ព័ត៌មានសុខភាព

កុំគិតថា ជីវ៉ាន់ស៊ុយត្រឹមតែជាជីធម្មតា តាមពិតវាមានគុណសម្បត្តិលើសលប់

មនុស្សភាគច្រើនដឹងត្រឹមថា ជីវ៉ាន់ស៊ុយ គឺជាគ្រឿងទេសមួយប្រភេទសម្រាប់បន្ថែមនៅក្នុងអាហារឲ្យមានក្លិនឈ្ងុយគួរឲ្យចង់ទទួលទាន ឬសម្រាប់តុបតែងអាហារដើម្បីឲ្យមានសោភ័ណ្ឌភាព។ តាមពិត ជីវ៉ាន់ស៊ុយ មិនមែនជាជីធម្មតានោះទេ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជីវ៉ាន់ស៊ុយ គឺអាហារដែលផ្តល់អត្ថប្រយោជន៍ច្រើនបំផុតសម្រាប់រាងកាយ។

១.ព្យាបាលជំងឺទឹកនោមផ្អែម
ជីវ៉ាន់ស៊ុយ សម្បូរទៅដោយសារធាតុ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម និងធ្វើឲ្យអាំងស៊ុយលីនមានតុ្យភាព។

២.ព្យាបាលជំងឺសន្លាក់
ជំងឺរលាកសន្លាក់ គឺជាជំងឺមួយដែលធ្វើឲ្យរាងកាយមានសភាពរឹង ពិបាកធ្វើចលនា ហើយមានការឈឺចាប់ថែមទៀត។ ក៏ប៉ុន្តែជីវ៉ាន់ស៊ុយ ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុសំខាន់ៗដូចជា luteolin, flavonoid និងវីតាមីន C។

សារធាតុទាំងនេះ គឺជាភ្នាក់ងារប្រឆាំងនឹងការរលាកបានយ៉ាងពូកែ ហើយពួកវាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ ដូច្នេះ វាអាចជួយជំរុញដល់លំហូរឈាមទៅកាន់សន្លាក់ និងឆ្អឹងខ្ចី ដែលធ្វើឲ្យបញ្ហាឈឺសន្លាក់ជាសះស្បើយឡើងវិញ។

៣.បំបាត់ការឈឺចាប់
ជីវ៉ាន់ស៊ុយ មានផ្ទុកសារធាតុប្រឆាំងនឹងការរលាកពីធម្មជាតិ ហេតុនេះវាមានសមត្ថភាពអាចកាត់បន្ថយការរលាកផ្នែកផ្សេងៗនៃរាងកាយយ៉ាងពូកែបំផុត។

៤.ព្យាបាលក្រួសក្នុងតម្រងនោម
ជីវ៉ាន់ស៊ុយ ជាថ្នាំបញ្ចុះទឹកនោមពីធម្មជាតិ ដែលអាចកាត់បន្ថយសារធាតុរាវនៅក្នុងតម្រងនោម និងជួយកាត់បន្ថយចំនួនក្រួសក្នុងតម្រងនោមផងដែរ។

៥.ពង្រឹងប្រព័ន្ធភាពស៊ាំ
ជីវ៉ាន់ស៊ុយ សម្បូរទៅដោយអង់ទីអុកស៊ីដង និងប៉ូតាស្យូមដែលអាចជួយពង្រឹងកោសិកាទាំងអស់នៃរាងកាយ ហើយជួយការពាររាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។

បើយោងតាមការស្រាវជ្រាវជាច្រើនរកឃើញថា ជីវ៉ាន់ស៊ុយ មានផ្ទុកវីតាមីន A និងវីតាមីន C ដែលមានឥទ្ធិពលក្នុងការគាំទ្រដល់ប្រព័ន្ធភាពស៊ាំ។
វីតាមីន A អាចជួយផ្គត់ផ្គង់ដល់ពោះវៀន តម្រងនោម ផ្លូវដង្ហើម និងភ្នែក ឲ្យមានសុខភាពល្អ។ លើសពីនេះទៅទៀត វាអាចជួយជំរុញដល់កោសិកាឈាមសក្នុងរាងកាយ បង្កើនភាពធន់ទប់ទល់នឹងការឆ្លងមេរោគ។ ម្យ៉ាងវិញទៀតវីតាមីន C មានប្រសិទ្ធភាពក្នុងការបង្កើតស្រទាប់កូឡាជែន ដែលចាំបាច់សម្រាប់ស្បែក។

៦.បង្ការជំងឺមហារីក
ការសិក្សាមួយចំនួនបានរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ flavonoids ដែលត្រូវបានគេរកឃើញនៅក្នុងជីវ៉ាន់ស៊ុយ អាចជួយទប់ស្តាត់ជំងឺមហារីកមួយចំនួន ដោយការរារាំងមិនឲ្យវាលូតលាស់ និងការបង្កើនកោសិកាមហារីកនៅក្នុងរាងកាយ។

បើយោងតាមទស្សនាវដ្តី For Women បានចុះផ្សាយថា សារធាតុសរីរាង្គដូចជា myristicin ដែលត្រូវបានគេរកឃើញននៅក្នុងជីវ៉ាន់ស៊ុយ អាចជួយការពារការដុះដុំសាច់មហារីកនៅក្នុងសួត។ មិនតែប៉ុណ្ណោះ វាក៏អាចជួយធ្វើឲ្យមានតុល្យភាពរវាងសារធាតុបង្កមហារីក ដែលបណ្តោលមកពីការជក់បារី និងការពារជំងឺមហារីកពោះវៀនធំ ឬក្រពេះប្រូស្តាតផងដែរ៕

ប្រភព៖ soha

មតិយោបល់