ព័ត៌មានសុខភាព

៥ចំណុច អ្នកជំងឺទឹកនោមផ្អែមគ្រប់រូបគួរតែចាំទុក

ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលគ្មានថ្នាំព្យាបាលឡើយ ប្រសិនបើកើតហើយជីវិតរបស់អ្នកនឹងមានវាជារៀងរហូត។ មិនតែប៉ុណ្ណោះ អ្នកកើតជំងឺទឹកនោមផ្អែមពិតជាលំបាកក្នុងការរស់នៅខ្លាំងណាស់ ព្រោះត្រូវតមអាហារច្រើនមិនហ៊ានញ៉ាំអ្វីផ្តេសផ្តាស់ឡើយ បើពុំដូច្នោះទេជំងឺនឹងកាន់តែធ្ងន់ធ្ងរឡើងៗអាចគំរាមកំហែងដល់ជីវិត។

បើទោះបីជាជំងឺទឹកនោមផ្អែមគ្មានថ្នាំព្យាបាលក៏ពិតមែន ក៏ប៉ុន្តែអ្នកអាចគ្រប់គ្រងជំងឺនេះបាន តាមរយ:ការទទួលទានរបបអាហារ និងប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះ គឺជាគន្លឹះក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ដែលអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំ៖

បរិភោគអាហារសម្បូរជាតិសរសៃឲ្យបានច្រើន
ការទទួលទានអាហារសម្បូរជាតិសរសៃ ជាពិសេសនៅពេលព្រឹកអាចជួយរក្សាស្ថេរភាពជាតិស្ករក្នុងឈាម។ មិនតែប៉ុណ្ណោះវាធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយមិនសូវស្រេកឃ្លាននៅពេលថ្ងៃ។

គេចចេញឲ្យឆ្ងាយពីភេសជ្ជ:មានផ្ទុកជាតិស្ករ
ការទទួលទានទឹកក្រូចសូដា ទឹកផ្លែឈើ និងភេសជ្ជ:កំប៉ុងផ្សេងៗ សុទ្ធតែផ្ទុកកម្រិតជាតិស្ករខ្ពស់ ដែលបណ្តោលឲ្យអ្នកឡើងទម្ងន់កាន់តែខ្លាំង។ មិនតែប៉ុណ្ណោះ ភេសជ្ជ:ប្រភេទនេះ អាចធ្វើឲ្យអ្នកនោមញឹក និងខ្វះជាតិទឹកនៅក្នុងខ្លួន។ យកល្អអ្នកជំងឺទឹកនោមផ្អែមគួរតែជៀសវាងភេសជ្ជ:ដែលមានផ្ទុកជាតិស្ករ ហើយព្យាយាមទទួលទានទឹកវិញប្រសើរជាង។

កំណត់ការប្រើប្រាស់ប្រេង ប៊ឺរ និងផលិតផលធ្វើពីទឹកដោះគោ
រឿងមួយទៀតដែលអ្នកជំងឺទឹកនោមផ្អែម ត្រូវធ្វើគឺជៀសវាងប្រភេទអាហារដែលមានផ្ទុកប្រេងច្រើន ប៊ឺរ និងផលិតផលច្នៃពីទឹកដោះគោ ដោយសារតែវាមានជាតិខ្លាញ់ច្រើនដែលអាចបង្កើនជាតិស្ករក្នុងឈាមកាន់តែខ្លាំង។

កំណត់ការសេពគ្រឿងស្រវឹង
ការសេពគ្រឿងស្រវឹងច្រើនពេក អាចបណ្តោលឲ្យប៉ះពាល់ដល់ការផលិតអាំងស៊ុយលីននៅក្នុងរាងកាយ ហើយបង្កើនជាតិស្ករនៅក្នុងឈាម។ ការសេពគ្រឿងស្រវឹងជាទៀងទាត់ អាចបណ្តោលឲ្យឡើងទម្ងន់ និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ដែលមិនអាចគ្រប់គ្រងបាន។

ដូច្នេះ អ្នកជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវកំណត់ការសេពគ្រឿងស្រវឹង ដោយប្រើប្រាស់ត្រឹមតែ ១ពែង (ឬ៣០មីលីលីត្រ) ក្នុងមួយថ្ងៃបានហើយ ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាព។

ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ការធ្វើសកម្មភាពសាមញ្ញៗ ដូចជាថែសួន ឡើងជណ្តើរ ឬដើររយ:ពេល ២០នាទី ក៏អាចជួយលើកកម្ពស់ដល់ការំលាយអាហារ និងដុតបំផ្លាញកាឡូរីផងដែរ។ ដូច្នេះអ្នកគួរតែទម្លាប់បញ្ចេញសកម្មភាពឲ្យបានទៀងទាត់តាមរយ:ការហាត់ប្រាណ៕

ប្រភព៖ soha

មតិយោបល់