Post News Media ព័ត៌មានសុខភាព អានចប់ទើបដឹងថ...

អានចប់ទើបដឹងថា ផ្សែងបារីមានផលប៉ះពាល់ខ្លាំងជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀត

ទោះបីជាមានការផ្សព្វផ្សាយជាច្រើនដែលពាក់ព័ន្ធទៅនឹងផលប៉ះពាល់នៃផ្សែងបារីក៏ដោយ ក៏ប៉ុន្តែមនុស្សមួយចំនួននៅតែហាមឃាត់ចិត្តខ្លួនឯងមិនបានដដែល។ យើងគ្រប់គ្នាដឹងត្រឹមថា ការជក់បារីអាចបណ្តោលឲ្យគ្រោះថ្នាក់ដល់ផ្លូវដង្ហើម ជាពិសេសសរីរាង្គសួតតែម្តង។ ទោះជាយ៉ាងណា នេះគ្រាន់តែជាផលប៉ះពាល់មួយចំណែកតែប៉ុណ្ណោះ នៅមានផលប៉ះពាល់ជាច្រើនទៀតដែលអ្នកមិនធ្លាប់ដឹង។

រលាកសួត៖ អ្នកណាក៏ដឹងដែរថា ផ្សែងបារីគឺជាឃាត់ករសាហាវបំផុតក្នុងការបំផ្លាញសួតសម្រាប់មនុស្សទូទៅ ជាពិសេសកុមារតូចៗដែលប៉ះពាល់ទៅនឹងផ្សែងបារីមានហានិភ័យកើតជំងឺរលាកទងសួតរ៉ាំរ៉ៃ និងជំងឺរលាកសួត។

សារធាតុពុលនៅក្នុងផ្សែងបារីអាចកាត់បន្ថយខ្យល់ចេញចូលក្នុងផ្លូវដង្ហើម ហើយបង្កឲ្យពិបាកក្នុងការដកដង្ហើម។ ដូច្នេះអ្នកគួរតែកាត់បន្ថយ ឬជៀសវាងបារីតែម្តងដើម្បីរក្សាសួតឲ្យមានសុខភាពល្អ។

ជំងឺមហារីកសួត៖ សារធាតុគីមីជាច្រើននៅក្នុងផ្សែងបារី អាចបង្កឲ្យមានការខូចខាតដល់ DNA រួមទាំងហ្សែនសំខាន់ៗ ដែលជាអ្នកការពារប្រឆាំងនឹងជំងឺមហារីក។ ដូច្នេះ ការជក់បារី គឺជាហានិភ័យមួយសម្រាប់ជំងឺមហារីកសួត ប៉ុន្តែអ្នកដែលប៉ះពាល់ទៅនឹងផ្សែងបារីក៏អាចបង្កើហានិភ័យដូចគ្នាដែរ។

កើតជំងឺហឺត៖ ផ្សែងគ្រប់ប្រភេទសុទ្ធតែអាចធ្វើឲ្យរលាកសួត ជាពិសេសផ្សែងបារីជាមូលហេតុដ៏ធំមួយដែលបណ្តោលឲ្យអ្នកកើតជំងឺហឺត។

ជំងឺបេះដូង៖ ទាំងអ្នកជក់បារីសកម្ម និងមិនសូវសកម្ម មានហានិភ័យនៃជំងឺបេះដូងកម្រិតខ្ពស់ដូចគ្នា។ ផលប៉ះពាល់នៃការជក់បារី អាចបង្កើនអត្រាចង្វាក់បេះដូង កាត់បន្ថយអុកស៊ីសែនទៅកាន់បេះដូង បង្កើនសម្ពាធឈាម និងធ្វើឲ្យបេះដូងលំបាកក្នុងការធ្វើចលនា។

សារធាតុពុលនៅក្នុងផ្សែងបារីក៏អាចធ្វើឲ្យខូចកោសិកាឈាម ដែលប៉ះពាល់ដល់មុខងារនៃបេះដូង និងសរសៃឈាមដែរ។ នេះហើយជាមូលហេតុធ្វើឲ្យអ្នកជក់បារី កើតមានជំងឺក្រិនសរសៃឈាម ដែលអាចបណ្តោលឲ្យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។

ទារកមានទម្ងន់ស្រាល៖ កុមារដែលកើតចេញពីផ្ទៃម្តាយដែលរស់នៅជាមួយនឹងផ្សែងបារី ជារឿយៗមានទម្ងន់ស្រាលបំផុត។ ការជក់បារី អាចកាត់បន្ថយអុកស៊ីសែន និងសារធាតុចិញ្ចឹម ដែលត្រូវបញ្ចូនទៅកាន់ទារកតាមរយ:សុក។ ហេតុនេះហើយទើបទារកក្នុងផ្ទៃ មិនអាចមានការលូតលាស់បានល្អ ដែលធ្វើឲ្យមានទម្ងន់ស្រាលពេលកើតមក។

ខ្សោយប្រព័ន្ធភាពស៊ាំ៖ ការប៉ះពាល់ទនឹងផ្សែងបារីក៏មានគ្រោះថ្នាក់ចំពោះប្រព័ន្ធភាពស៊ាំដែរ។ នៅពេលដែលអ្នកស្រូបយកជាតិពុលគីមី វានឹងផ្លាស់ប្តូរចំនួនកោសិកាភាពស៊ាំផ្សេងៗ ដែលធ្វើឲ្យខូចមុខងារដទៃទៀត។ មិនតែប៉ុណ្ណោះ ផ្សែងបារីអាចធ្វើឲ្យអ្នកងាយនឹងឆ្លងមេរោគផ្លូវដង្ហើម អាឡែស៊ី និងផ្តាសាយ។

ស្បែកឆាប់ចាស់៖ ផ្សែងបារីមានផលប៉ះពាល់អវិជ្ជមានដល់ស្បែករបស់មនុស្សគ្រប់រូប។ ព្រោះផ្សែងបារីអាចបង្កឲ្យមានការរលាក និងបំផ្លាញភ្នាសរបស់ស្បែក ដូច្នេះវាអាចធ្វើអាចធ្វើឲ្យស្បែករបស់អ្នកមានភាពជ្រីវជ្រួញ។

លើសពីនេះទៅទៀត ផ្សែងបារីក៏អាចកាត់បន្ថយការផលិតស្រទាប់កូឡាជែន ដែលធ្វើឲ្យស្បែកលែងមានសុខភាពល្អ និងឆាប់ចាស់ជាងវ័យលឿនបំផុត៕

ប្រភព៖ soha

Loading...