបលានចេញ ហើយក្រោយមកវានឹងលិបចូលទៅវិញ។ ជំងឺនេះ អាចបង្កឲ្យមានការឈឺចាប់នៅត្រង់តំបន់រន្ធគូថ ពិបាកក្នុងការអង្គុយ ហើយប្រសិនបើករណីធ្ងន់ធ្ងរអាចមានការហូរឈាមថែមទៀត។ បើយោងតាមលោកវេជ្ជបណ្ឌិត Manish Pense បានបង្ហាញថា ទម្លាប់ប្រចាំថ្ងៃ ៤ចំណុចអាចធ្វើឲ្យអ្នកកើតជំងឺឬសដូងបាតដោយមិនដឹងខ្លួន។

អង្គុយធ្វើការយូរពេក
ការអង្គុយនៅលើកៅអ៊ីធ្វើការយូរពេក អាចដាក់សម្ពាធខ្លាំងទៅលើរន្ធគូថ ហើយសរសៃឈាមត្រង់ចំណុចនេះធ្វើការកន្ត្រាក់ខ្លាំងដែលបណ្តោលឲ្យមានការរលាក។ ទីបំផុតអ្នកដែលទម្លាប់អង្គុយធ្វើការយូរៗ នឹងកើតមានដុំសាច់នៅតំបន់រន្ធគូថ ដែលគេហៅថាឬសដូងបាត។ ហេតុនេះ អ្នកគួរតែឧស្សាហ៍ងើបដើរជារៀងរាល់ ៣០នាទី ឬមួយម៉ោងម្តង ដើម្បីកាត់បន្ថយហានិភ័យ។

ពីរបីថ្ងៃទំរ៉ាំបញ្ចេញចោលម្តង
ការបញ្ចេញកាកសំណល់ គឺជាមុខងារដ៏សំខាន់បំផុតនៃពោះវៀនធំ។ ប៉ុន្តែប្រសិនបើអ្នករង់ចាំរយ:ពេលពីរបីថ្ងៃទើបបន្ទាប់បង់ម្តង ពោះវៀនធំនឹងស្រូបយកជាតិទឹកពីកាកសំណល់មកវិញ ដែលជាហេតុធ្វើឲ្យរឹង។ ពេលណាលាមករឹង ការបន្ទោរបង់អាចមានការឈឺចាប់ ឬកកិតជាមួយរន្ធគូថ ដែលបណ្តោលឲ្យរលាកយ៉ាងងាយ ហើយយូរទៅនឹងប្រែក្លាយទៅជាឬសដូងបាត។ យកល្អ អ្នកគួរតែមានទម្លាប់បន្ទោរបង់ នៅពេលព្រឹកចន្លោះម៉ោង ៧ទៅ៨ជារៀងរាល់ថ្ងៃទើបប្រសើរ។

ប្រឹងបន្ទោរបង់ខ្លាំងពេក
ការព្យាយាមរុញច្រានលាមកចេញមកក្រៅ អាចធ្វើឲ្យសរសៃឈាមរន្ធគូថត្រូវបានបំផ្លាញ ហើយមានការហូរឈាមថែមទៀត។ នេះក៏ជាមួយហេតុមួយដែលបង្កឲ្យកើតជំងឺឬសដូងបាតដូចគ្នា។

មិនទទួលទានអាហារសម្បូរជាតិសរសៃ
លាមកទន់ និងងាយស្រួលក្នុងការបញ្ចេញចោល គឺអាស្រ័យទៅលើការទទួលទានរបបអាហារសម្បូរជាតិសរសៃ។ លើសពីនេះការទទួលទានទឹកបានគ្រប់គ្រាន់ ក៏អាចជួយបង្កើនល្បឿនដំណើរការរបស់ពោះវៀនឲ្យបំពេញមុខងារបានល្អដែរ។

ផ្ទុយទៅវិញប្រសិនបើអ្នក មិនបានទទួលទានអាហារសម្បូរជាតិសរសៃ លាមកនឹងប្រែទៅជារឹងក្តៀន ហើយពិបាកក្នុងការបញ្ចេញចោលណាស់។ មិនយូរមិនឆាប់ ដុំសាច់ឬសដូងបាត នឹងលេចចេញមកដោយឯងៗ៕

ប្រភព៖ thehealthsite

Loading...