Post News Media ព័ត៌មានសុខភាព គុណប្រយោជន៍គួ...

គុណប្រយោជន៍គួរឲ្យភ្ញាក់ផ្អើល ៨ចំណុចនៃទឹកដោះពពែ

ទឹកដោះពពែ ប្រហែលជាមិនមានប្រជាប្រិយនៅលោកខាងលិចនោះទេ ប៉ុន្តែវាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅបណ្តោលប្រទេសផ្សេងៗជុំវិញពិភពលោក។ ការសិក្សាជាច្រើនបានកត់សម្គាល់ឃើញថា ការទទួលទានទឹកដោះពពែ គឺល្អជាងទឹកដោះគោ ដែលមានផ្ទុកបរិមាណអាស៊ីតខ្លាញ់ខ្ពស់។

ទឹកដោះពពែ ត្រូវបានគេកែច្នៃទៅជាឈីស ការ៉េម ទឹកដោះគោជូរ និងប៊ឺរ។ ទឹកដោះពពែ ត្រូវបានគេចាត់ទុកជាភេសជ្ជ:ដ៏ល្អបំផុត នៅក្នុងពិភពលោក បន្ទាប់ពីទឹកដោះម្តាយ ដែលផ្តល់អត្ថប្រយោជន៍រាប់មិនអស់។ សមាសភាពនៃទឹកដោះពពែ គឺស្រដៀងគ្នាទៅនឹងទឹកដោះម្តាយដែរ ដូច្នេះវាងាយស្រួលក្នុងការរំលាយ។

ទឹកដោះពពែ សម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានផ្ទុកជាប្រូតេអ៊ីន កាបូនអ៊ីដ្រាត ស្ករ សូដ្យូម កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម វីតាមីន A វីតាមីន B2 វីតាមីន C និងវីតាមីន D។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការទទួលទានទឹកដោះពពែ៖

ពង្រឹងដល់ឆ្អឹងឲ្យកាន់តែរឹងមាំ
ទឹកដោះពពែ ចំនួន១កែវមានផ្ទុកកាល់ស្យូមដល់ទៅ ៣២៧មីលីក្រាម ច្រើនជាងកាល់ស្យូមដែលមាននៅក្នុងទឹកដោះគោ។ ដូច្នេះ វាអាចជួយការពារបញ្ហាពុកឆ្អឹង និងជំងឺផ្សេងៗទៀត ដែលទាក់ទងទៅនឹងឆ្អឹង ព្រមទាំងជួយពង្រឹងឆ្អឹង និងធ្មេញឲ្យរឹងមាំ។

មានសមត្ថភាពប្រឆាំងនឹងការរលាក
ទឹកដោះពពែ មានឥទ្ធិពលប្រឆាំងនឹងការរលាក ដែលអាចជួយកាត់បន្ថយការរលាក និងជំងឺក្រពះ។ នេះដោយសារតែអង់ស៊ីមតែមួយគត់ ដែលគេហៅថា oligosaccharides អាចជួយព្យាបាលជំងឺរលាកពោះវៀន។ អង់ស៊ីមនេះ ក៏អាចជួយកាត់បន្ថយជំងឺរលាកពោះវៀនផងដែរ។

ជួយការពារជំងឺបេះដូង
អាស៊ីតខ្លាញ់ មានប្រយោជន៍នៅក្នុងទឹកដោះពពែ អាចជួយសម្រួលតុល្យភាពកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ។ ការទទួលទានទឹកដោះពពែ អាចជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង និងជំងឺដាច់សរសៃឈាមបេះដូង។ សារធាតុប៉ូតាស្យូមដ៏សម្បូរបែបនៅក្នុងទឹកដោះពពែ អាចកាត់បន្ថយសម្ពាធឈាម និងបន្ថយភាពតានតឹងពីបេះដូង។

ជំរុញដល់ការរំលាយអាហារ
ទឹកដោះពពែ សម្បូរសារធាតុចិញ្ចឹមច្រើនជាងទឹកដោះគោ។ ទឹកដោះពពែ១កែវ ផ្តល់នូវវីតាមីន Bចំនួន ២០ភាគរយ និងបរិមាណផូស្វ័រ ព្រមទាំងប៉ូតាស្យូមយ៉ាងសម្បើម។ ការទទួលទានទឹកដោះពពែ អាចជួយសម្រួលដល់បំពង់រំលាយអាហារបានយ៉ាងល្អប្រសើរ។

រក្សាស្បែកឲ្យមានសុខភាពល្អ
ទ្រីគ្លីសេរីដ និងអាស៊ីតខ្លាញ់ នៅក្នុងទឹកដោះពពែ មានគុណសម្បត្តិជួយផ្តល់សំណើម និងរក្សាស្បែកឲ្យមានសុខភាពល្អ។ លើសពីនេះទឹកដោះពពែ មានផ្ទុកវីតាមីន A ដែលអាចជួយធ្វើឲ្យស្បែកមានពណ៌សម្បុរភ្លឺថ្លា និងមានសុខភាពល្អ។

ជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម និងសារធាតុរ៉ែបានល្អ
សារធាតុរ៉ែ ដូចជា ជាតិដែក កាល់ស្យូម ផូស្វ័រ និងម៉ាញ៉េស្យូម ដែលមាននៅក្នុងទឹកដោះពពែ ត្រូវបានរំលាយយ៉ាងងាយ។ មួយវិញទៀត ការទទួលទានទឹកដោះពពែជាទៀងទាត់ អាចបង្កើនសមត្ថភាពរបស់រាងកាយ ក្នុងការបង្កើនប្រើប្រាស់ជាតិដែក និងជួយបង្កើនអេម៉ូក្លីប៊ីន ប្រយុទ្ធប្រឆាំងនឹងភាពស្លេកស្លាំង។

ជួយឲ្យប្រសើរឡើងនូវមុខងារខួរក្បាល
ការសិក្សាជាច្រើនបានកត់សម្គាត់ឃើញថា ជាតិខ្លាញ់នៅក្នុងទឹកដោះពពែ អាចកាត់បន្ថយភាពតានតឹងចំពោះមនុស្ស។ ជាងនេះទៅទៀតជាតិអាស៊ីត linoleic conjugated របស់វា អាចជួយដល់ការអភិវឌ្ឍន៍ខួរក្បាលចំពោះមនុស្សគ្រប់វ័យ។ ដូច្នេះ ការចាប់ផ្តើមទទួលទានទឹកដោះពពែជារៀងរាល់ថ្ងៃ អ្នកនឹងមានការចង់ចាំបានល្អ។

ពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹកដោះពពែ មានសមត្ថភាពទប់ទល់នឹងជំងឺឆ្លង ដោយសារតែមានមានបរិមាណនៃសារធាតុ ស៊ីលីញ៉ូមច្រើន។ សារធាតុរ៉ែក៏កម្រមួយនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការប្រព័ន្ធការពាររាងកាយ និងពង្រឹងប្រព័ន្ធភាពស៊ាំការពារជំងឺ និងមេរោគឆ្លងផ្សេងៗ៕

ដកស្រង់ពី៖ boldsky

Loading...