ព័ត៌មានសុខភាព

ប្រយ័ត្នផង! ញ៉ាំអាហារក្តៅលើស ៦៥អង្សាសេ អាចកើតជំងឺមហារីក

បើយោតាមរបាយការណ៍ថ្មីមួយរបស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រាវជំងឺមហារីកហៅកាត់ថា IARC នៅប្រទេសបារាំង បានបង្ហាញថា ទម្លាប់នៃការទទួលទានអាហារ និងភេសជ្ជ:ដែលមានកម្តៅលើសពី ៦៥អង្សាសេ អាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារ។

ប្រសិនបើអ្នកទម្លាប់បែបនេះជាញឹកញាប់ពេក បំពង់រំលាយអាហារនឹងមានការរលាក ហើយមិនអាចជាសះស្បើយឡើងវិញឡើយ យូរៗទៅកោសិកាត្រង់តំបន់នេះនឹងទទួលរងនូវការខូចខាត ដែលអាចវិវត្តទៅរកជំងឺកើតជាមហារីកបានយ៉ាងងាយ។

តាមរបាយការណ៍ដែលចុះផ្សាយនៅក្នុងទស្សនវដ្តី The Lancet Medical Journal បានឲ្យដឹងទៀតថា ប្រជាជននៅប្រទេសចិន ទួកគី និងអាមេរិកខាងត្បូង ចូលចិត្តទម្លាប់ទទួលទានភេសជ្ជ:ដែលមានកម្តៅក្តៅចាប់ពី ៦៥ទៅ៧០អង្សាសេ ដូចជាកាហ្វេ ទឹកតែ… ដូច្នេះហានិភ័យនៃជំងឺមហារីកបំពង់អាហារក៏កើនឡើងផងដែរ។

លើសពីនេះ ការទទួលទានស៊ុប ឬសាច់អាំង ដែលមានកម្តៅលើ ៦៥អង្សាសេ ក៏ត្រូវបានគេចាត់ទុកជាកត្តាដែលអាចប្រឈមនឹងជំងឺមហារីកបំពង់អាហារដូចគ្នា។ ក៏ប៉ុន្តែ កុំភ្លេចថាការជក់បារីក៏ជាមូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺមហារីកដែរ។

ដូច្នេះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យកល្អអ្នកគួរតែជៀសវាងទទួលទានអាហា និងភេសជ្ជ:ក្តៅពេក រួមទាំងការជក់បារីផងដែរ៕

ប្រភព៖ soha

មតិយោបល់