Post News Media ព័ត៌មានសុខភាព អាហារពីរប្រភេ...

អាហារពីរប្រភេទដែលគ្រប់គ្នាគិតថាគ្រោះថ្នាក់ ប៉ុន្តែបើញ៉ាំត្រឹមត្រូវវាល្អសម្រាប់សុខភាព

ជាទូទៅអ្នកណាក៏ដឹងដែរថា ការសេពគ្រឿងស្រវឹង ឬញ៉ាំសាច់ក្រហមច្រើនពេកពិតជាមិនល្អសម្រាប់សុខភាពនោះឡើង ព្រោះវាអាចប៉ះពាល់ដល់សរីរាង្គខាងក្នុង ហើយត្រូវប្រឈមនឹងជំងឺមហារីក។

បើយោងតាមស្ថិតិបានបង្ហាញថា តួលេខនៃអ្នកដែលចូលចិត្តសេពគ្រឿងស្រវឹង និងទទួលទានសាច់ក្រហម ពិតជាមានច្រើនលើសលប់ ជាពិសេសនៅពេលមានកម្មវិធីជួបជុំម្តងៗ។ ក៏ប៉ុន្តែ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ការទទួលទានអាហារទាំងពីរមុខនេះបានត្រឹមត្រូវ អ្នកនឹងទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពទៅវិញ។

ស្រាវីស្គី អាចជួយការពារជំងឺមហារីក
ការទទួលទានស្រាវីស្គី អាចនាំឲ្យមានគ្រោះថ្នាក់ដល់រាងកាយដូចជា កើតជំងឺថ្លើម និងមហារីក។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាមួយបានចង្អុលបង្ហាញថា ការទទួលទានស្រាវីស្គីក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពផងដែរ ប្រសិនបើអ្នកចេះគ្រប់គ្រងការទទួលទាន។

អ្នកស្រី Jessica Cording ជាអ្នកឯកទេសផ្នែកអាហារូបត្ថម្ភបាននិយាយថា ការផឹកស្រាវីស្គី ៤កែវជារៀងរាល់សប្តាហ៍ ពិតជាល្អសម្រាប់សុខភាព។ ស្រាវីស្គី មានផ្ទុកអាស៊ីត ellagic ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម អាចសម្លាប់កោសិកាដែលបង្កទៅជាជំងឺមហារីក ឬជំងឺបេះដូង។

លើសពីនេះទៅទៀត បើយោងតាមសាកលវិទ្យាល័យ Harvard បានបង្ហាញថា ការទទួលទានស្រាកម្រិតមធ្យមអាចបង្កើនកម្រិតខ្ពស់នៃកូលេស្តេរ៉ុលល្អ HDL ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

សាច់ក្រហមអាចជួយចិញ្ចឹមកោសិកាសរសៃប្រសាទ និងកោសិកាឈាមក្រហម
បើយោងតាមការសិក្សាជាច្រើនបានបង្ហាញថា ការបរិភោគសាច់ក្រហមច្រើនអាចប្រឈមនឹងការឡើងទម្ងន់ ហានិភ័យនៃជំងឺមហារីកក្រពះពោះវៀន និងជំងឺសរសៃឈាមបេះដូង។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលទានក្នុងកម្រិតមធ្យមអាចផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ដោយសារតែសាច់ក្រហម មានផ្ទុកជាតិស័ង្កសី ប្រូតេអ៊ីន និងវីតាមីន B12 ដែលអាចជួយពង្រឹងដល់កោសិកាប្រសាទ និងកោសិកាឈាមក្រហម។

តាមការសិក្សាមួយកាលពីឆ្នាំ ២០១៥ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nutrition បានរកឃើញថា ការញ៉ាំសាច់អាំង ៧៥ក្រាមក្នុងមួយថ្ងៃ ពិតជាមានប្រយោជន៍ដល់បេះដូង។

ដូច្នេះហើយ ប្រសិនបើអ្នកចេះគ្រប់គ្រង ឬទទួលទានអាហារទាំងពីរយ៉ាងនេះឲ្យមានដែនកំណត់ វាមិនប៉ះពាល់ដល់សុខភាពនោះទេ តែផ្ទុយទៅវិញអ្នកនឹងទទួលបានអត្ថយោជន៍យ៉ាងច្រើន៕

ប្រភព៖ soha

Loading...