Post News Media ព័ត៌មានសុខភាព មិនធ្លាប់គិតស...

មិនធ្លាប់គិតសោះ! ទទួលទានគ្រាប់ខ្នុរផ្តល់អត្ថប្រយោជន៍ដល់ម្លឹង

ខ្នុរ គឺជាផ្លែឈើមួយប្រភេទនៅក្នុងចំណោមផ្លែឈើដ៏ពេញនិយមបំផុតនៅតំបន់អាស៊ី។ ផ្លែឈើធម្មជាតិមួយប្រភេទនេះសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន B ប៉ូតាស្យូម កាល់ស្យូម និងស័ង្កសី។

ប៉ុន្តែ អ្នកដឹងទេក្រៅពីសាច់ខ្នុរ សូម្បីតែគ្រាប់របស់វាក៏ផ្តល់អត្ថប្រយោជន៍មិនតិចដែរ។ គ្រាប់ខ្នុរត្រូវបានគេរកឃើញថា សម្បូរសារធាតុចិញ្ចឹមដែលអាចជួយបំបែកអាហារទៅជាថាមពល ហើយជួយថែរក្សាសរីរាង្គទាំងមូលឲ្យមានសុខភាពល្អ។

១.បង្ការបញ្ហារំលាយអាហារ
គ្រាប់ខ្នុរ សម្បូរសារធាតុចិញ្ចឹមអាចជួយជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានត្រឹមត្រូវ។ ជាពិសេសជាតិសរសៃរបស់វា អាចជួយពន្លឿនដល់ការរំលាយអាហារ និងការពារការទល់លាមកផងដែរ។

២.ល្អសម្រាប់សុខភាពភ្នែក
វីតាមីន A នៅក្នុងគ្រាប់ខ្នុរអាចជួយរក្សាភ្នែករបស់អ្នកឲ្យមានសុខភាពល្អជានិច្ច។ វីតាម A គឺជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតដែលអាចជួយទប់ស្កាត់ជំងឺទាក់ទងទៅនឹងភ្នែកដូចជា ខ្វាក់មាន់ជាដើម។

៣.បង្ការភាពស្លេកស្លាំង
ការទទួលទានគ្រាប់ខ្នុរ ម្តង ឬពីរដងក្នុងមួយសប្តាហ៍នឹងបង្កើនជាតិដែកក្នុងរាងកាយ។ គ្រាប់ខ្នុរ គឺជាប្រភពដ៏អស្ចារ្យនៃជាតិដែក ដែលល្អសម្រាប់មនុស្សមានអេម៉ូក្លូប៊ីនក្នុងឈាមកម្រិតទាប។ ទម្លាប់ទទួលទានគ្រាប់ខ្នុរញឹកញាប់ មិនត្រឹមតែជួយការពារភាពស្លេកស្លាំងនោះទេ សូម្បីតែជំងឺផ្សេងៗទៀតដែលទាក់ទងនឹងឈាមក៏កាត់បន្ថយបានដែរ។

៤.បង្ការជំងឺមហារីក
គ្រាប់ខ្នុរ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចទប់ស្តាត់ការលូតលាស់នៃជំងឺមហារីក ព្រោះវាអាចការពាររាងកាយពីរ៉ាឌីកាល់សេរី ដែលអាចធ្វើឲ្យខូចកោសិកា DNA និងផលិកោសិកាមហារីក។

៥.កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
គ្រាប់ខ្នុរ គ្មានកូលេស្តេរ៉ុលនោះទេ ហេតុនេះវាត្រូវបានគេចាត់ទុកជាគ្រប់ធញ្ញជាតិដ៏ល្អក្នុងការការពារជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែកូលេស្តេរ៉ុលអាក្រក់កើនឡើងនៅក្នុងខ្លួន។

៦.ជួយឲ្យឆ្អឹងរឹងមាំ
ជាតិកាល់ស្យូមនៅក្នុងគ្រាប់ខ្នុរ មានសមត្ថភាពអាចជួយកសាង និងជំរុញឆ្អឹងឲ្យមានសុខភាពល្អ។ ដូច្នេះ ចូលព្យាយាមទទួលទានគ្រាប់ខ្នុរឲ្យបានញឹកញាប់ប្រសិនបើអ្នកចង់បង្កើនសាច់ដុំ និងឆ្អឹងឲ្យកាន់តែរឹងមាំ៕

ប្រភព៖ boldsky

Loading...